លោក ហ៊ុន សែន ស្វាគមន៍ការរាប់ថយក្រោយ​១០០​ថ្ងៃនៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម ដែលត្រូវ​ធ្វើ នៅថ្ងៃ​នេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

«ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ»។ នេះជា​អ្វី​​ដែល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាសនៅលើ​ផេចហ្វេសប៊ុក​របស់លោក នៅ​ព្រឹកថ្ងៃ​ពុធនេះ ដើម្បី​បញ្ជាក់ដល់​ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យ​បានដឹងថា កម្ពុជា ត្រូវ​រៀបចំពិធីរាប់ថយក្រោយ​១០០​ថ្ងៃ សម្រាប់ដំណើរការធ្វើជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅ​ថ្ងៃនេះ។

លោកនាយក​រដ្ឋមន្រ្តី បានបន្ថែម​ថា៖ «នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ យើង​នឹង​ចាប់​​​ផ្តើម​​យុទ្ធនាការ​ជាតិ​រាប់​ថយ​ក្រោយ​១០០​ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (32nd  SEA Games) និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើកទី១២ (12th  ASEAN Para Games) ដែល​​​កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ឆ្នាំ ២០២៣​នេះ»។

Category Top

សកម្មភាពក្បួនដង្ហែនៅពហុកីឡដ្ឋានជាតិមរតកតេជោ

ទន្ទឹម​នឹងនេះ លោក ហ៊ុន សែន បានជំរុញ និងលើកទឹក​ចិត្ត​ដល់​ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស​គណៈកម្មាធិការជាតិ​រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ត្រូវបំពេញ​បន្ថែម​នៅរាល់ការងារ និងផែនការ ដើម្បី​ធ្វើ​​យ៉ាងណា​ឱ្យ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត ដែល​កម្ពុជា បានរង់ចាំ​អស់រយៈពេល​៦៤​ឆ្នាំ​មួយនេះ ទទួលបាន​ជោគ​ជ័យ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ។

ប្រមុខដឹកនាំប្រទេស លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «១០០​ថ្ងៃ​ចុង​ក្រោយ​នេះ ជាពេល​វេលា​ដែល​យើង​ត្រូវ​បំពេញ​បន្ថែមឱ្យ​សព្វ​គ្រប់​ពេញ​​លេញ​​បន្ថែម​ទៀត ទាំង​ការរៀបចំ​បដិ​សណ្ឋារ​​កិច្ចដល់​គណៈប្រតិភូកីឡា​ទាំង​ឡាយ ដែល​ចូល​​មក​​ប្រកួត​ក្នុង​ប្រទេស​របស់​យើង ដើម្បី​ឱ្យ​កម្ពុជា​យើង​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ»។

ពហុកីឡដ្ឋានជាតិមរតកតេជោ

ជាមួយគ្នានេះ គណៈ​កម្មាធិការជាតិ CAMSOC បាន​កំណត់យក​ពិធីរាប់ថយក្រោយ ១០០ថ្ងៃ នៅ​ពហុកីឡដ្ឋានជាតិ​មរតកតេជោ នា​ល្ងាច និងយប់ថ្ងៃ​ពុធនេះ ដើម្បី​បង្ហាញ​នូវ​​ទស្សនីយភាព និងសមិទ្ធផលការងារសំខាន់ៗ ដែល​ខ្លួន​បាន​បំពេញ និងកំពុងតែធ្វើ​បន្ថែម ដើម្បី​ឱ្យ​​ភ្ញៀវ​ជាតិ និងអន្តរជាតិ ជាពិសេស​ប្រតិភូ​កីឡា​មក​ពី​​តាម​បណ្តាប្រទេស​ទាំង​១០ នៅ​​តំបន់អាស៊ាន បាន​មើល​ឃើញ​ថា កម្ពុជា ពិត​ជាត្រៀមខ្លួន​បាន​យ៉ាង​ល្អ ក្នុងការ​ផ្តល់​​នូវ​ភាព​កក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសុខ​សុវត្ថិភាព សម្រាប់ការ​ធ្វើជាម្ចាស់ផ្ទះ​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ា​ហ្គេម ជា​លើកដំបូងនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ថ្លែង ក្រោយកិច្ច​ប្រជុំជាមួយ​គណៈកម្មការ​នានា កាលពីថ្ងៃទី​២៣ ខែមករាថា៖ ​«កិច្ចប្រជុំថ្ងៃនេះ ​ផ្តោតការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​​​ត្រៀម​ពិធី​រាប់ថយ​ក្រោយ​១០០​ថ្ងៃ នៅ​ពហុកីឡដ្ឋាន​ជាតិមរតកតេជោ​នេះ ឱ្យ​មាន​ភាព​ឱឡារិក​ជាមួយ​នឹង​​ការ​ផ្សព្វផ្សាយ​ឱ្យ​​កាន់តែទូលំទូលាយ នៅគ្រប់បណ្តាញសារព័ត៌មាន​ទាំងអស់ និងបណ្តាញ​សង្គម។

poster

លោកបានបន្ថែមថា៖ «យើងបានរៀបចំ​ម៉ត់ចត់ជាទីបំផុត  និង​មាន​ការ​ចូលរួម​គាំទ្រ​ពី​គ្រប់​​​ស្រទាប់​មហាជន និង​គណៈ​​កម្មការ​​រៀបចំ​ស៊ីហ្គេម​របស់យើង ជាពិសេស​យើង​បាន​អញ្ជើញ​គ្រប់​​​នាយបេសកកម្ម​​របស់​​បណ្តា​ប្រទេស នៅ​អាស៊ីអាគ្នេយ៍ ឱ្យ​មក​ចូលរួម​ ជា​សក្ខីភាព​នៃ​ពិធី​រាប់ថយក្រោយ​១០០​ថ្ងៃ​របស់យើង ដែល​យើង​បាន​បំផុស​ឡើង​​នូវ​ការ​ផ្សព្វផ្សាយ ដើម្បី​បញ្ជាក់​ពី​​​ភាព​​ទទួល​ខុស​ត្រូវ និង​ការ​​ផ្តល់​​ភាពកក់​ក្តៅ ក្នុងនាម​កម្ពុជា ជា​ម្ចាស់​ផ្ទះ សម្រាប់ការ​ទទួលស្វាគមន៍​ប្រតិភូ​កីឡា​ទាំង​អស់»។

ទន្ទឹមនឹងនេះ កម្ពុជា ក៏​នឹង​ត្រៀម​រៀបចំ​ខ្សែ​ទស្សនកិច្ច និង​ការ​ត្រួត​​​ពិនិត្យ​​ចុងក្រោយ នៅកន្លែងហូបចុក ស្នាក់នៅ ទីតាំង​ហ្វឹកហាត់ ទីតាំង​ប្រកួត​ជូន​ដល់​ប្រតិ​ភូ​កីឡា​អាស៊ាន និង​​អន្តរ​ជាតិ​ផងដែរ។ លោក​បញ្ជាក់ថា៖ «យើង​បាន​លើក​កម្ពស់ ក្នុងការ​​រៀបចំ​ព្រឹត្តិការណ៍នេះ​ឱ្យ​​អស្ចារ្យ ហើយ​យើង​នឹង​ត្រៀម​ភាព​អស្ចារ្យបន្ត ក្នុង​ព្រឹត្តិការណ៍​​ស៊ីហ្គេម-អាស៊ាន​​ប៉ារ៉ា ឆ្នាំ​២០២៣ ដោយ​ផ្តើម​ពីការរាប់១០០​ថ្ងៃនេះទៅ គឺយើងបង្ហាញជូនអន្តរជាតិថា កម្ពុជា​​បានត្រៀមខ្លួនរួចរាល់ ឬ Cambodia is Ready»៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម