​លោក Keisuke Honda ៖ ខ្ញុំ​សង្ឃឹម​ថា ក្រុម​កម្ពុជា​ នឹង​អាច​លេង​នៅ World Cup បាន មុនពេល​ខ្ញុំ​ស្លាប់

លោក ហុង ដា

«ខ្ញុំ​សង្ឃឹម​ថា ក្រុម​កម្ពុជា​ នឹង​អាច​លេង​នៅ World Cup បាន មុនពេល​ខ្ញុំ​ស្លាប់» នេះជា​ពាក្យពិត ​ផុសចេញពីមាត់របស់​អ្នកចាត់ការទូទៅ​ក្រុមជម្រើសជាតិ​កម្ពុជា លោក Keisuke Honda នៅពេល​លោកបាន​និយាយពាក្យ​ថា «លា» ទៅ​កាន់​កីឡាករ​ក្រុមធំជម្រើសជាតិ​កម្ពុជា បន្ទាប់ពី​ការ​ប្រកួត​​ពាន​រង្វាន់ AFF Mitsubishi Electric Cup 2022 នៅ​ប្រទេស​ថៃ កាលពី​​ចន្ទ។

ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អ្នកចាត់ការទូទៅ លោក Keisuke Honda សម្រាប់ការចូលរួមចំណែក ចំណាយពេលវេលាផ្ទាល់ខ្លួន និងខិតខំប្រឹងប្រែងជាមួយក្រុមជម្រើសជាតិកម្ពុជា «ឈុតធំ» នាពេលកន្លងមក ពោលគឺចាប់តាំងពីខែសីហា ឆ្នាំ២០១៨ ដល់ខែមករា ឆ្នាំ២០២៣ នេះ ដោយការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិថៃ​ គឺជាការប្រកួតចុងក្រោយរបស់លោក ជាមួយនឹង​ក្រុមជម្រើសជាតិកម្ពុជា «ឈុតធំ»។

Category Top

ក្រុមកម្ពុជា

សម្រាប់ការ​និយាយ​លា​គ្នា នៅ​បន្ទប់​បាយ នៅឯប្រទេស​ថៃ កាលពីថ្ងៃអង្គារ លោក Honda បាន​ស្នើ​សុំ​ឱ្យ​កីឡាករ​ជម្រើសជាតិ​កម្ពុជា ជួយ​យក​ចំណេះ​ដឹង និង​បទពិសោធ​ ដែល​ខ្លួន​មាន ទៅ​ជួយ​បង្ហាត់​បង្ហាញ​ដល់​ក្មេងជំនាន់​ក្រោយ ហើយ​ត្រូវចាប់​ផ្តើមពីពេលនេះ​ទៅ គឺ​មិនចាំបាច់ ដល់បញ្ចប់អាជីព​ជា​កីឡាករហើយ ទើបចាប់​ផ្តើម​ធ្វើ​នោះ​ទេ ព្រោះ​រូបលោក​ផ្ទាល់ ក៏​បានចាប់​ផ្តើមការងារនេះ តាំងពី​ជាង​១០​ឆ្នាំ​មុន ពេល​លោក​កំពុង​លេង​ឱ្យ​ក្លិប AC Milan ផង​ដែរ។

«ខ្ញុំ​សូមឱ្យ​អ្នកទាំងអស់គ្នា ចែក​រំលែក​បទពិសោធ ក្នុងក្រុមជម្រើសជាតិ ទៅដល់​ក្មេង​ជំនាន់​ក្រោយ។ យើង​មិនចាំបាច់ ដល់​យើង​បញ្ចប់​អាជីព​ជាកីឡាករ​នោះទេ ខ្ញុំបាន​ចាប់​ផ្តើមសាលា​​កីឡា​បាល់​ទាត់​តាំង​ពី​១០ឆ្នាំមុន គឺ​តាំងពីខ្ញុំ​លេង​នៅ AC Milan អ៊ីចឹង​ពួកយើង អាច​ចែករំលែក​ចំណេះ​ដឹង​របស់​យើង ដល់​មនុស្ស​ជំនាន់ក្រោយ។

លោក ហុង ដា ដឹកនាំកម្ពុជា

និយាយសំដៅ​ទៅលើ​ការ​អរគុណរបស់​ក្រុម​ធំជម្រើសជាតិ​កម្ពុជា នៅថ្ងៃលា​គ្នា​នោះ លោក Honda បានបញ្ជាក់​ថា៖ ​«មិនចាំបាច់អរគុណ​ដល់​ខ្ញុំ​ទេ គឺ​ខ្ញុំ​ពិតជា​សប្បាយ​ចិត្តហើយ បើ​ពួក​យើង បានចែក​រំលែក​ចំណេះ​ដឹង និង​បទពិសោធ ទៅដល់​អ្នកជំនាន់​ក្រោយ ដោយ​ខ្ញុំ​សង្ឃឹម​ថា ក្រុម​កម្ពុជា​ នឹង​អាច​លេង​នៅ World Cup មុនពេល​ខ្ញុំ​ស្លាប់»។

យ៉ាង​ណា​ក៏​ដោយ បើទោះបីជា លោក Honda បានបញ្ចប់តួនាទី​ជា​អ្នក​ចាត់ការទូទៅ​ជាមួយ​ក្រុមធំ​ជម្រើសជាតិកម្ពុជា ប៉ុន្តែ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បានបញ្ជាក់​ថា លោក Keisuke Honda នឹងបន្តភារ:កិច្ចរបស់ខ្លួនក្នុងបេសកកម្មចុងក្រោយ ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម​២២ឆ្នាំ ដែលគ្រោងនឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ នៅក្នុងខែកុម្ភៈ ដើម្បីត្រៀមខ្លួន សម្រាប់ការប្រកួតកីឡា SEA Games នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕

គ្រូបង្វឹក ហុង ដា

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម