រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាន​ផ្តល់នូវអនុសាសន៍​គន្លឹះ ដើម្បី​អភិវឌ្ឍ​​កីឡា​ប្រណាំងកង់ ឆ្ពោះ​ទៅស៊ីហ្គេម ឆ្នាំ​២០២៣

លោក ប៉ាន សូរស័ក្តិ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បាន​ផ្តល់នូវ​អនុសាសន៍គន្លឹះមួយចំនួន ទៅដល់​គណៈកម្មាធិការ​ប្រតិបត្តិ​របស់សហ​ព័ន្ធនេះ រួមទាំង​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត យក​ទៅ​អនុវត្ត ដើម្បីឱ្យវិស័យកីឡាទោចក្រយាន កាន់តែ​មានការរីកចម្រើនទាំងបរិមាណ និងគុណភាព សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ២០២៣ នៅ​កម្ពុជា។

នៅ​ក្នុង​គ​ន្លឹះ​សំខាន់ទី​១ លោក ប៉ាន សូរស័ក្តិ បានជំរុញ​ឱ្យ​សហព័ន្ធ ត្រូវខិតខំបណ្តុះបណ្តាល បង្កើនបរិមាណកីឡាករ កីឡាការិនី តាមបណ្តាក្លិប-សមាគម កីឡាទោចក្រយាន រាជធានី-ខេត្ត ក្រសួង-ស្ថាប័ន ឱ្យបានកាន់តែទូលំទូលាយ និងមានធនធានមនុស្ស សម្ភារហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ និងត្រូវជំរុញបង្កើនការចូលរួមប្រកួតពីថ្នាក់ភូមិភាគ និងថ្នាក់ជាតិឱ្យបានច្រើន ទាំង​លើ​ប្រភេទកង់គួក និង​កង់​ភ្នំ ព្រោះកីឡាទោចក្រយានទាំង២ប្រភេទនេះ សុទ្ធតែ​ត្រូវបានរាជរដ្ឋាភិបាល និង CAMSOC ដាក់បញ្ជូលក្នុងវិញ្ញាសាប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ត្រូវ​ធ្វើជាម្ចាស់ផ្ទះ។

Category Top

ក្រុមកីឡាករចូលរួមប្រណាំងកង់

បន្ថែម​លើ​នេះ លោក ប៉ាន សូរស័ក្តិ បានជំរុញ​ឱ្យសហព័ន្ធ និងអ្នកពាក់ព័ន្ធ ត្រូវពង្រឹងសមត្ថភាព គ្រូបង្វឹក កីឡាករ កីឡាការិនី មន្ត្រីរៀបចំការប្រកួតឱ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចម្ចាស់ការរៀបចំការប្រកួត គ្រប់កម្រិតទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ ត្រូវជំរុញឱ្យមានការហ្វឹកហាត់ជាប្រចាំ និងប្រកួតវាស់ស្ទង់កម្រិតសមត្ថភាពឱ្យបានច្រើន នៅតាមបណ្តាក្លិប-សមាគម នៅទូទាំងប្រទេស តាមភូមិភាគ និងនៅថ្នាក់ជាតិ។

ប្រធានសហព័ន្ធ​ខ្មែរ​កីឡាទោចក្រយាន​រូបនេះ បាន​បន្ថែម​ថា៖ «ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង​ផ្ទៃក្នុងរបស់សហព័ន្ធ និងទំនាក់ទំនងល្អ រវាងក្លិប-សមាគមទូទាំងប្រទេស ហើយ​​យើង​ត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឱ្យបានច្រើន ក្នុង១ឆ្នាំៗ តាមដែលអាចធ្វើបាន»។

ការប្រណាំងកង់ភ្នំ

ការ​ផ្តល់​អនុសាសន៍​នៅចំណុច​គន្លឹះ​ទាំង​នេះ ត្រូវបាន​ធ្វើ​ឡើង នៅពេល​លោកបានចូល​រួម​ពិធី​បិទ​ការ​ប្រកួតកីឡាទោចក្រយាន​ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ នៅលើទឹក​ដី​ខេត្តសៀម​រាប កាលពីថ្ងៃទី​២៧ ខែធ្នូ​នេះ ដោយព្រឹត្តិការណ៍នេះ មាន​អត្តពលិកចូល​រួមចំនួន២៨៥​នាក់ ក្នុង​នោះ​មាន​អ្នក​ចូល​ប្រកួត​ប្រណាំង​កង់​គួ​កចំនួន​៨០​នាក់ ​និង​ប្រភេទ​កង់​ភ្នំ​មាន​ចំនួន​២០៥​នាក់​។

ជាលទ្ធផលនៃការ​ប្រកួត​ថ្នាក់ជាតិនេះ ​សម្រាប់ប្រភេទ​កង់គួក (Road Bike) គឺ​វិញ្ញាសាកង់គួកបុរសឈុតធំ លេខ១ បាន​ទៅ​កីឡាករ ញ៉ុញ លេញ លេខ២ កីឡាករ លឹម ស៊ុង លេខ៣ កីឡាករ សួង បុប្ផាពេជ្រ លេខ៤ កីឡាករ អាន រតនា និងលេខ៥ កីឡាករ លី លៃ រីឯ​វិញ្ញាសាកង់គួកបុរសថ្នាល លេខ១ កីឡាករ តូ ពិសិដ្ឋ, លេខ២ សុខ ប៊ុនហុក លេខ៣ ធិញ វ៉ានឹញវិបុល លេខ៤ វណ្ណ សំរឹទ្ធឧត្តម និងលេខ៥ កីឡាករ ចាវ ឈុនឡុង។ ចំណែក​វិញ្ញាសាកង់គួកបុរសអាយុចាប់ពី ៤០ឆ្នាំឡើង​វិញ លេខ១ កីឡាករ រើក ម៉ាប់ លេខ២ ឆុន ភារម្យ លេខ៣ ហៃ ថុន លេខ៤ អ៊ីត ចាន់នី និងលេខ៥ កីឡាករ អេង លីន ។

កីឡាករប្រណាំងកង់ភ្នំ

ដោយឡែកសម្រាប់ប្រភេទកង់ភ្នំ (Mountain Bike) គឺ​វិញ្ញាសាកង់ភ្នំបុរសឈុតធំ លេខ១ កីឡាករ ឆាន ហ្វុង លេខ២ ឃឹម ម៉េងឡុង លេខ៣ ក្រួច វ៉ា លេខ៤ ទៀង លីហេង និងលេខ៥ តាំង គីមរ័ត្ន រីឯវិញ្ញាសាកង់ភ្នំបុរសថ្នាល លេខ១ កីឡាករ និត្យ សីហៈ លេខ២ កីឡាករ ឆាង រ័ត្នមុន្នី , លេខ៣ កីឡាករ ជា សុបញ្ញា លេខ៤ ពៅ សុផាន និងលេខ៥ តៅ ផល្លី (ក្រុម Siem Reap Racing)។

ចំណែក​វិញ្ញាសាកង់ភ្នំនារី (Women Mountain Bike) លេខ១ កីឡាការនី ខេន ម៉ាឡៃ, លេខ២ រ៉ុន ស្រីនីត, លេខ៣ យត់ កន្និការ លេខ៤ អេង សុជាតា និងលេខ៥ កីឡាការនី យន់ អូមិហ្កា ហើយ​វិញ្ញាសាកង់ភ្នំបុរសអាយុចាប់ពី៤០ឆ្នាំឡើង (Man Master Mountain Bike) លេខ១ កីឡាករ Vasco Ramsperger លេខ២ គឹម សម្បត្តិ លេខ៣ កីឡាករ ឈួន យ៉េន លេខ៤ ទូច គន្ធន់ និងលេខ៥ កីឡាករ ធា សោភ័ណ្ឌ។

ក្រុមកីឡាករប្រណាំងកង់គួក

ចំពោះប្រាក់រង្វាន់សម្រាប់​ជយលាភីវិញ ត្រូវបាន​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាទោចក្រយាន បាន​ប្រាប់ថា អ្នក​លេខ១ ទទួលបាន ៨០០,០០០រៀល លេខ២ ទទួលបាន ៦០០,០០០រៀល លេខ៣ បាន ៥០០,០០០រៀល លេខ៤ បាន ២០០,០០០រៀល លេខ៥ បាន ២០០,០០០រៀល ហើយ​ក៏មានរង្វាន់លើកទឹកចិត្តមួយចំនួនទៀតផងដែរ ខណៈ​ព្រឹត្តិការណ៍​នេះ ត្រូវបានឧបត្ថម្ភផ្តាច់មុខនូវទឹកប្រាក់ចំនួន ៤២, ៧៥០ដុល្លាអាមេរិក ពី​ក្រុមហ៊ុន Herbalife Nutrition៕

កីឡាករប្រណាំងកង់

ការប្រណាំងកង់

ព្រឹត្តិការណ៍ប្រណាំងកង់

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម