CAMSOC ​ត្រួតពិនិត្យ​កងកម្លាំង ត្រូវ​ដាក់​ឱ្យការពារ នៅស៊ីហ្គេម ខណៈប្រទេស-​ស្ថាប័ន​ចំនួន៨ បាន​គាំទ្រលើ​កិច្ចការនេះ

លោក ទៀ បាញ់

គណៈកម្មាធិការជាតិរៀបចំ​ការ​ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ក្រោមគណៈ​អធិបតី​ភាព​របស់​លោក​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការពារជាតិ ទៀ បាញ់ ដែលជា​ប្រធាន បាន​ធ្វើការ​ត្រួត​ពិនិត្យ និងសំណេះសំណាល​កង​កម្លាំង​ការពារ​សន្តិសុខ​​សណ្ដាប់ធ្នាប់ ក្នុង​លក្ខណៈ​ទ្រង់ទ្រាយធំ ដើម្បី​ត្រៀម​ការ​ពារ​សុវត្ថិភាព សម្រាប់​ស៊ីហ្គេម លើក​ទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ​២០២៣ ខាងមុខនេះ។

នៅ​ក្នុងពិធី​ត្រួត​ពិនិត្យ និងសំណេះសំណាល​កងកម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីព្រឹក​ថ្ងៃទី​១៩ ខែមករានេះ គឺ​មាន​ការ​ចូលរួមពីកងកម្លាំង​ចំនួ​ន​៤៧៤៣នាក់ រួម​មាន​នគរបាល, កងរាជ​អាវុធហត្ថ, បញ្ជាការដ្ឋានអង្គរក្ស, កងទ័ព, ក្រសួង​សុខាភិបាល, អគ្គិសនី​កម្ពុជា ចំណែក​​មធ្យោបាយ ឧបករណ៍សម្ភារគ្រប់ប្រភេទ រួមមាន​ម៉ូតូ១៦៣គ្រឿង, រថយន្ត​២៤៤​គ្រឿង, រថយន្តធុនស្រាល​​១៧៧គ្រឿង, រថយន្តធុនធ្ងន់៥៩​គ្រឿង និង​​រថយន្ត​​សុវត្ថិភាព​​ចំនួន​៨គ្រឿង។

Category Top

មេដឹកនាំ Camsoc

ជាមួយគ្នានោះ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈ​កម្មការសណ្ដាប់​ធ្នាប់ CAMSOC បានឱ្យ​ដឹង​ថា មាន​ប្រទេស និង​ស្ថាប័នសរុប​ចំនួន៨ បានចូល​រួម​​គាំទ្រ​ដល់​​កិច្ច​ការ​ការពារសន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍​ប្រកួត​ស៊ីហ្គេម និង​អាស៊ាន​​ប៉ារ៉ាហ្គេម ដែល​​​​កម្ពុជា ត្រូវ​ធ្វើ​ជាម្ចាស់​ផ្ទះនេះដែរ។

លោក​ថ្លែង​ថា៖ «មានប្រទេស-ស្ថាប័ន ចំនួន៨ បានផ្ដល់កិច្ចសហការគាំទ្រ ដល់​កិច្ច​​ការពារ​​សន្តិសុខ សម្រាប់​ព្រឹត្តិការណ៍សំខាន់ៗ នៅកម្ពុជា រួមទាំង​ព្រឹត្តិការណ៍​ប្រកួត​​ស៊ីហ្គេម លើកទី​៣២ និង​អាស៊ានប៉ារ៉ាហ្គេម លើកទី១២ មានជាអាទិ៍ ប្រទេសអូស្រ្តាលី ចិន ជប៉ុន វៀតណាម សិង្ហបុរី ស្ថាប័ន INTERPOL ស្ថាប័ន FBT និង ASEANAPOL ដែល​ក្នុងនោះ​បាន​ផ្ដល់​ជំនួយ និង​ការ​គាំទ្ររួចមកហើយ មានដូចជា ប្រទេសជប៉ុន ចិន និងវៀតណាម បាន​ផ្ដល់​ជា​មធ្យោ​​បាយឧបករណ៍ សម្ភារបច្ចេកទេសបម្រើឱ្យកិច្ចប្រតិបត្តិការរក្សាសន្តិសុខ និង​សណ្ដាប់​ធ្នាប់»។

ក្រុមកម្លាំងការពារ

លោក​បានបន្ថែម​​ថា៖ «ចំណែក FBI បានធ្វើការផ្លាស់ប្ដូរបទពិសោធន៍ តាម​រយៈ​ការ​បញ្ជូនរូបភាព និងសំឡេង ពី​ចម្ងាយ រីឯ​នគរបាលសិង្ហបុរី, ក្រសួងនគរបាលវៀតណាម និង​ក្រសួង​សន្តិសុខសាធារណៈចិន បាន​ផ្ដល់ទីប្រឹក្សា និងអ្នកជំនាញឯកទេស រួម​ទាំង​គ្រូបង្គោល​មក​ចូលរួម​ផ្ដល់​យោបល់​ផ្លាស់ប្ដូរ​បទ​ពិសោធន៍ និងធ្វើការ​បណ្ដុះ​បណ្ដាល​ជំនាញ​អន្តរាគមន៍ ដោះស្រាយយ​ថា​ហេតុ ជំនាញ​ការ​ពារ​​ផ្ទាល់ និងអមក្បួន»។

ក្រៅ​ពីនេះ លោកអគ្គស្នងការនគរបាលជាតិ បានឱ្យ​ដឹង​ទៀត​ថា កម្ពុជា​បាន​បញ្ជូន​គណៈ​ប្រតិភូ​​ទៅ​​សង្កេតការណ៍ និង​ដកស្រង់​បទពិសោធន៍​ការងារ​ការពារ​សន្តិសុខ ក្នុងអំឡុង​ពេល​ប្រកួត​​ព្រឹត្តិការណ៍​​កីឡា​ស៊ីហ្គេម លើកទី៣១ នៅ​វៀតណាម​ ​កន្លងមក ព្រមទាំង​បាន​ពង្រឹង​យន្ត​ការ​​ទំនាក់ទំនង​ព័ត៌មាន ជាមួយប្រទេស-ស្ថាប័ន ជាដៃ​គូសហ​ប្រតិបត្តិ​ការ​ក្នុង និង​ក្រៅ​តំបន់ ដើម្បី​​ប្រមូល​​​ព័ត៌មាន​​សន្តិសុខ បម្រើ​ឱ្យ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣។

កម្លាំងការពារ

ទន្ទឹមនឹងនោះ លោកឧបនាយក​រដ្ឋមន្រ្តី ទៀ បាញ់ ជា​ប្រធាន​ CAMSOC បាន​ធ្វើការ​វាយ​តម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រែង​​របស់​គណៈ​កម្មការសណ្ដាប់​ធ្នាប់ ដឹកនាំដោយលោក នេត សាវឿន ដែល​បាន​សហការ​គ្នា​​ជាមួយ​​​គណៈកម្មការ​ពាក់ព័ន្ធ​របស់ CAMSOC ក្នុ​ងការ​យកចិត្ត​ទុក​ដាក់​រៀបចំ​ផែន​ការ​​ការពារ ទាំង​កម្លាំង​សរុប មធ្យោបាយ​សរុប និង​បានធ្វើ​កិច្ច​សហការ​យ៉ាង​ជិត​ស្និទ្ធ​​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ ពិសេសសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេសជាមិត្ត និងដៃ​គូ​នានា បាន​នាំ​​មក​នូវ​ការ​គាំទ្រ និង​ជំនួយ​​ឧបត្ថម្ភ​យ៉ាងច្រើន សម្រាប់​ពង្រឹង​សមត្ថភាព ដល់​កង​រក្សាការពារ​សុវត្ថិ​ភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ា​ហ្គេម ខាងមុខ។

បន្ថែម​លើនេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​រូបនេះ បាន​លើកទឹក​ចិត្ត និងណែនាំ​​ឱ្យ​​​គ្រប់​កងកម្លាំងទាំងអស់ ត្រូវ​អនុវត្តភារ​កិច្ច​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​ធ្វើ​ជា​គំរូ​ល្អ ក្នុងការរក្សាការពារ​សុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ សម្រាប់​ភ្ញៀវជាតិ និង​អន្តរជាតិ ដែលនឹង​មក​ចូល​រួម​ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ព្រោះ​​​គិតត្រឹម​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២៣ គឺ​ព្រឹត្តិការណ៍ស៊ីហ្គេម នៅសល់​ពេល​តែ​១០៦​​ថ្ងៃ​ប៉ុណ្ណោះ។

កងអង្គរក្ស

លោក​បាន​ថ្លែង​ថា៖ «គណៈកម្មាធិការជាតិ CAMSOC ចង់​​បង្ហាញ និង​ផ្សព្វផ្សាយ​ឱ្យ​មតិ​សាធារណ​​ជាតិ និង​អន្តរជាតិបានជ្រាបថា កម្ពុជា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ក្នុង​ការធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ ការប្រកួត កីឡា​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម តាមរយៈការត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍​​សម្ភា​រ​​គ្រប់​ប្រភេទ សម្រាប់​​ធានា​នូវ សុខសុវត្ថិភាព និងភាពកក់ក្ដៅ ជូន​ដល់​ប្រតិ​ភូ​កីឡា ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិ​បាល​ទាំង​១១ប្រទេស មន្ដ្រី កីឡាអន្តរជាតិមកពី​ជុំវិញ​ពិភពលោក ថ្នាក់​​ដឹកនាំ​​ចលនា​អូឡាំពិក​​ពិភព​លោក និងអ្នកគាំទ្រទេសចរណ៍ រាប់ម៉ឺននាក់ មក​ចូល​រួម​​នៅ​កម្ពុជា»។

«កម្លាំងការពារទាំងអស់ ត្រូវអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើ​ជា​គំរូ​​ល្អ​​នៅ​គ្រប់ទិដ្ឋភាព គ្រប់កាយវិការ គ្រប់ពេលវេលា គ្រប់ទីកន្លែង និង​ផ្ដល់​ស្នាមញញឹម​រួសរាយ​រាក់​ទាក់ តាម​អភិក្រម «សុវត្ថិភាពរបស់អ្នក គឺជាកាតព្វកិច្ចរបស់ខ្ញុំ» ព្រមទាំង​ជួយ​ផ្សព្វ​ផ្សាយ​លើក​​ទឹកចិត្ត​ដល់​យុវជន និងប្រជាពលរដ្ឋចូលរួមគាំទ្រ និងស្នេហាវិស័យកីឡា ក្រោមពាក្យស្លោក កីឡារស់ក្នុង​សន្តិភាព, ប្រជាជនម្នាក់លេងកីឡាមួយមុខ, កម្ពុជា​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ និង កម្ពុជា​ស្អាត»។ លោក​ ទៀ បាញ់ បានបញ្ជាក់បន្ថែម៕

កម្លាំងប្រដាប់អាវុធ

ក្រុមកងកម្លាំង

កងទ័ព

ក្បួនម៉ូតូ

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម