ម្ចាស់​ផ្ទះថៃ មិន​​សប្បាយ​ចិត្ត ចំពោះជ័យជម្នះ​របស់​ក្រុមឃីកបុកស៊ីង​កម្ពុជា ក្នុងការប្រកួត​ជើងឯកអាស៊ី

ក្រុមឃីកបុកស៊ីងកម្ពុជា

ក្រុមកីឡា​ប្រដាល់​ឃីកបុកស៊ីងកម្ពុជា បាននាំ​យក​ជយលាភី​ការ​ឈ្នះ​បាន​មេដាយ​មាស​២ ប្រាក់​៥ និងសំរឹទ្ធ​៥ ពីការប្រកួតកីឡា​ប្រដាល់ឃីកបុកស៊ីងជើងឯកអាស៊ី ឆ្នាំ​២០២២ នៅទី​ក្រុងបាងកក ប្រទេស​ថៃ មកដល់​មាតុ​ប្រទេស កាលពី​ថ្ងៃអង្គារ ម្សិល​មិញ ប៉ុន្តែ​ប្រធាន​ប្រតិភូ​ដឹកនាំ​ការប្រកួត លោក ហេង សុខឃន បានអះអាង​ថា ភាគី​ថៃ ដែលជាម្ចាស់ផ្ទះ​​រៀបចំ​ព្រឹត្តិការណ៍នេះ មិនសប្បាយ​ចិត្តនោះទេ។

លោក ហេង សុខឃន ដែល​ជា​ប្រធានសហព័ន្ធ​កីឡា​ប្រដាល់​ឃីក​បុកស៊ីងកម្ពុជា ផង​នោះ  បានទម្លាយ​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ក្រុម​ឃីកបុកស៊ីងកម្ពុជា ពិតជា​ធ្វើ​ឱ្យ​ប្រទេស​អ្នក​មាន និង​ធំៗជា​ច្រើន មានការ​ភ្ញាក់ផ្អើលទៅនឹងភាពខ្លាំង​របស់ខ្លួន ជាពិសេស​ម្ចាស់​ផ្ទះ​ថៃ គឺ​មិន​សប្បាយ​ចិត្តនោះទេ ដែល​កីឡាករកម្ពុជា បានទម្លាក់កីឡាករ​របស់​គេ រហូតដល់​៣​នាក់ នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

Category Top

ក្រុមកីឡាឃីកបុកស៊ីងកម្ពុជា

លោក​បាន​បញ្ជាក់ថា៖ «យើងមិនដឹងស្មាន​ថា យើង​ទទួលបាន​លទ្ធផល​ល្អ​បែបនេះទេ ហើយប្រទេស​ធំៗ​ដែល​បានចូលរួម គឺមានការ​ភ្ញាក់ផ្អើល​នឹង​កម្ពុជា ដែល​យើងមានកីឡាករ​ខ្លាំង ទៅប្រកួត​ជាមួយ​ពួកគេ។ អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ជាប្រទេស​ខ្លាំងជាងគេ ​ដែល​​មាន​កីឡាករ​ល្អៗ និង​ខ្ពស់ៗ ប៉ុន្តែ​យើងអាច​វ៉ៃ​ជម្រុះបានទាំងអស់»។

ប្រធាន​សហព័ន្ធ​រូបនេះ បានបន្ថែម​ថា៖ «​យើងបាន​ឈ្នះ​កីឡាករ​អ៊ីរ៉ាក់​២នាក់ដែរ ជាពិសេ​ស​ម្ចាស់​ផ្ទះថៃ ដែល​មានការ​មិនសប្បាយ​ចិត្តនោះទេ ព្រោះ​កម្ពុជា បានវ៉ៃជម្រុះទម្លាក់កីឡាករ​ថៃ​រហូត​​ដល់​​​៣នាក់ នៅវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​ពួកគេ​សុទ្ធតែ​ជា​កីឡាករ​លំដាប់​របស់​លោក​គ្រូប៊ូខាវ។ គាត់ក៏​មិន​ស្មាន​ថា កីឡាករ​យើងខ្លាំង វ៉ៃជម្រុះ​កីឡាករ​របស់គាត់បាន ចំណែក​ភាគីអ៊ីរ៉ាក់ថា គាត់ធ្លាប់តែ​ផ្តួល​កីឡាករនៅអាស៊ីនេះ ឱ្យចុះចាញ់គាត់ ចុះ​ហេតុអី​កម្ពុជា​ខ្លាំង​បែបនេះ ទើបតែកកើតសោះ គាត់នឹកស្មាន​មិនដល់ដូចគ្នា!»។ ​

ប្រធានសហព័ន្ធឃីកបុកស៊ីងកម្ពុជា

សម្រាប់​ការ​ប្រកួតជើងឯកអាស៊ី​ ដែលបានចាប់ផ្តើម​ពីថ្ងៃទី១០ ដល់​ថ្ងៃទី​១៨ ខែធ្នូ​នេះ មាន​១៨ប្រទេស​ចូល​រួម ហើយជាលទ្ធផល​ កីឡាករទម្ងន់​៥១គីឡូក្រាម សុខ រិទ្ធ និង ឃួន ឡាំងកូស៊ីង ដែល​ប្រកួត​ក្នុងវិញ្ញាសា Low Kick ទំងន់​ក្រោម​៥៧គីឡូក្រាម ​បាន​ឈ្នះ​មេដាយមាស​រៀងៗ​ខ្លួន។

ចំពោះ​មេដាយប្រាក់​ទាំង​៥វិញ គឺ​ដណ្តើម​បានដោយកីឡាករ ឈឿង ល្វៃ, រឿង សោភ័ណ្ឌ, ទូច រ៉ាឆាន់ (បឺត សង្ឃឹម) ប៊ន ពន្លឹក និងកីឡាករ សៃនី សៃណេត។ ចំណែក​ម្ចាស់​មេដាយ​​សំរឹទ្ធទាំង​៥​វិញ មាន​កីឡាការិនី លី លីសាន កីឡាករ វន គឹមចេង, ស៊ន រ៉ាគីម, ម៉េត បូរិន្ទ និង​កីឡាករ ភ័ណ្ឌ ចន្ធី។

យ៉ាងណាក៏​ដោយ លោក ហេង សុខឃន បាន​ប្រាប់​ថា ក្រុមឃីក​បុកស៊ីងកម្ពុជា អាចនឹង​ឈ្នះបានមេដាយមាស​ច្រើនជាងនេះ បើ​សិន​ជា​​បច្ចេកទេសនៃ​ការដាក់​ពិន្ទុ មិនមាន​កំហុស​ឬ​មានបញ្ហា​ទេនោះ​ ដោយ​លោកបានសង្កត់​ធ្ងន់ថា គឺ​ខុស​រហូត​ដល់​៣​គូ សម្រាប់ការ​ប្រកួត​នៅវគ្គ​ផ្តាច់ព្រ័ត្រ។

បទសម្ភាស

លោកបានបញ្ជាក់ថា៖ «៣គូនេះ បងប្អូនចេះតែជេរ​ថា ហេតុអី​មិនព្រមតវ៉ា​ទាមទារមក​វិញ! ខ្ញុំបានតវ៉ា​នៅលើ​ឆាក​អន្តរជាតិ រហូតបិទកម្មវិធី​របស់គេ​អស់១ម៉ោង ហើយ​ក្រោយ​ការ​ពិនិត្យ​​មើល​​ឡើង​​វិញ យើងពិតជាឈ្នះ​មែន ប៉ុន្តែ​អ្វីដែលគណៈកម្មការ​សម្រេច​ទៅហើយ​នោះ យើង​មិន​អាច​​កែលទ្ធផល​វិញបានទេ។ ​គេបានសុំទោស​ដល់​កម្ពុជា​យើង ហើយ​ប្រទេសថៃ​ជា​ម្ចាស់​ផ្ទះ បាន​យកមេដាយ ដែលគេ​​ដណ្តើមបានមក​ឱ្យយើង​វិញ ប៉ុន្តែ​យើងមិនយក​នោះទេ»។

​លោក ហេង សុខឃន បានបញ្ជាក់បន្ថែម​ថា៖ «យើងគិតពី​ការទូត​នៅ​ក្នុង​សង្គម គឺ​យើង​ត្រូវ​មាន​ភាពទន់ភ្លន់​ជាមួយបរទេស ដើម្បី​ឈាន​ទៅ​ទទួលបានជោគជ័យ​ថែមទៀត នៅស៊ីហ្គេម ឆ្នាំ​​២០២៣ ដើម្បី​ឱ្យ​អន្តរជាតិ បានមើល​ឃើញ​ថា កម្ពុជា ពិតជាមាន​ភាពទន់ភ្លន់ និងមាន​វប្បធម៌ច្បាស់លាស់​ ហើយសម្រាប់​ស៊ីហ្គេម យើង​មាន​ធនធាន​គ្រប់គ្រាន់​អស់ហើយ​។ យើង​ធ្វើបានទាំងអស់ សម្រាប់​ឃីកបុកស៊ីង ហើយ​យើង​មានការ​​ជួយ​ជ្រោមជ្រែង​ច្រើន ដែល​ជាធាតុ​ផ្សំ នឹង​ធ្វើ​ឱ្យស៊ីហ្គេមខាងមុខ យើង​ទទួលបានជោគ​ជ័យ​កាន់តែ​ធំ»៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម