ម្ចាស់​ជយលាភី​​ពីការប្រកួតស៊ីហ្គេម នៅ​​វៀតណាម នឹង​ទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃ​ចន្ទ

ម្ចាស់មេដាយស៊ីហ្គេម

កីឡាករ កីឡាការិនី និងគ្រូ​បង្វឹក ដែលរួមគ្នា ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ជូនជាតិ នៅក្នុងការ​ប្រកួត​ស៊ីហ្គេម លើកទី​៣១ នៅប្រទេស​វៀតណាម កាលពី​ខែ​ឧសភា ឆ្នាំ​២០២២​នេះ នឹង​ទទួលបានប្រាក់រង្វាន់​លើកទឹក​ចិត្ត តាមសេចក្តី​ប្រកាស​របស់​ក្រសួងអប់រំ យុវជន និងកីឡា នៅ​ព្រឹក​ថ្ងៃចន្ទ​នេះ ដោយទឹកប្រាក់នេះ មានចំនួន​សរុប​ជាង​៤០០០លាន​រៀល។

តាមការគ្រោងទុក ពិធីប្រគល់រង្វាន់នេះ នឹងធ្វើឡើង នៅទីស្តីការក្រសួងការពារជាតិ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ ជា​​​ប្រធាន​​គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ជូនដល់គ្រូបង្វឹក គ្រូជំនួយ និង​កីឡាករ កីឡាការិនី នៅ​លើ១៥ប្រភេទកីឡា ដែល​បាន​ឈ្នះ​​មេដាយមាសចំនួន​៩ ប្រាក់​១៣ និងសំរឹទ្ធ៤១ សរុប​៦៣មេដាយ ពី​​ស៊ីហ្គេម លើកទី៣១។

Category Top

ក្រុមកីឡាករទទួលបានមេដាយស៊ីហ្គេម

ចំពោះ​ប្រាក់រង្វាន់ជាង​៤០០០លាន​រៀល​របស់រាជរដ្ឋាភិបាលកម្ពុជានេះ នឹង​ផ្តល់​ជូន​តាម​គោលការណ៍​ ដែលបាន​កំណត់ ក្នុង​នោះអ្នក​ឈ្នះមេដាយមាស១គ្រឿង នឹង​ទទួល​បាន​ប្រាក់​រង្វាន់​​៤០លានរៀល មេដាយប្រាក់១គ្រឿង បាន​៣០លានរៀល និងមេដាយសំរឹទ្ធ១គ្រឿង ទទួល​បាន​១៦លានរៀល។

ចំពោះ​គ្រូបង្វឹកវិញ នឹង​​ទទួល​បាន​ប្រាក់​រង្វាន់​១០០ភាគ​រយ ស្មើ​នឹង​កម្រិត​មេដាយ​ខ្ពស់​ជាងគេ រីឯ​គ្រូជំនួយ​នឹង​ទទួល​បាន ៧០​ភាគ​រយ​​នៃ​មេដាយ ដែល​អត្តពលិក​របស់​ខ្លួន​ដណ្តើម​បាន ហើយ​សម្រាប់​​អ្នក​ ដែល​ត្រូវ​ទទួលបានប្រាក់រង្វាន់នេះ មានចំនួន​សរុប​១៣៥នាក់ ក្នុង​នោះ​គ្រូ​បង្វឹក៤២នាក់ និងអត្តពលិក​៩៣នាក់៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម