អាល្លឺម៉ង់ ត្រៀមខ្លួន​រួច​រាល់​​ដើម្បី​ស្តារ​មុខ​មាត់​វិញ​នៅ​កាតា ក្រោយពី​ការ​ខក​ចិត្ត​ក្នុង​ឆ្នាំ​២០១៨

Germany

ក្រុម​បាល់ទាត់ជម្រើស​ជាតិ​​អាល្លឺម៉ង់ ដែលមានរហស្ស​នាម​ថា ឥន្ទ្រី​ស្លាប​ដែក កំពុង​តែ​សង្ឃឹមថា អាច​លុប​ចោល​​ការ​ចង​ចាំ​​ដ៏​ខកចិត្តរបស់ពួក​គេ ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៨ នៅពេល​ដែលពួកគេ​ចាប់​ផ្តើម​យុទ្ធនា​ការ​របស់ពួកគេក្នុង​ប្រទេស​កាតា ដោយ​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើស​ជាតិ​ជប៉ុន នៅ​រាត្រី​ថ្ងៃពុធ ទី​២៣ ខែ​វិច្ឆិកា​​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ប្រធានក្រុម Joshua Kimmich​។

ក្រុមម្ចាស់​​ជើង​ឯក​​ពិភព​លោក​៤​សម័យកាលមួយនេះ បានជួប​ភាព​អាម៉ាស់ កាលពី​៤ឆ្នាំមុន ក្នុង​ប្រទេស​រុស្ស៊ី តាមរយៈ​ការ​ធ្លាក់​ចេញត្រឹម​វគ្គ​ចែកពូល ជាលើក​ដំបូង ក្នុង​​ប្រវត្តិសាស្ត្រ​ដ៏ត្រចះ​ត្រចង់​របស់ពួក​គេ​។ ក្រុម​ជម្រើស​ជាតិអាល្លឺម៉ង់ នឹង​​​សម្លឹង​រក​ការ​ទម្លាក់​ការ​ខកចិត្ត​របស់ពួក​គេ លើក្រុម​ជម្រើស​ជាតិ​ជប៉ុន ក្នុង​ការ​ប្រកួត​បើកឆាក​របស់ពួក​គេ ក្នុងពូល E ហើយខ្សែ​បម្រើ Kimmich បាននិយាយ​ថា ការ​ជឿជាក់​របស់ពួក​គេ​នៅមុន​ពេល​ការ​ប្រកួតនេះ ពិត​ជា​ធំ​ធេង​ណាស់​។

Category Top

Johau

កីឡាករ​របស់​ក្លិប Bayern Munich រូបនេះ បាន​ឲ្យដឹងថា៖ «យើង​ដឹង​​ថា ​អ្វី​ដែល​បានកើតឡើង​កាលពី​៤​ឆ្នាំមុន ពិត​ជា​ផ្តល់ការ​ខកចិត្ត ហេតុនេះ យើង​បាន​រង់​ចាំ​​អស់​រយៈពេល​ជាយូរ​។ ការប្រកួត​ទី​១ ពិត​ជា​សំខាន់ណាស់​។ យើង​បាន​ចាញ់​ការ​ប្រកួត​ទី​១​របស់​យើង​ក្នុង Euro ហើយ​យើ​ងមិន​បាន​ឈ្នះ​យុទ្ធ​នាការ​នេះឡើយ ហេតុនេះ ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​ឈ្នះនៅ​ថ្ងៃស្អែក​នេះ (ថ្ងៃ​ពុធ)​»​។

អាល្លឺម៉ង់ នឹង​អវត្ត​មាន​តារាឆ្នើម Leroy Sane ក្នុង​ពេល​ប៉ះ​ជាមួយនឹងក្រុមជម្រើស​ជាតិ​ជប៉ុន ក្រោយពី​ពីខ្សែ​បម្រើស្លាប​រូបនេះ ត្រូវ​បាន​ប្រកាស​កាលពីថ្ងៃ​អង្គារថា បាន​រង​របួស​ជង្គង់​។ លោក Hansi Flick ដែល​ជា​គ្រូបង្វឹក​ បាននិយាយ​ថា Sane អាច​នឹង​វិល​ចូល​លេង​វិញ ក្នុងការ​ប្រកួត​ទី​២​របស់​អាល្លឺ​ម៉ង់ ក្នុងពេល​ប៉ះ​អេ​ស្ប៉ាញ នៅ​ថ្ងៃ​អាទិត្យ ចុងសប្តាហ៍​នេះ ប៉ុន្តែ ស្រប​ពេល​ជាមួយ​គ្នានេះ លោក​អាច​នឹង​ដាក់​ឲ្យ Thomas Mueller លេងក្នុង​តំបន់បម្រើ​ស្លាប​៕

ប្រភព​ព័ត៌​មាន៖ AFP

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម