លោក វ៉ាត់ ចំរើន ថា ការ​ចូល​រួម​ឧបត្ថម្ភ​របស់​ក្រុមហ៊ុនធំៗ នឹង​ធ្វើ​ឱ្យ​គុណ​តម្លៃរបស់​ស៊ីហ្គេម កាន់​តែធំ និង​អស្ចារ្យ

លោក វ៉ាត់ ចំរើន

មន្រ្តីជំនាញ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើកទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ២០២៣ (CAMSOC/CAMAPGOC) លោក វ៉ាត់ ចំរើន បាន​ចាត់ទុក​ការ​ចូល​រួមឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ធំៗ ក្នុង​ការ​ប្រកួត​​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ នឹង​ធ្វើ​ឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត លើក​ដំបូង នៅកម្ពុជា​មួយនេះ កាន់តែ​ធំ និង​កាន់​តែ​មាន​ភាព​អស្ចារ្យ។

ការ​លើក​ឡើងបែបនេះរបស់​លោក វ៉ាត់ ចំរើន ត្រូវបាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ គឺ​ក្នុង​ពេល ​ដែល​ក្រុមហ៊ុនជប៉ុន Ajinomoto Co., Inc. បាន​ចុះហត្ថលេខាជា​ផ្លូវការ​ជាមួយ CAMSOC ដើម្បី​​ឧបត្ថម្ភធំ ដល់​ព្រឹត្តិការណ៍​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដោយ​​ផ្ដល់នូវ​​សាច់​ប្រាក់​​​សុទ្ធ ហើយ​នេះ​​ជា​ការ​​ទទួលខុសត្រូវ និង​ជាការចែករំលែក​វិភាគ​ទាន​ដល់​ការងារ​កីឡា ក៏​ដូច​ជា​ការ​ងារ​​សង្គម ដែល​ជួយ​សម្រាលបន្ទុកនៃការចំណាយរបស់ CAMSOC ស្រប​តាម​គោលការណ៍ «សន្សំសំចៃ តែ​ធ្វើឱ្យ​អស្ចារ្យ»។

Category Top

អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន បានបញ្ជាក់​ថា៖ ​«យើង​​សន្សំសំចៃ​ក្នុង​កម្រិតមួយ ដែល​អាចយកបាន តែ​ក៏​ត្រូវ​ខិតខំ​ស្វែង​រក​ការ​ឧបត្ថម្ភ​គាំទ្រ​បន្ថែមដែរ ហើយ​ការ​ប្រកួតកីឡាធំៗ គឺ​ការ​ចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុនធំៗ វា​​ជា​ការ​រំលេច​នូវ​សាមគ្គីភាព​របស់​វិស័យ​ឯកជន ជាមួយ​ព្រឹត្តិការណ៍ ក៏ដូចជា​ជាមួយ​រាជរដ្ឋា​ភិបាល ក្នុង​ការ​រួម​ចំណែកគ្នា​ធ្វើឱ្យ​​គុណ​តម្លៃ​របស់ស៊ីហ្គេម និង​​អាស៊ាន​​ប៉ារ៉ា​ហ្គេម​​របស់​យើង កាន់​តែធំ កាន់​តែ​មាន​ភាព​អស្ចារ្យ​ក្នុង​ការធ្វើម្ចាស់ផ្ទះ ដែល​នេះ​ជា​ចំណុច​សំខាន់»។

លោក វ៉ាត់ ចំរើន បានឱ្យ​ដឹង​ទៀត​​ថា Ajinomoto ជា​ក្រុម​ហ៊ុន​ដ៏​ធំមួយ នៅប្រទេសជប៉ុន ដែល​តែង​ឧបត្ថម្ភ​ដល់​គ្រប់ព្រឹត្តិការណ៍ស៊ីហ្គេមទាំងអស់ និង​ការប្រកួតកីឡាអូឡាំពិកផងដែរ ហើយ​លោក បាន​បង្ហាញ​ក្តីរំពឹង​ថា ការ​ចូល​រួមឧបត្ថម្ភ​របស់ Ajinomoto នឹង​​ក្លាយជា​ការ​ទាក់​ទាញ​​ដ៏​សំខាន់​មួយ សម្រាប់ក្រុមហ៊ុន​ធំៗ​របស់ជប៉ុន​ផ្សេង​ទៀត ចូល​មកគាំ​ទ្រ​ដល់​​ព្រឹត្តិការណ៍​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម នៅកម្ពុជា​ដែរ។

ក្រុមម្ចាស់ឧបត្ថម្ភ

លោក វ៉ាត់ ចំរើន និយាយ​ថា៖ «ការ​ចុះហត្ថលេខា​ជាមួយ​ក្រុម​ហ៊ុន Ajinomoto នេះ គឺ​ជាការ​ទាក់ទាញ​មួយ​ដល់​ក្រុម​ហ៊ុន​ជប៉ុន​​ច្រើនទៀត ដែល​ចង់​​ធ្វើការ​ឧបត្ថម្ភ​គាំទ្រ​ដ​ល់ដំណើរការ នៃការប្រកួតកីឡាស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម​របស់​យើង។ យើង​ក៏​សូម​អំពាវនាវ​ដល់​ក្រុមហ៊ុនធំៗដទៃទៀត បន្ទាប់​ពីយើង​​មាន​ក្រុម​ហ៊ុនជប៉ុន​ធំ​មួយ​មាន​ជំនឿ​ជាក់​ហើយ អ៊ីចឹង​ក្រុម​ហ៊ុន​ផ្សេងៗ ក៏អាចធ្វើការ​ផ្ដល់​នូវ​កិច្ច​សហការ និង​​​ឧបត្ថម្ភដល់​ការ​រៀបចំការ​ប្រកួតរបស់​យើង​ដែរ»។

គិត​ត្រឹមពេលនេះ មានក្រុមហ៊ុនធំៗចំនួន​៤ហើយ ​បាន​ចុះ​ហត្ថលេខា​ឧបត្ថម្ភធំ​ដល់​ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ រួមមានធនាគារ ABA ដែល​ផ្តាច់​មុខ​ផ្នែក​វិស័យហេរញ្ញវត្ថុ និងធនាគារ ក្រុម​​ហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ដែល​ផ្តាច់មុខ​លើ​វិស័យ​ធានារ៉ាប់រងអាយុជីវិត ​ក្រុមហ៊ុន FBT ដែល​ផ្ដល់​ការ​ឧបត្ថម្ភសម្លៀកបំពាក់រាប់ម៉ឺនសម្រាប់ ដល់​ដំណើរការរៀបចំ និងក្រុមហ៊ុន Ajinomoto នេះ ដែលផ្តល់ជាសាច់ប្រាកសុទ្ធ តែ​ត្រូវ​បាន​លាក់​ជា​សម្ងាត់។

លោក វ៉ាត់ ចំរើន បានបញ្ជាក់​ថា៖ «សព្វថ្ងៃ​នេះ យើង​បានក្រុមហ៊ុន​ធំៗ​ចំនួន​៤​ហើយ បាន​ចូល​រួមឧបត្ថម្ភ ហើយយើង​នៅ​មានក្រុមហ៊ុន​ធំៗជា​ច្រើន​ទៀត ដូចជា​ផ្នែក​ទឹក​ផ្លែឈើ ទឹក​ក្រូច ស្រា និង​ក្រុមហ៊ុនសេវាកម្ម​ផ្សេងៗ​ទៀត ដែលកំពុង​ចចារ​គ្នា ទៅលើ​លក្ខខណ្ឌ​ និង​និតិ​វិធីផ្សេងៗ​ទៀត ក្នុង​​​ការ​​ផ្តល់អត្ថ​ប្រយោជន៍​ឱ្យគ្នា​ទៅវិញ​ទៅមក ហើយ​ឥឡូវនេះ យើង​ឃើញ​ថា ព្រឹត្តិការណ៍​របស់​យើង កាន់តែល្បី​ និងមានប្រជាប្រិយ​ភាពខ្លាំង»៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម