ម្ចាស់​មេដាយមាស សំបូរ សុភ័ណ្ឌ គោងប្រើ​ផ្លូវច្បាប់ ដើម្បីបញ្ចប់វិវាទលើ​ការ​ចោទគ្នា ជុំវិញការ​ដកប្រភេទកីឡាកាយសម្ព័ន្ធ ចេញពី​ស៊ីហ្គេម

កាយវប្បកម្ម

ការ​វិវាទចោទ​ប្រកាន់គ្នា​រវាងសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា និង​ម្ចាស់​​មេដាយពិភពជើងឯក​ពិភព​​លោក សំបូរ សុភ័ណ្ឌ បាននឹងកំពុង​ឡើង​កម្តៅកាន់តែ​ខ្លាំង ហើយអាច​នឹង​ឈាន​ដល់ការ​ប្រើ​ផ្លូវច្បាប់ ដើម្បីបញ្ចប់បញ្ហា ខណៈ​ភាគី​ទាំង​២ បាន​ប្រកាន់យក​ត្រូវ​រៀងៗ​ខ្លួន​ ជុំវិញការ​បង្កើត​កំហុស នាំ​ឱ្យមានការ​ដក​ប្រភេទ​កីឡា​កាយវប្បកម្ម ចេញពី​ការ​ប្រកួតស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ នៅកម្ពុជានោះ។

ជុំវិញ​ការសម្រេច​ដក​ប្រភេទកីឡា​កាយវប្បកម្ម ចេញ​ពី​ស៊ីហ្គេម នៅលើ​ទឹក​ដីកម្ពុជា នា​ខែ​ឧសភា ខាងមុខ​នេះ គឺ​បន្ទាប់ពី​ទីភ្នាក់ងារប្រឆាំងសារធាតុញៀន (ដូភីង) បាន​រក​ឃើញ​កីឡាករ​ជម្រើស​ជាតិ​ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង ដែល​ដណ្តើមបានមេដាយមាស ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើកទី​៣ ឆ្នាំ​២០២២ ជាប់ពាក់​ព័ន្ធនឹង​ការ​ប្រើ​ប្រាស់​សារធាតុហាម​ឃាត់​(ដូភីង) ប្រភេទ Steroids។

Category Top

បន្ទាប់ពី​ហេតុការ​ណ៍ ដែល​ធ្វើ​ឱ្យប៉ះពាល់​ដល់មុខមាត់ប្រទេស​ជាតិនេះបានកើត​ឡើង ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង បានសារភាព​កំហុស ប្រាប់ទៅលោក តឹក ប៊ុនវី ថា ការចាក់ថ្នាំសម្រកជាតិទឹក មុនការប្រកួតកីឡាជាតិ លើកទី៣ កន្លងមក​នេះ ខ្លួន​ពុំ​បាន​ដឹង​ពី​ផល​ប៉ះពាល់ ឬជាសារធាតុហាមឃាត់ក្នុងវិស័យកីឡានោះទេ។ ផាន់ ណារិទ្ធ បង្ហើបថា មុន​ការប្រកួតកីឡាជាតិ ខ្លួន និងមិត្តភ័ក្ត (ស៊ាង ម៉េងសាង) បានទៅក្លិបហាត់ប្រាណ King GYM ដែលមានអតីតម្ចាស់មេដាយមាសអន្ដរជាតិ សំបូរ សុភ័ណ្ឌ ជាម្ចាស់​ក្លិប ដើម្បីសុំការណែនាំ មុន​ការ​ប្រកួតកីឡា​ជាតិ

សំបូរ សោភ័ណ្ឌ

ផាន់ ណារិទ្ធ បានបកស្រាយ ក្នុងសន្និសីទ​កាសែត កាលពី​ថ្ងៃទី​១៧ ខែ​មករា​ថា៖« យប់នោះ យើងអត់ដឹងទេថា មានវិធីអ្វី? ដល់ពេលយើងញាំអីហើយ បានគាត់ (សំបូរ សុភ័ណ្ឌ) ថា កន្លះម៉ោងទៀត ពួកយើងត្រូវបញ្ចុះទឹកនោម ហើយយើងក៏អត់ដឹងដែរថា អាហ្នឹង​វា​ប៉ះ​ពាល់​ដល់​អញ្ចឹង។ ចឹងគាត់ក៏បានហៅគ្នីគ្នារបស់​ខ្ញុំម្ដង​ម្នាក់ៗ ដើម្បី​ចាក់​ថ្នាំ​បញ្ចុះ​ទឹក​នោម​ហ្នឹង»។

បន្ថែម​លើនេះ ណារិទ្ធ បានដាក់ការសង្ស័យលើភាពមិនប្រក្រតីក្នុងដំណើរឿងនេះ ទៅលើ សំបូរ សុភ័ណ្ឌ ដ្បិតអី​​ក្រោយ​ចប់ការ​ប្រកួត​កីឡាជាតិ មានភ្នាក់ងារដូភីងកម្ពុជា បាន​ហៅចំៗ​ឈ្មោះ​ខ្លួន ដែល​ដណ្ដើម​បាន​មេដាយ​មាស និងមិត្តភ័ក្តិ (ស៊ាង ម៉េងសាង) ទៅ​ធ្វើ​តេស្ដរកសារធាតុហាមឃាត់ ទាំង​ដែល​បាន​និយាយ​គ្នា​ថា ជា​គោលការណ៍​ការ​ធ្វើតេស្ដ​ផ្ដោត​តែ​​លើម្ចាស់មេដាយមាសប៉ុណ្ណោះ។

«ខ្ញុំសង្ស័យដែរ ដោយសារគាត់ (សំបូរ សុភ័ណ្ឌ) ជាកីឡាករនៅក្រៅការប្រកួត តែគាត់មានខ្សែរយៈខាងដូភីង វាអត់ទំនង ព្រោះដូភីង គាត់ជាអង្គភាពមួយក្រៅរដ្ឋាភិបាល។ ខ្ញុំ​សង្ស័យ​ចាក់​ឱ្យ​យើង​ហើយ ផ្ដល់ព័ត៌មានឱ្យ​គេ ព្រោះកីឡាករផ្សេងៗទៀត មានន័យថា ក្រុម​ជា​មួយ​គាត់​ដែរ គ្រាន់តែពួកគាត់នៅផ្សេងៗគ្នា តែគេអត់ចាប់ទេ»។ លោក ផាន់ ណារិទ្ធ បាន​បញ្ជាក់​បន្ថែម។

កីឡាករកាយវប្បកម្ម

ទោះបែបនេះក្ដី ទាំងកីឡាករ ផាន់ ណារិទ្ធ និង ស៊ាង ម៉េងសាង បានទទួលស្គាល់កំហុស ដែល​ខ្លួនបានដើរលើផ្លូវខុសនេះ ហើយពួកគេ ក៏បានអំពាវនាវដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ចាត់​វិធាន​ការ​លើជនទុច្ចរិត ដែលនាំចូល និង​ចែក​ចាយ​ថ្នាំ​ស្ថិត​ក្នុង​បញ្ជី​ហាម​ឃាត់​របស់​ទីភ្នាក់​ងារ​​ប្រឆាំង​សារធាតុញៀនពិភពលោក (WADA) ដើម្បីចៀសវាងផលប៉ះពាល់ផ្សេងៗ ដល់សុខ​ភាព​របស់ប្រជាពលរដ្ឋ និងអ្នកលេងកីឡា ពិសេសកីឡាកាយវប្បកម្មតែម្ដង ។

ជាមួយគ្នានេះ លោក តឹក ប៊ុនវី បានបញ្ជាក់ថា កីឡាករ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង បាន​ចូលសារភាព ចំពោះមុខសហព័ន្ធ ចំពោះកំហុសឆ្គង ដែល​ពួកគេ​បាន​ប្រព្រឹត្ត​ដោយអចេតនា ដោយសារការជឿទុកចិត្តអ្នកស្គាល់គ្នា ដោយខ្វះការពិចារណា។ លោក​សោក​ស្ដាយ​ជា​ខ្លាំង ដែលកើតមានរឿងនេះ ហើយអ្វីដែលលោកឈឺចិត្តនោះ គឺការខំប្រឹងរបស់សហព័ន្ធ និង​កីឡាករ​ផ្សេង ត្រូវបានខកបំណងបង្ហាញខ្លួនក្នុងស៊ីហ្គេម

លោក​បាននិយាយ​ថា៖ «ការពាក់ព័ន្ធនឹងសារធាតុហាមឃាត់ Steroids ធ្វើឱ្យ​ប៉ះធ្ងន់ធ្ងរ ចំពោះសហព័ន្ធ ព្រោះសហព័ន្ធបានខំប្រឹង និងយកចិត្តទុកដាក់ណាស់ លើការហ្វឹកហាត់ ទាំង​ក្នុង និងក្រៅប្រទេស ដើម្បីកីឡាករយើង តែទីបំផុតយើងក៏ជួបបញ្ហាដូភីង។ ការជ្រើស​រើស​កីឡាករជម្រើសជាតិទាំងអស់ យើងបានធ្វើកិច្ចសន្យាហាមដាច់ខាត មិនឱ្យ​ពាក់​ព័ន្ធសារធាតុ​ហាមឃាត់។ ខ្ញុំមានការសោកស្ដាយ និងឈឺចាប់មែនទែន ហេតុអ្វី យើងដឹងហើយ លឺហើយ ថាសហព័ន្ធយើងប្រឈមមុខម្ដងហើយម្ដងទៀត ពាក់ព័ន្ធនឹងរឿង Steroids មូលហេតុអ្វី បាន​យើងនាំគ្នាបំផ្លាញទឹកចិត្ត និងការខិតខំប្រឹងប្រែងនេះ» ។

ក្លិបកាយវប្បកម្ម

តែទោះបីជា​យ៉ាងណា ម្ចាស់មេដាយមាសពិភពលោក សំបូរ សុភ័ណ្ឌ បាន​និយាយ បាន​ច្រានចោលនូវរាល់ការ​ចោទប្រកាន់ទាំងអស់ពីសំណាក់សហព័ន្ធ និងកីឡាករ​ជម្រើស​ជាតិ​ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង ធ្វើការ​សុំទោស​ជាសាធារណៈ​វិញ បើមិន​ដូច្នេះ​​ទេខ្លួន នឹងអាច​ឈាន​ដល់ការដោះស្រាយ ដោយប្រើ​ផ្លូវច្បាប់។

​សំបូរ សុភ័ណ្ឌ បានសរសេរ​បង្ហោះតាមការ​ចោទប្រកាន់ទាំងនេះ​ថា៖​«នេះ​ជា​ការ​ចោទ​ប្រកាន់​មកលើករូបខ្ញុំ និងក្លិបហាត់ប្រាណ king gym ខ្ញុំសូមបកស្រាយលើបញ្ហាខាងក្រោមនេះ ទី​១ គាត់បានចោទប្រកាន់ថា ខ្ញុំជា​​អ្នក​​ហៅ​ពួកគាត់​​មក​​កន្លែង​​របស់ខ្ញុំ ដើម្បី​​ប្រើ​​ប្រាស់​សារ​ធាតុហាម​ឃាត ទាំងដែល​ខ្ញុំ​មិន​បានហៅ​ទាល់​តែសោះ គឺ​គាត់​បាន​មក​សុំខ្ញុំឱ្យ​ជួយគាត់កែសាច់ និង​ស្នាក់​នៅដោយខ្លួនឯង ហើយ​ក្នុងនាម​ខ្ញុំ​ជាកីឡាករមួយរូបដែរ ដើរលើវិស័យនេះមុនពួកគាត់ ខ្ញុំក៏បានជួយកែលើការ​ហាត់​ការប្រឹងបង្ហាញ​សាច់ដុំ និងរបបអាហារជាដើម»។

សុភ័ណ្ឌ បានបន្ថែម​ថា៖ «ទី​២ គាត់បានចោទប្រកាន់ថា ខ្ញុំបាន​ចាក់​ថ្នាំ​បញ្ចុះ​ទឹកនោម​ឱ្យ​ពួក​គ្នីគ្នា​គាត់​ម្តង​ម្នាក់ៗ​ទាំង​ដែល​ខ្ញុំ​មិន​បាន​ធ្វើវា​ឡើយ គឺ​ជាគ្នីគ្នាគាត់​ធ្វើ​ដោយ​ខ្លួន​ឯង ព្រោះ​ក្នុង​ចំណោម​គ្នា​គាត់​គឺ​មាន​ម្នាក់​ដែររៀនពេទ្យ ការប្រព្រឹត្តទៅ គឺពួកគាត់ធ្វើដោយខ្លួនឯង ដោយ​មិន​មាន​ការ​បង្ខិត​បង្ខំ​ពី​រូបខ្ញុំ​បាទ​ដូច​ដែរ ពួកគាត់​លើក​ឡើង​នោះ​ទេ ទី​៣ បុគ្គល ផាន់ ណារឹទ្ធ ហៅ (បងធំ) គាត់​បាន​ចោទ​ប្រកាន់​ថា ខ្ញុំ​បាន​ឃុប​ឃិតគ្នា​ជាមួយ ដូពីង អ្នក​ត្រួត​ពិនិត្យ​សារធាតុ​ហាម​​ឃាត់ (Steroids) ដោយ​គ្មាន​មូលដ្ផាន និងភស្តុតាងច្បាស់លាស់។ សួរថា​តើ​ខ្ញុំធ្វើ​បែបនេះ​ដើម្បីអ្វី? ចុង​ក្រោយ​ខ្ញុំ​សូម​​ទាមទារ​​ឱ្យ​​ពួក​គាត់​សុំ​ទោស​ជា​សាធារណៈដល់រូបខ្ញុំបាទ បើ​ពុំដូច្នោះ​​ទេ​​ខ្ញុំ​នឹង​ដោះស្រាយ​តាម​​ផ្លូវ​ច្បាប់ ព្រោះរឿងនេះប៉ះពាល់ដល់កិត្តិយសខ្ញុំយ៉ាងធ្ងន់ធ្ងរ»៕

ការប្រកួតកាយវប្បកម្ម

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម