ម៉ារ៉ុក សម្លឹង​រក​ការ​បង្កើត​ប្រវត្តិ​សាស្ត្រម្តង​​​ទៀតក្នុង World Cup ពេល​ប៉ះជើង​ខ្លាំង ព័រ​ទុយ​ហ្គាល់

Morocco

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ា​រ៉ុក នឹង​ឈាន​ទៅកាន់ការ​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ​ ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ នៅ​រាត្រី​ថ្ងៃ​សៅរ៍ ទី​១០ ខែ​ធ្នូ នេះ ដោយ​ដឹង​ថា ពួកគេ​​នៅ​សល់តែ​១​ជំហាន​ទៀត​ប៉ុណ្ណោះ ក្នុងការ​បង្កើត​ប្រវត្តិ​សាស្ត្រ​ក្នុងនាម​ជាក្រុម​អាហ្វ្រិក​​ដំបូង​គេ​ដែល​បាន​ឈាន​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ ពួកគេ​ត្រូវ​ប៉ះ​គូ​ប្រជែង​ដែលកំពុង​តែ​ក្លែវក្លា ដែល​ទើ​បតែ​បាន​ស៊ុត​បាល់បញ្ចូល​ទី​៦​គ្រាប់លើ​ក្រុម​ជម្រើស​ជាតិស្វ៊ីស​។

ក្រុម​ម៉ា​រ៉ុក របស់​លោក Walid Regragui កំពុង​តែ​ស្ថិត​ក្នុង​វគ្គ​ដែល​ពួកគេ​មិនធ្លាប់​បាន​ឈាន​ដល់​សោះ ក្រោយពី​​បាន​បង្កើត​លទ្ធផល​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​បន្ត​បន្ទាប់ តាមរយៈ​ការ​បញ្ចប់​ដោយការ​ឈរលេខ​១ក្នុង​ពូល បន្ទាប់​ពី​បានផ្តួល​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក និង​កាណាដា នៅមុន​​ពេល​យកឈ្នះលើ​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ ដ៏មិននឹកស្មាន​ដល់ ក្នុងការ​ស៊ុត​បាល់​ប៉េណាល់ទី​កាត់សេចក្តី​ ក្នុង​វគ្គ​១៦ក្រុម​ចុង​ក្រោយ​។

Category Top

protugla-and-morocco

ក្រុម​ដែលមាន​រហស្ស​នាម​ថា Atlas Lions មួយ​នេះ គឺ​ជាក្រុម​​អាហ្វ្រិក​ទី​៤​ដែល​បាន​ឈាន​ទៅ​វគ្គ​៨ក្រុម​ចុងក្រោយ បន្ទាប់​ពីក្រុម​ជម្រើស​ជាតិ​​កាមេរូន ក្នុងឆ្នាំ​១៩៩០ ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់ ក្នុង​ឆ្នាំ​២០០២ និង​ក្រុម​ហ្គា​ណា ក្នុងឆ្នាំ​​២០១០​។

ម៉ារ៉ុក បាន​ទទួល​នូវ​ការ​គាំទ្រពីមនុស្ស​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ក្នុង​ការ​ប្រកួត​ទាំង​៤លើក​របស់​​ពួក​គេ នៅ​ប្រទេស​កាតា ហើយ​អ្នក​គាំទ្រ​ដ៏ច្រើន​កុះ​ករ​ទាំង​នោះ​ក៏​អាច​នឹង​បង្ហាញមុខម្តង​ទៀត​​នៅកីឡដ្ឋាន Al Thumama ផងដែរ​។ ក្រោយពី​បាន​ទម្លាក់​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ លោក​គ្រូបង្វឹក Regragui បាន​ឲ្យដឹងថា៖ «ខ្ញុំគិត​ថា វា​មិន​អាច​ទៅ​រួច​ឡើយ​សម្រាប់​យើង​ក្នុងការ​ធ្វើ​រឿង​នេះ​ដោយគ្មាន​អ្នកគាំទ្រ​។ អ្នកគាំទ្រ​ជាច្រើនដែលមកពី​ប្រទេស​ជាច្រើន ​បាន​ធ្វើ​ដំណើរ​ទៅ​កាតា ដូច​ជា មកពី​អាមេរិក អឺ​រ៉ុប និង​ម៉ា​រ៉ុក​»។ លោក​បាន​បន្ថែម​ទៀត​ថា៖ «ពួកគេ​ស្រឡាញ់​ប្រទេស​របស់ពួកគេ ហើយ​អ្វី​ដែល​ខ្ញុំអាច​ប្រាប់​ពួកគេ​បានគឺ​ថា យើង​មិនអាច​ធ្វើ​អ្វី​បានដោយគ្មានពួក​គេ​ឡើយ​។ ខ្ញុំ​ត្រូវ​ការ​ពួក​គេ​សម្រាប់​វគ្គ​៨ក្រុម ហើយ​ជា​ការ​រំពឹង​ទុក យើង​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​»​៕

ប្រភព​ព័ត៌​មាន៖ AFP

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម