លោក ទៀ បាញ់ កោតសរសើរពី​សមិទ្ធផល​ស៊ីហ្គេម នៅវៀតណាម តែបាន​ជំរុញគ្រប់ភាគី​ឱ្យ បន្ថែម​ការ​ខំប្រឹង សម្រាប់ស៊ីហ្គេម នៅកម្ពុជា

លោក ទៀ បាញ់

លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បាន​កោតសរសើរ​ពីសមិទ្ធផល​មេដាយ ដែល​ក្រុម​អត្តពលិកជម្រើសជាតិ​កម្ពុជា ដណ្តើម​បានពី​ស៊ីហ្គេម លើក​ទី​៣១ នៅប្រទេស​វៀតណាម ប៉ុន្តែ​លោក​នៅតែ​ជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ ត្រូវ​ប្រឹងប្រែង​​បន្ថែម​ទៀត ដើម្បី​កម្ពុជា អាច​ទទួលបានជោគ​ជ័យកាន់តែ​ធំ ពេល​ធ្វើម្ចាស់​ផ្ទះស៊ីហ្គេម ឆ្នាំ​២០២៣។

ថ្លែងនៅក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ជ័យលាភីកីឡាស៊ីហ្គេម លើកទី៣១ នៅទីស្តីការក្រសួងការពារជាតិ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក ទៀ បាញ់ បានចាត់ទុក សមិទ្ធផលមេដាយមាស ប្រាក់ និងសំរឹទ្ធរបស់កម្ពុជា ដែលដណ្តើមបានក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ គឺពិតជាបានបង្ហាញពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិស័យកីឡាកម្ពុជាឲ្យបានស្មើមុខស្មើមាត់ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។

Category Top

លោក​បាន​បញ្ជាក់​ថា ៖«លទ្ធផលគួរជាទីមោទនៈរបស់កម្ពុជា ដែលដណ្តើមបានក្នុងស៊ីហ្គេម លើកទី៣១ កន្លងមកនេះ ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហព័ន្ធកីឡាជាតិ។ ជាពិសេសគ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាទាំងអស់ ដែលបានរួមកម្លាំងគ្នា រួមស្មារតីគ្នា និងការប្តេជ្ញាចិត្តខ្ពស់ ដែលសម្រេចបាននូវសមិទ្ធផលគួរជាទីសាទរជូនជាតិមាតុភូមិរបស់យើង»។

ក្រុមអត្តពលិក

«លទ្ធផលទាំងនេះ ពិតជាបង្ហាញពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិស័យកីឡាកម្ពុជាឱ្យ​បានស្មើមុខស្មើមាត់ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ»។ លោក ទៀ បាញ់ បានបញ្ជាក់បន្ថែម ហើយជាមួយគ្នា​នេះ លោក​បានជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​ខំប្រឹង​ប្រែង​រួមគ្នា​បន្ថែម​ទៀត តាម​រយៈការ​ដាក់ចេញនូវអនុសាសន៍​ណែនាំ​ចំនួន​៥ចំណុច ដើម្បី​ធ្វើ​ឱ្យ​យ៉ាង​ណា​វិស័យ​កីឡា​នៅកម្ពុជា​ កាន់តែមានកា​រីកចម្រើន និង​ឈាន​ទទួលបានជោគ​ជ័យ​កាន់តែ​ធំ នៅស៊ីហ្គេម ឆ្នាំ​២០២៣ ខណៈស៊ីហ្គេម នៅវៀតណាម កាលពី​ខែឧសភា ឆ្នាំ​២០២២នេះ កម្ពុជា ដណ្តើម​បានមេដាយមាស​៩ ប្រាក់​១៣ និងសំរឹទ្ធ​៤១។

ចំពោះអនុសាសន៍ទី​១. ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ បន្តពង្រីកកិច្ចសហការល្អ ហ្វឹកហ្វឺនក្រុមអត្តពលិកជម្រើសជាតិក្នុង និង​ក្រៅប្រទេស ដើម្បីបង្កើនគុណផលចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដណ្ដើមមេដាយឲ្យបានច្រើន ពិសេសមន្ត្រីបច្ចេកទេសរៀបចំ និងកាត់សេចក្ដីការប្រកួត។ ជាមួយគ្នានេះ ក្រសួងបន្តផ្ដល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិ ដើម្បីពន្លឿនការអភិវឌ្ឍឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

ចំណុច​ទី​២. សហព័ន្ធកីឡាជាតិ ត្រូវប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យបានត្រឹមត្រូវ តម្លាភាព និងមានប្រសិទ្ធភាព ព្រមទាំងកៀរគរថវិកាដៃគូឯកជនបំពេញការខ្វះខាត ដើម្បីលើកកម្ពស់កាអភិវឌ្ឍប្រភេទកីឡារបស់ខ្លួនឲ្យបានកាន់តែរីកចម្រើន និងមាននិរន្តរភាព។

ថ្នាក់ដឹកនាំ

​៣. គណៈកម្មការជំនាញទាំង១៤ នៃគណៈកម្មាធិការជាតិ CAMSOC ត្រូវសហការគ្នាឲ្យបានល្អ ខិតខំពន្លឿនការងាររបស់ខ្លួនតាមតួនាទីភារកិច្ច ជម្រុញការត្រៀមខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយជាស្រេចទៅតាមក្របខ័ណ្ឌពេលវេលាកំណត់ ដើម្បីធានាបានជោគជ័យខ្ពស់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិដ៏ធំជាប្រវត្តិសាស្ត្រនេះ។ បន្តពង្រឹងការប្រកួតជើង​ឯកជាតិ និងការប្រកួតកីឡាជាតិឲ្យកាន់តែមានគុណភាព ឈានទៅរកស្ដង់ដាតំបន់ ដើម្បីយកការប្រកួតកីឡាអន្តរជាតិមករៀបចំនៅកម្ពុជា។

៤. គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្ត ត្រូវពង្រឹងកិច្ចសហការឲ្យបានជិតស្និទ្ធប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជាបន្ទាន់ សំដៅធានាបានប្រសិទ្ធភាពក្នុងការដឹកនាំ គ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំនៅឆ្នាំ២០២៣។

ចំណែក​ទី​៥ លោក ទៀ បាញ់ ​បាន​ថ្លែង​ថា៖​ «នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់វិស័យឯកជន ក្រុមហ៊ុន សហគ្រាស និងសប្បុរសជនទាំងអស់ សូមចូលរួមដល់មូលនិធិកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីរួមចំណែកដល់ភាពជោគជ័យ នៃការរៀបចំប្រកួតកីឡាកម្រិតអន្តរជាតិនេះ»។

លោក ទៀ បាញ់ ប្រគល់ថវិកា

ប្រធាន CAMSOC រូប​នេះ បានបន្ថែម​ថា សូមអំពាវនាវដល់អាជ្ញាធររាជធានី-ខេត្ត និងប្រជាជនទាំងអស់ សូមប្រកាន់ខ្ជាប់នូវស្មារតី «ប្រជាជនម្នាក់ជាម្ចាស់ផ្ទះម្នាក់» ពិសេសប្រជាជននៅតាមរាជធានី-ខេត្ត ដែលត្រូវត្រៀមទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សូមរៀបចំអនាម័យ ថែរក្សាបរិស្ថានឲ្យបានល្អ និងរៀបចំតុបតែងលម្អ ដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋានរបស់ខ្លួន សំដៅលើកមុខមាត់កម្ពុជា និងទាក់ទាញការចាប់អារម្មណ៍របស់ប្រតិភូកីឡា និងភ្ញៀវអន្តរជាតិទាំងអស់ ដែលនឹងអញ្ជើញមកចូលរួមការប្រកួតនៅកម្ពុជា នៅឆ្នាំ២០២៣ ខាងមុខនេះ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម