សហព័ន្ធថ្មី​មួយ​ ត្រូវ​បានបង្កើតឡើង ក្នុងករណីចាំបាច់ ដើម្បី​ជួយ​រៀបចំ​​ការ​ធ្វើ​ម្ចាស់​ផ្ទះ ស៊ីហ្គេម នៅ​កម្ពុជា

លោក អ៊ុក សិទ្ធិជាតិ

សហព័ន្ធ​កីឡាជាតិ​ថ្មីមួយទៀត ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា បាន​អនុញ្ញាតឱ្យបង្កើតឡើង ក្នុងករណី​បន្ទាន់ និងចាំ​បាច់​ ដើម្បី​រួម​ចំណែក​​ចូល​​រួមការប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែលកម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ នៅ​ក្នុង​ខែ​ឧសភា ខាង​មុខ​នេះ។

សហព័ន្ធ​កីឡាឧបសគ្គកម្ពុជា គឺ​ជា​សហព័ន្ធ​ថ្មី ដែលទើប​​ត្រូវ​​បង្កើត​ឡើង កាល​ពី​ពេលថ្មីៗនេះ ហើយ​​លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃ​​ក្រសួងអប់រំ យុវជន និងកីឡា អះអាងថា វាជា​ការចាំបាច់ ដោយសារ​ប្រភេទកីឡាឧបសគ្គនេះ ត្រូវ​គណៈកម្មាធិការជាតិរៀបចំការ​ប្រកួតកីឡា​អាស៊ីអាគ្នេយ៍ លើកទី​៣២ ឆ្នាំ​២០២៣ (CAMSOC)​ ដាក់​​ឱ្យមាន​ការ​ប្រកួត នៅស៊ីហ្គេម លើកនេះដែរ។

Category Top

លោក អ៊ុក សិទ្ធិជាតិ បានថ្លែងថា៖​ «ការ​បង្កើតសហព័ន្ធកីឡាឧបសគ្គនេះ វាជា​ករណីចាំបាច់ ដោយ​សារ CAMSOC បានដាក់​បញ្ចូលជា​ប្រភេទ​កីឡា​១ ក្នុង​ចំណោម​ប្រភេទ​កីឡា​​​ទាំង​​៣៧ ក្នុង​កម្ម​វិធីប្រកួតស៊ីហ្គេម ឆ្នាំ​២០២៣ ដូច្នេះ​ហើយ យើងត្រូវ​បង្កើតសហព័ន្ធ​ឱ្យ​បាន​​ឆាប់​ ដើម្បី​ឱ្យមានដំណើរការស្របតាមគោលការណ៍ និងនិតិវិធីបាន ព្រោះ​បើ​យើង​ដាក់​ប្រភេទ​​កីឡា​ចូល ហើយយើងអត់មានសហព័ន្ធ​កីឡាឧបសគ្គ គឺ​យើងមិនអាច​ធ្វើកិច្ចការងារហ្នឹង​បានទេ»។

សហព័ន្ធថ្មី

លោកបានបន្ថែម​ថា៖ «​ក្រសួងអប់រំ បានចេញ​សេចក្តីសម្រេច​លេខ​០១អយកសសរ ចុះ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២៣ អនុញ្ញាត​ឱ្យបង្កើតសហព័ន្ធកីឡាឧបសគ្គ​កម្ពុជា ដើម្បីដំណើរការ​តាមសេចក្តី​ត្រូវ​ការចាំបាច់​​ ដែល​យើងបញ្ចូល នៅក្នុងការ​ប្រកួតស៊ីហ្គេមនេះ អ៊ីចឹងនេះជា​កិច្ច​ការងារ​បន្ទាន់​ ព្រោះ​ផ្អែកតាម​គោលការណ៍ គឺ​ដើម្បីបង្កើតសហព័ន្ធបាន យើង​ត្រូវ​មាន​គោលការណ៍និតិវិធី​៧​ចំណុច​ ប៉ុន្តែ​ដោយសារ​កិច្ចការងារនេះ វាចាំបាច់​ អ៊ីចឹង​ខ្វះតិចតួច​ យើង​រុញ​​ទៅ​សិន ហើយ​យើង​ចាំ​បំពេញ​លក្ខខណ្ឌ​តាមក្រោយ»​។

សហព័ន្ធ​​កីឡាឧបសគ្គកម្ពុជា ត្រូវ​បាន​បង្កើត​ឡើង តាម​​សេចក្តីសម្រេច​លេខ​០១ អយក.សសរ ចុះ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២៣ ហើយ​សហព័ន្ធនេះ បាន​ធ្វើ​​មហា​សន្និបាត​បោះ​ឆ្នោត​ជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិ អាណត្តិទី១ ឆ្នាំ២០២៣-២០២៧ កាល​ពីថ្ងៃទី​១៣ ខែមករា ដោយមានការចូលរួមជាសក្ខីភាពពីលោក អ៊ុក សិទ្ធិជាតិ និងលោក តែម ម៉ឺន អគ្គលេខាធិការរង NOCC

តាមការ​ប្រកាស នៅ​ក្នុង​មហាសន្និបាតនោះ សហព័ន្ធក្មេងខ្ចីមួយនេះ ជ្រើសរើស​បាន​សមាជិក​​គណៈកម្មាធិការប្រតិបត្តិ សម្រាប់អាណត្តិទី១ ចំនួន​១៣​នាក់ ក្នុងនោះមានលោក បួនហ៊ីង សុធីយ៉ា ជាប្រធានសហព័ន្ធ រួមទាំងអនុប្រធានសហព័ន្ធ​ចំនួន​៥នាក មានលោក ខេស៊ី បាណេត, លោក ឌី សុវណ្ណា, លោក ជីម គីមហ៊ុយ, លោក ឃី សុភា និងលោក ខ្ចៅ សុភាព ចំណែក​​លោក សុទ្ធ រ៉ាដាកូ ជាអគ្គហេរញ្ញឹក ហើយ​លោក ធិន វិចិត្រ ជាអគ្គលេខាធិការ ព្រម​ទាំង​អគ្គលេខាធិការរង​១នាក់ និងសមាជិក​៤នាក់​ផ្សេងទៀត។

សហព័ន្ធឧបសគ្គ

ទន្ទឹមនឹងនេះ លោក អ៊ុក សិទ្ធិជាតិ បានជំរុញ​ឱ្យ​​គណៈកម្មាធិការប្រតិបត្តិថ្មី​ថ្មោង​របស់​សហ​ព័ន្ធ​​កីឡា​ឧបសគ្គកម្ពុជានេះ ត្រូវ​រៀបចំលក្ខន្តិកៈ ឱ្យស្រប​ទៅតាម​លក្ខន្តិក​របស់សហព័ន្ធ​អន្តរជាតិ ព្រមទាំង​រៀបចំ​បទបញ្ជា​ផ្ទៃក្នុងរបស់សហព័ន្ធ ដើម្បី​អនុវត្តការងារ​ឱ្យបាន​ត្រឹមត្រូវ។ លោកបញ្ជាក់ថា៖​«​ខ្ញុំសង្ឃឹថា យើង​​​ទាំងអស់គ្នា នឹង​រួមគ្នា​ ដើម្បីធ្វើកិច្ចការ​នេះ​ឱ្យបាន​ជោគជ័យ​ ពីព្រោះពេល​វេលា​ឆ្ពោះ​​ទៅ​ស៊ីហ្គេម នៅសល់តិចណាស់»។

នៅក្នុង​មហាសន្និបាត​នោះដែរ លោក បួនហ៊ីង សុធីយ៉ា បាន​ប្ដេជ្ញា​ខិតខំ​អស់​ពី​កម្លាំង​កាយ​ចិត្ត ក្នុង​ការ​ដឹកនាំ និង​អភិវឌ្ឍ​សហព័ន្ធក្មេងខ្ចីមួយនេះ ឱ្យ​​មាន​ភាព​រីកចម្រើន ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ធន​ធាន​​​មនុស្ស សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ជា​ពិសេស​​បេសកកម្ម​ដ៏​សំខាន់ នៅ​​ចំពោះ​មុខ ក្នុងនាមជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ដែល​កម្ពុជា​​បាន​ទន្ទឹង​រង់ចាំ​អស់រយៈពេល៦៤ឆ្នាំ។

ចំណែក​លោក ធិន វិចិត្រ បាន​ប្រាប់​ឱ្យ​ដឹងថា សហព័ន្ធ​កីឡា​ឧបសគ្គ​កម្ពុជា មាន​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​១៦​នាក់ (ស្រី៦នាក់) និងគ្រូ​បង្វឹក​២នាក់ ដែល​អ្នក​ទាំង​នេះ ភាគ​ច្រើន​ជា​កីឡាករ​កីឡាការិនី​ជម្រើសជាតិ នៅ​លើ​​កីឡាចំបាប់ កីឡា​ឡើងភ្នំ និងកីឡា​អត្តពលកម្ម ជា​ដើម តែ​មិនទាន់​មាន​ឈ្មោះ ក្នុងការ​ប្រកួត​​នៅ​ស៊ីហ្គេម ឆ្នាំ​នេះ ហើយសហព័ន្ធ កំពុងស្នើទៅ CAMSOC ដើម្បីសុំគ្រូ​បង្វឹកបរទេសម្នាក់ទៀត៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម