FFC ប្រកាស​បញ្ជី​ឈ្មោះកីឡាករ​​ត្រូវ​ប្រកួត​ពាន AFF ខណៈ​​កម្ពុជា ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះ ពេល​ជួប​ហ្វីលីពីន និងប្រ៊ុយណេ

ក្រុមជម្រើសជាតិកម្ពុជា

សហព័ន្ធ​កីឡាបាល់​ទាត់កម្ពុជា (FFC) បានប្រកាស​ជា​ផ្លូវ​ការ​នូវបញ្ជី​ឈ្មោះ​កីឡាករ​ក្រុម​ជម្រើសជាតិបាល់ទាត់កម្ពុជា ដែល​ត្រូវ​ចូល​រួមប្រកួតពានរង្វាន់​ AFF Mitsubishi Electric Cup 2022 កាលពី​ព្រឹក​មិញនេះ ខណៈព្រឹត្តិការណ៍​​នេះ កម្ពុជា ក៏នឹង​ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះ​ចំនួន​២​ប្រកួត ពេលជួបក្រុមជម្រើសជាតិហ្វីលីពីន និង​ប្រ៊ុយណេ ផងដែរ។

តាម​បញ្ជី​ឈ្មោះ​កីឡា​ករ​ទាំង​២៤​នាក់នេះ បាន​បង្ហាញ​ថា ​កីឡាករ​ល្អៗ ដែល​បាន​បង្ហាញ​ទម្រង់លេង​យ៉ាង​ល្អ ក្នុងការ​ប្រកួត​លីគកំពូលកម្ពុជា សុទ្ធតែ​បានជាប់ នៅក្នុងបញ្ជីឈ្មោះ​ចុង​ក្រោយនេះ ព្រោះ​ខ្សែ​ការពារ ទេស សម្បត្តិ, ឆេង ម៉េង ខ្សែ​បម្រើ អ៊ន ចាន់ប៉ូលីន, ប៊ីន ចន្ថាជារី, សុះ ស៊ូហាណា ខ្សែ​ប្រយុទ្ធ កែវ សុខផេង និង​ ម៉ាត់ នូរុណ ដែលបាន​ធ្លាក់ ក្នុងការ​ធ្វើ​តេស្តកម្លាំង (30-15 IFT test) កាលប្រមូល​ផ្តុំ​លើក​មុន​នោះ សុទ្ធតែ​បាន​ជាប់​ក្នុង​ក្រុម​ជម្រើសជាតិ​វិញ។

Category Top

កីឡាករកម្ពុជា

ជាមួយគ្នា​នេះអតីតខ្សែ​ការពារ​របស់​ភ្នំពេញ​ក្រោន កុក បូរីស ដែល​ទើប​បញ្ចប់កុងត្រា​លេង​ឱ្យក្លិប Sarawak United FC របស់​ម៉ាឡេស៊ី​នោះ ក៏បានជាប់នៅក្នុង​បញ្ជី​ឈ្មោះ​ជម្រើសជាតិ​លើកនេះ​ផងដែរ ខណៈ​កីឡាករ​ខ្មែរ-អាមេរិក ថេឡរ នីកូឡាសឌឿង ដែល​គ្រប់គ្នា​ចង់​ឃើញ​ការ​បង្ហាញខ្លួន​របស់គេ​ជា​លើក​ទី​២ឱ្យ​ក្រុមជម្រើសជាតិ​កម្ពុជា​ ទៀត​នោះ ក៏​បានជាប់​ក្នុង​បញ្ជី​ឈ្មោះ​ចុងក្រោយនេះ​ផងដែរ គឺ​មានន័យ​ថា ការ​ប្រកួត​ពាន AFF AFF Mitsubishi Electric Cup 2022 វា​បាន​ក្លាយជា​ព្រឹត្តិការណ៍​លើកដំបូង ដែល​កូនខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស ប៊ីន ចន្ថាជារី, កុក បូរីស និង​ ថេឡរ នីកូឡាសឌឿង បាន​លេង​ជាមួយគ្នា តំណាង​ឱ្យ​ជាតិ​របស់​ខ្លួន។

សម្រាប់ការ​ប្រកួត​ពាន​រង្វាន់ AFF Mitsubishi Electric Cup 2022 នេះ ក្រុមជម្រើសជាតិ​កម្ពុជា ឈរ​នៅពូលA ជាមួយ​ក្រុម​ជម្រើស​ជាតិ​ថៃ ​ឥណ្ឌូនេស៊ី ​ហ្វីលីពីន និង​ប្រ៊ុយណេ ខណៈ​ពូល​​B មាន​វៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ។

ជម្រើសជាតិកម្ពុជា

ជាមួយ​គ្នា​នេះ ដោយសារ​ការ​ប្រកួតនេះ ប្រើរូបមន្តប្រកួតថ្មី ដោយតម្រូវ​ក្រុម​ឱ្យចូល​រួម​ទាំង​អស់ មានឱកាស​ធ្វើ​ម្ចាស់​ផ្ទះ​ដូចគ្នា​នោះ ដូច្នេះ​ការ​ប្រកួត​បើក​ឆាក​ជាមួយ​ ហ្វីលីពីន នៅ​ថ្ងៃទី​២០ និងការជួបក្រុមប្រ៊ុយ​ណេ នៅថ្ងៃទី​​២៩ ខែធ្នូនេះ  គឺ​កម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ដោយការ​ប្រកួតទាំង​២​នេះ ត្រូវ​ធ្វើ​នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ ដូចគ្នា តែ​ការ​ជួប​ក្រុម​​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ​២០២២ និង​ប៉ះក្រុម​ថៃ នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៣ គឺ​កម្ពុជា ត្រូវ​ធ្វើដំណើរ​ទៅប្រកួត នៅ​លើទឹក​ដី​របស់ប្រទេសទាំង​២​នេះ​៕

តារាងបញ្ជីឈ្មោះជម្រើសជាតិកម្ពុជា

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម