NOCC សរសើរ​ដល់​សហព័ន្ធ​លើកទម្ងន់ ដែល​បណ្តុះបណ្តាលបាន​ធនធាន សម្រាប់​ត្រៀម​ស៊ី​ហ្គេម

ទីប្រឹក្សា NOCC

ទី​ប្រឹក្សា​របស់គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា (NOCC) លោក ប៊ុយ សុភ័ណ្ឌ បាន​ធ្វើការ​វាយ​តម្លៃ​ខ្ពស់ ចំពោះការ​ខិតខំប្រឹង​ប្រែង​របស់​សហព័ន្ធ​កីឡា​លើកទម្ងន់​កម្ពុជា ដែល​បណ្តុះ​បណ្តាលបាន​នៅ​មន្រ្តី​បច្ចេក​ទេស ក្នុងការ​រួមចំណែក​អភិវឌ្ឍ​កីឡាមួយនេះ ឆ្ពោះ​ទៅ​ធ្វើម្ចាស់​ផ្ទះ​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅកម្ពុជា។

លោក ប៊ុយ សុភ័ណ្ឌ បាន​និយាយថា៖ «ខ្ញុំសូម​កោត​សរសើរ និងវាយ​តម្លៃ​ខ្ពស់ ចំពោះការ​ខិតខំប្រឹង​ប្រែង​របស់​សិក្ខាកាម ក្នុង​ការ​ទទួល​បានចំណេះ​ដឹង​ថ្មី ពាក់ព័ន្ធ​នឹង​មូល​ដ្ឋាន​គ្រឹះ​នៃការ​បង្វឹក​កីឡា​លើក​ទម្ងន់​។ យើង​អាច​និយាយ​បាន​ថា ថ្ងៃ​នេះជា​ជោគជ័យ​ថ្មី​ សម្រាប់សហព័ន្ធ ក្នុងការ​បណ្តុះ​បណ្តាល​ធនធានកីឡាលើក​ទម្ងន់ ដោយ​មានការ​បង្ហាត់បង្ហាញ​ពីជំនាញការ​អន្តរជាតិ​ ដែល​​ធ្លាប់​បានមេដាយ​មាសកម្រិត​ពិភពលោក និង​មាន​បទពិសោធ​ច្រើន​ឆ្នាំ​ ក្នុងការ​បង្វឹក»។

Category Top

NOCC

ការ​លើក​ឡើងបែបនេះ​របស់​លោក ប៊ុយ សុភ័ណ្ឌ ត្រូវ​បាន​ធ្វើ​ឡើង នៅក្នុង​ពិធីបិទ​វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកថ្នាក់ជាតិ នៅទីស្នាក់ការ NOCC កាល​ពី​ថ្ងៃទី១៧ ខែធ្នូនេះ ដោយ​វគ្គនេះមានសិក្ខាកាមចូលរួមចំនួន​២៧នាក់ និងបង្រៀនដោយគ្រូឧទ្ទេសលោក Aveenash Pandoo ជាសមាជិកគណៈកម្មការគ្រូបង្វឹក និងស្រាវជ្រាវ នៃសហព័ន្ធកីឡាលើកទម្ងន់អន្ដរជាតិ។

លោក ប៊ុយ សុភ័ណ្ឌ បានបន្ថែម​ថា៖​ «វគ្គបណ្តុះបណ្តាលនេះ ក៏នឹង​ចូល​រួម​ចំណែក​យ៉ាងសកម្ម ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​កីឡាករ កីឡាការិនី ឈាន​ឆ្ពោះ​ទៅ​ទទួលបាន​ជោគ​ជ័យ​ នៅស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជាម្ចាស់​ផ្ទះ​ ដោយខ្ញុំ​សង្ឃឹម​ថា សិក្ខាកាម​ទាំង​អស់ នឹង​យក​ចំណេះដឹង និង​បទពិសោធ​ថ្មីៗ ពី​ការ​សិក្សា​នេះ ទៅប្រើ​ប្រាស់ ដើម្បី​ជា​ប្រយោជន៍ ក្នុងការ​អភិវឌ្ឍ​កីឡា​លើក​ទម្ងន់​នៅ​កម្ពុជា»។

សិក្ខាកាមចូលរួមNOCC

ជាមួយគ្នា​នេះ លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានលើកទឹកចិត្តដល់សិក្ខាកាមជាគ្រូបង្វឹកទាំងអស់ ត្រូវរក្សាទំនាក់ទំនងល្អជាមួយជំនាញការអន្ដរជាតិ ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗ ក៏ដូចជាស្វែងយល់បន្ថែមពីចំណុចខ្វះខាត ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកថ្នាក់ជាតិ ពី​ថ្ងៃទី​១៣ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ មួយនេះ។

លោក សំ សុខយី បានបញ្ជាក់ថា ក្នុងវគ្គនេះ គ្រូឧទ្ទេសបានធ្វើបទបង្ហាញផ្ដោតសំខាន់លើការអភិវឌ្ឍ សមត្ថភាពបច្ចេកទេស ៤ចំណុច ទី​១ គ្រូបង្វឹកកីឡាលើកទម្ងន់ ត្រូវមានចំណេះដឹងលើការគ្រប់គ្រងក្លិប យល់ដឹងពីសមត្ថភាពកីឡាករ កីឡាការិនី ត្រួតពិនិត្យតាមដានលើការហ្វឹកហាត់របស់គាត់គ្រប់វិនាទី គ្រប់សកម្មភាព មានការកែតម្រូវបច្ចេកទេសភ្លាមៗ និងលើកទឹកចិត្តដល់ពួកគាត់ ឱ្យ​មានការចូលរួម និងមានឆន្ទៈឆ្ពោះ​ទៅរកគោលដៅនៃផែនការ ការប្រកួតជាបន្តបន្ទាប់។

សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល

ចំណែក​ទី​២ គ្រូបង្វឹក ត្រូវចេះរៀបចំកម្មវិធីហ្វឹកហាត់ ផែនការប្រចាំសប្តាហ៍ ប្រចាំខែ ផែនការគោលដៅ​រយៈពេលវែង មធ្យម និងរយៈខ្លី។ ទី​៣ ត្រូវមានសមត្ថភាពក្នុងការអភិវឌ្ឍបច្ចេកទេសកីឡាករ ការមើលថែពួកគាត់ និងការបង្ការបួសជាដើម។ល។ ហើយ​ទី​៤ គ្រូបង្វឹក ត្រូវយល់ពីកម្រិតនៃប្រភេទកីឡារបស់ខ្លួន ជាប្រភេទកីឡាអូឡាំពិក។ ត្រូវរក្សាបាននូវសុវត្តិភាព សុខភាព ការបង្ការ ទប់ស្កាត់មិនឱ្យ​កីឡាករ កីឡាការិនី ជាប់ពាក់ព័ន្ធនឹងសារធាតុលើកកម្លាំង ដែលជាការត្រួតពិនិត្យពី WADA។

ក្រោយចែករំលែកចំណេះដឹងពាក់ព័ន្ធប្រធានបទសំខាន់ៗខាងលើ អ្នកជំនាញអន្ដរជាតិ Aveenash Pandoo ក៏​បានបើកភ្លើងខៀវស្វាគមន៍ដល់​សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុង​វគ្គនេះ គឺអាចធ្វើការទាក់ទងទៅ​លោកផ្ទាល់ ដើម្បីសួរនាំបន្ថែម បើ​សិនជា​មាន​ចម្ងល់ ដោយលោករីករាយនឹងផ្ដល់នូវព័ត៌មាន ក៏ដូចជាបច្ចេកទេសផ្សេងៗ ពាក់ព័ន្ធនឹងកីឡាលើកទម្ងន់ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាមួយនេះ នៅកម្ពុជា៕

សិក្ខាកាមទទួលសញ្ញាប័ត្រ

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម