Martinez ថា ខ្លួន​គេ និង​មិត្តរួម​ក្រុម ត្រូវ​តែត្រៀម​​ឲ្យ​រួច​រាល់ មុន​​ប៉ះ Man City

Martinez

Lisandro Martinez បាន​និយាយ​ថា រូប​គេ និងមិត្ត​រួមក្រុម​​ Manchester United ​របស់​គេ ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​រួច​រាល់​​សម្រាប់​ការ​ប្រយុទ្ធ នៅមុន​ពេល​ការ​ប្រកួត​​ជាមួយនឹង​ក្រុម​ស្ថិតក្នុង​ទីក្រុង​តែមួយ Manchester City ហើយ​បាន​បញ្ជាក់​ថា រូប​គេ​បាន​​ប្រមូល​អារម្មណ៍​របស់​គេ​វិញ​ហើយ ក្រោយពី​ការ​ឈ្នះ​ពាន World Cup របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​។

ខ្សែ​ការ​ពារ​​កណ្តាល​រូបនេះ បាន​បង្ហាញខ្លួន​៣​ប្រកួតហើយ បើ​គិត​​ចាប់​តាំង​ពីវិល​ទៅកាន់​កីឡដ្ឋាន Old Trafford ក្រោយពីការ​ឈ្នះ​ពាន​របស់ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​នៅ​ប្រទេស​កាតា​។ រូប​គេ​បាន​​ចូល​​លេង​ក្នុង​ជម្រើស​ដំបូង ក្នុងការ​ប្រកួត​ទី​១​របស់របស់​គេ បើ​គិត​ចាប់​តាំងពី​ការ​ឈ្នះពាន World Cup ក្នុង​ពេលក្រុម​​របស់​ខ្លួន ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ៣-០ លើ​ក្រុម Charlton ក្នុងការ​ប្រកួត​ពាន League Cup វគ្គ​៨​ក្រុម​ចុងក្រោយ​។

Category Top

Martinez ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​បន្ត​សម្រាក ដើម្បី​អប​អរ​ការ​ឈ្នះពាន​របស់​អាហ្សង់ទីន និង​​បាន​អវត្ត​មាន​ក្នុង​ពេល​ក្រុម​ខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះលើ​ក្រុម Nottingham Forest និង Wolves​។ រូប​គេ​បាន​ចូល​​លេង​ក្នុង​នាម​ជា​កីឡាករ​បម្រុងនៅ​ជិត​បញ្ចប់​ការ​ប្រកួត​ចំនួន​២លើក ពោលគឺក្នុង​ពេលក្រុមខ្លួន បាន​យកឈ្នះលើក្រុម Bournemouth ក្នុងលទ្ធផល ៣-០ ដែល​ជា​ការ​​ប្រកួត​ទី​១​របស់​គេ​នៅ Man United និង​​ក្នុង​​ពេល​យកឈ្នះលើក្រុម Everton ៣-១ ក្នុង​ការ​ប្រកួត​ពាន FA Cup ជុំទី​៣​។

Man City

កីឡាករ​រូបនេះ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចូល​លេងក្នុង​​ជម្រើស​ដំបូង​ពេល​ប្រកួត​ជា​មួយនឹងក្រុម Man City នៅ​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ ដែល​​​ជា​ការ​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​នៃក្រប​ខ័ណ្ឌ Premier League ជាលើក​ទី​១​របស់​គេ បើ​គិត​ចាប់​តាំង​ពេល​ក្រុមខ្លួន​បានឈ្នះ​លើ​ក្រុម West Ham ក្នុងលទ្ធផល ១-០ កាលពី​ខែ​តុលា​។

ក្នុង​ពេលផ្តល់​សម្ភាសន៍ Martinez បានធ្វើការ​ពន្យល់​ពីការ​ត្រៀម​ខ្លួន​របស់​គេ ​សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់នៅ​ចុង​សប្តាហ៍នេះ​។

ខ្សែ​ការ​ពារ​រូប​នេះ​បាន​ឲ្យដឹងថា៖ «វា​ជា​រឿង​ដ៏​គួរ​ឲ្យ​រីករាយដ៏ពិត​ប្រាកដ​។ ខ្ញុំពិត​ជា​រំភើប​ណាស់​។ ខ្ញុំ​ពិបាករក​ពាក្យ​អ្វី​​ដែលអាច​រៀប​រាប់​ពី​​អារម្មណ៍​របស់ខ្ញុំណាស់ បន្ទាប់ពីក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពិភព​លោក​។ ពេល​នេះ​ខ្ញុំ​​វិល​មក​វិញ​ហើយ និង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​។ យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​​ឲ្យ​បាន​រួច​រាល់ ​ហើយ​យើង​ត្រូវ​តែ​ដណ្តើម​ឲ្យ​បាន​ជ័យ​ជម្នះ​លើ​ក្រុម Man City​»​៕

ប្រភព​ព័ត៌​មាន៖ manchestereveningnews

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម