សហព័ន្ធ​ទូកក្តោង រកឃើញ​ជើងខ្លាំង​ថ្នាក់ជាតិ ប្រចាំ​ឆ្នាំ​២០២៣ មុន​ធ្វើម្ចាស់ផ្ទះ​ស៊ីហ្គេម នៅខែឧសភា

ការប្រកួតទូកក្តោង

សហព័ន្ធកីឡាទូកក្តោងកម្ពុជា បាន​សម្រិតសម្រាំង​រក​ឃើញ​កីឡាករ កីឡាការិនី​ជា​ម្ចាស់​ជយលាភី សម្រាប់​ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ជា​ផ្លូវការ​ហើយមន្ត្រីបច្ចេកទេស បានអះអាងថា ការ​ប្រកួត​ថ្នាក់ជាតិនេះ ត្រូវបាន​ធ្វើ​ឡើង​ដោយ​តម្លាភាព និង​​យុត្តិធម៌ ដើម្បីជា​ការ​តម្រង់ទិស ឆ្ពោះទៅ​ធ្វើម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី​៣២ នា​ខែ​ឧសភា ឆ្នាំ​២០២៣នេះ។

ដោយមាន​ការ​ចូល​រួម​ផ្ទាល់ ពីសំណាក់​លោកឧត្តមនាវីទោ នួន សុធី មេបញ្ជាការរង​នៃ​បញ្ជា​ការ​ដ្ឋានមូលដ្នានសមុទ្រ និងលោក ម៉ុក សារឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា រួមទាំង​លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ ជាតំណាងឱ្យ​លោក ថោង រដ្ឋសក្តិ ប្រធានស្តីទីនៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា គឺ​ការ​ប្រកួត​កីឡា​ទូក​ក្តោង​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ២០២៣នេះ មានកីឡាករ កីឡាការិនី​ចូលរួមសរុបចំនួន​២៧​នាក់ ហើយពួកគេ ត្រូវបាន​បែងចែក​ឱ្យប្រកួត​ទៅតាមជំនាញ ជាមួយប្រភេទវិញ្ញាសា​ចំនួន៥។

Category Top

កីឡាទូកក្តោង

តាម​រយៈការ​ប្រកួតប្រជែង នៅឆ្នេររាម ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយ​ចាប់តាំងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា​នេះ គឺ​វិញ្ញាសា Windsurfing Open ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ កែវ ភារុណ លេខ២ កីឡាករ ប៉ាល់ សិលា លេខ៣ កីឡាករ កែវ ភានុន រីឯ​វិញ្ញាសា Windsurfing Techno Open លេខ១ បានទៅលើកីឡាករ គង់ សំរេច លេខ២ កីឡាករ ព្រំ វណ្ឌី និង​លេខ៣ កីឡាករ ម៉ុញ ផាន់ណះ។

ចំណែកការប្រកួត​វិញ្ញាសា ILCA Open ចំណាត់ថ្នាក់លេខ​១ ​បានទៅលើកីឡាករ ញ៉ូវ ចាន់ លេខ២ កីឡាករ ស៊ុន ចាន់ឌឿន លេខ៣ កីឡាការិនី សម្បត្តិ ចនសាន់ ហើយ​វិញ្ញាសា Byte Boat Open លេខ១ កីឡាករ ចាន់ សុខវាសនា លេខ២ កីឡាករ  ធុច លីអ៊ីង លេខ៣ កីឡាករ មាច ឫទ្ធីវង្ស។ ចំពោះ​វិញ្ញាសា Optimist  Open វិញ លេខ១ បានទៅលើកីឡាករ ទិត សុវណ្ណា លេខ២ កីឡាករ បូ សំអ៊ី និង​លេខ៣ កីឡាការិនី ធឿន ដាវីត។

សម្រាប់ការប្រកួតថ្នាក់ជាតិ ឆ្នាំ​២០២៣នេះ លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ​សហព័ន្ធ​កីឡាទូកក្តោង​កម្ពុជា ​បានអះអាង​ថា កីឡាករ កីឡាការិនី​បាន​យកចិត្តទុកដាក់ ខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុង​ការ​ប្រកួតប្រជែង​គ្នា ចំណែក​លទ្ធផល​ជា​បច្ចេកទេស គឺ​ឈរ​លើ​ស្មារតី​សាមគ្គី​ភាព ដោយ​បាន​អនុវត្តតាមគោលការណ៍យុត្តិធម៌ ( Fair Play)។

លោក​បន្ថែម​ថា៖ «នេះ​ជាការប្រកួតដ៏មានសារៈសំខាន់មួយ សម្រាប់​ការ​បន្ត​កសាង​សមត្ថភាព គុណភាព ទេពកោសល្យ និងវិជ្ជាជីវៈ​របស់កីឡាករ កីឡាការិនី ជាពិសេស​គឺ​ជា​ការ​វាស់​ស្ទង់​សមត្ថភាពរបស់មន្រ្តីបច្ចេកទេស និងចៅក្រម​របស់​សហព័ន្ធ ក្រោម​ការ​ជួយ​គាំទ្រ​របស់​ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញ និង​អភិវឌ្ឍវិស័យកីឡាទូកក្តោងនៅកម្ពុជា ក្នុង​ការ​ត្រៀម​ខ្លួន​ជាស្រេច សម្រាប់​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ»៕

កម្មវិធីប្រកួតទូកក្តោង

ពិធីបំពាក់មេដាយ

ក្រុមកីឡាករ

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម