សហព័ន្ធ​ទ្រីយ៉ាត្លុង យកការ​ប្រកួត​ថ្នាក់ជាតិ សម្រួចលើវិញ្ញាសាអាគ័តត្លុង ដើម្បីបង្កើនក្តីសង្ឃឹម ដណ្តើម​មេដាយ នៅស៊ីហ្គេម

ការប្រកួតទ្រីយ៉ាត្លុង

សហព័ន្ធ​កីឡាទ្រីយ៉ាត្លុង​កម្ពុជា បាន​យក​ការប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ដែល​ត្រូវធ្វើ នៅថ្ងៃពុធ​ និងថ្ងៃព្រហស្បតិ៍នេះ ដើម្បី​​ពង្រឹង​លើ​​វិញ្ញាសាអាគ័តត្លុង ដើម្បី​បង្កើនក្តីសង្ឃឹមកាន់តែខ្ពស់ ក្នុងការ​អាច​ឈានទៅដណ្តើមបាន​មេដាយជូនជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ​២០២៣។

សម្រា​ប់​ការ​ប្រកួតថ្នាក់ជាតិ​រយៈពេល​២ថ្ងៃ នៅខេត្តកែបនេះ សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង មិន​បាន​ដាក់​ឱ្យ​មានការ​ប្រកួត​វិញ្ញាសាជាគោល ទ្រីយ៉ាត្លុង និងឌូអាត្លុង នោះ​ទេ ដោយសម្រួចតែទៅលើវិញ្ញាសា អាគ័តត្លុង ប៉ុណ្ណោះ ខណៈ​អាគ័តត្លុងនេះ ជាវិញ្ញាសាដំបូងជាប្រវត្តិសាស្ត្រ ដែលត្រូវបានដាក់បញ្ជូលដោយម្ចាស់ផ្ទះកម្ពុជា សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

Category Top

សម្រាប់ការខិតខំតស៊ូមតិ រហូតបានដាក់​វិញ្ញាសាអាគ័តត្លុង ទៅ​ក្នុងបញ្ជីការប្រកួតស៊ីហ្គេម ឆ្នាំ​២០២៣នេះ លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បាន​អះអាងថា ដោយសារតែវិញ្ញាសានេះ ត្រូវបានដាក់បញ្ជូលដំបូងដោយម្ចាស់ផ្ទះ កម្ពុជា ទើបសហព័ន្ធ​ខិតខំបង្កើនការហ្វឹកហាត់ដល់ក្រុមជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជា ជាពិសេសការប្រកួតជើង​ឯក​​ថ្នា​ក់ជាតិ ប្រចាំឆ្នាំ២០២២ គឺសហព័ន្ធរៀបចំតែវិញ្ញាសាអាគ័តត្លុង ប៉ុណ្ណោះ ដើម្បី​ជា​ការ​វាស់ស្ទង់គុណភាពបច្ចេកទេស របស់អត្តពលិកចុងក្រោយគេ មុនឈានដល់ស៊ីហ្គេម ២០២៣។

កីឡាទ្រីយ៉ាត្លុង

លោក​បាន​បន្ថែម​ថា៖ «សហព័ន្ធនឹងប្រើប្រាស់ក្រុមជម្រើសជាតិទាំងអស់ ចូលរួមប្រកួតជាមួយកីឡាករ កីឡាការិនី មកពីបណ្តាក្លិបនានាទូទាំងប្រទេស ដើម្បីពង្រឹងគុណភាពបន្ថែមទៀត។ ការប្រកួត យើងផ្តោតលើវិញ្ញាសា Aquathlon នេះ ព្រោះយើងបានដាក់បញ្ចូលដំបូងគេ ក្នុងស៊ីហ្គេម វិញ្ញាសា Aquathlon មិនធ្លាប់មានក្នុងស៊ីហ្គេមទេ»។

ចំពោះ​ការ​ប្រកួត​អាគ័តត្លុងនេះ គឺ​មានវិញ្ញាសា​អាគ័តត្លុង Sprint Aquathlon បុរស-នារី (ហែលទឹក 500ម៉ែត្រ+រត់ ២,៥ គីឡូម៉ែត្រ និង​វិញ្ញាសា Standard Aquathlon បុរស-នារី-ថ្នាល (ហែលទឹក ១០០០ម៉ែត្រ + រត់ ៥គីឡូម៉ែត្រ) សរុប ៥វិញ្ញាសា។ ក្រៅពីផ្តោតសំខាន់លើគុណភាពកីឡាករ កីឡាការិនី សហព័ន្ធ ក៏​ផ្តោតសំខាន់លើការពង្រឹងមន្ត្រីបច្ចេកទេស ក្នុងការរៀបចំការប្រកួតព្រឹត្តិការណ៍ផងដែរ ដើម្បីសម្រួចគុណភាព ទាំងអត្តពលិក និងមន្ត្រីបច្ចេកទេស ជាង ៤០នាក់ ត្រៀមឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ​២០២៣។

ជាមួយគ្នា​នេះ លោក ងិន សុខបញ្ញា បាន​បញ្ជាក់​ថា ទោះបីជាការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ មិនដាក់វិញ្ញាសាទ្រីយ៉ាត្លុង និងឌូអាត្លុងក្តី ក៏សហព័ន្ធនៅតែពង្រឹងការហ្វឹកហាត់ត្រៀមឆ្ពោះទៅស៊ីហ្គេម ២០២៣ ដូចគ្នា។

ពិធីប្រកួតកីឡាទ្រីយ៉ាត្លុង

គួរបញ្ជាក់ថា ៧វិញ្ញាសា ដែលត្រៀមដាក់បញ្ជូលក្នុងស៊ីហ្គេម ឆ្នាំ២០២៣ មានដូចជា វិញ្ញាសាអាគ័រត្លុង ឯកត្តជនបុរស-នារី ដោយត្រូវហែលទឹក ៥០០ម៉ែត្រ រត់ចម្ងាយ ២,៥គីឡូម៉ែត្រ, វិញ្ញាសាក្រុម អាគ័រត្លុង បុរស២នាក់-នារី២នាក់ មានហែលទឹក ៥០០ម៉ែត្រ រត់ចម្ងាយ ២,៥គីឡូម៉ែត្រ, វិញ្ញាសា ឌូយ៉ាត្លុង ឯកត្តជនបុរស រត់ចម្ងាយ ៥គីឡូម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ រត់ចម្ងាយ ២,៥គីឡូម៉ែត្រ, វិញ្ញាសា ឌូយ៉ាត្លុង ឯកត្តជននារី រត់ចម្ងាយ ៥គីឡូម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ និងចុងក្រោយ រត់ចម្ងាយ ២,៥គីឡូម៉ែត្រ, វិញ្ញាសា ទ្រីយ៉ាត្លុង ឯកត្តជនបុរស-នារី ហែលទឹក ៧៥០ម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ រត់ចម្ងាយ ៥គីឡូម៉ែត្រ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម