មេធំប្រាប់ថា កីឡាករ កីឡាការិនី​ឆ្នើមៗ នៅតែមានឱកាស​ទទួលបានក្របខ័ណ្ឌជាមន្រ្តី​រាជការ

ប្រតិភូកីឡាមហាផ្ទៃ

កីឡាករ កីឡាការិនី ដែលមានសមត្ថភាពឆ្នើមៗ ហើយ​ធ្លាប់ដណ្តើមបាន​មេដាយជូន​ប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ នៅតែមានឱកាស​ទទួលបានក្របខ័ណ្ឌជាមន្រ្តី​រាជការ ហើលនេះជា​អ្វី​ដែល​​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស ខេង បាន​ប្រាប់ទៅក្រុមអត្តពលិក នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និង​កីឡាករ កីឡាការិនី នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ នៅ​សាលប្រជុំ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមករា​នេះ។

ទន្ទឹមនឹង​នោះ លោកឧបនាយក​រដ្ឋមន្រ្តី ស ខេង បាន​ប្រាប់​ឱ្យ​មន្ត្រីក្រោមឱវាទ​របស់លោក ធ្វើការ​ពិនិត្យ​ជាក់ស្តែង​ទៅលើ​លទ្ធផល​ប្រកួត​របស់​ក្រុម​អត្ត​ព​លិ​ក​កីឡា​ក្រសួងមហាផ្ទៃ ទាំង​ទៅលើ​ការប្រកួត​ថ្នាក់ជាតិ និងអន្តរជាតិ ដើម្បី​ផ្តល់​ក្របខ័ណ្ឌ​ជា​មន្ត្រីរាជការ ទៅឱ្យ​អត្ត​ព​លិ​ក ធ្លាប់មាន​ស្នាដៃ​ជូន​អង្គភាព​មួយ​នេះ។

Category Top

ក្រុមកីឡាក្រសួងមហាផ្ទៃ

លោក ស ខេង បាន​ថ្លែងថា​៖ «​ក្រសួងមហាផ្ទៃ ជា​ក្រសួង​មួយ ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បង្កើតជា​អគ្គនាយកដ្ឋាន​កីឡា ដែលមាន​មន្ត្រីរាជការ ធ្វើការ​នៅទីនេះ និង​ទទួលបាន​ប្រាក់បៀវត្សរ៍ ហើយ​កីឡាករ​ខ្លះ ក៏មាន​ក្របខ័ណ្ឌ និង​ខ្លះទៀត ក៏​មិនមាន អ៊ីចឹង​យើងខ្ញុំ​នឹង​ពិនិត្យ​ជាក់ស្តែង ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់់​កីឡាករ​ពូកែៗ ដោយ​នឹង​បាន​ចូល​ក្របខ័ណ្ឌ​នគរបាលជាតិ ឬក៏​ជា​មន្ត្រីរាជការ​ជាដើម ជាពិសេស​គឺ​នគរបាល ហើយ​នៅ​ចំពោះមុខ គឺ​កីឡាករ ដែល​ទទួលបាន​មេដាយ ទាំង​មេដាយមាស ប្រាក់ និង​សំរឹទ្ធ ចំណែក​កីឡាករ មិនទាន់បាន​មេដាយ យើង​នឹងមាន​ការពិនិត្យ​ដែរ គ្រាន់តែ​ជា​អាទិភាព​បន្ទាប់​»​។​

យ៉ាងណាក៏ដោយ ចំពោះ​ការជ្រើសរើស​កីឡាករ កីឡាការិនី​ចូលទៅក្នុង​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ចាប់ពីពេលនេះ​តទៅ លោក ស ខេង បានដាក់​បទបញ្ជា​ដាច់ខាត ត្រូវធ្វើ​តេស្ត​រក​សារធាតុ​គ្រឿងញៀន​គ្រប់​អត្ត​ព​លិ​ក​ទាំងអស់ ហើយ​លោក​បាន​អំពាវនាវ​ដល់​កីឡាករ កីឡាការិនី​របស់​ក្រសួងមហាផ្ទៃ​ទាំងអស់ ត្រូវ​ចៀសវាង​ដាច់ខាត​ពី​ការប្រព្រឹត្ត​អំពើ​មិន​គប្បី​ផ្សេងៗ ជាពិសេស​ការប្រើប្រាស់​គ្រឿងញៀន​។​

លោក ស ខេង

រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ លោក ស ខេង ​បញ្ជាក់ថា​៖ «​ខ្ញុំ​ស្នើថា បើ​កន្លងមក មិនទាន់មាន​វិធានការ​ជាក់លាក់​ទេ គឺ​ចាប់ពីពេលនេះ​ទៅ ឯកឧត្តម សរ សិទ្ធិ ជាអនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​ជួយ​ការងារ​ដឹកនាំ​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ត្រូវ​ចាត់ទុក​ការធ្វើ​តេស្ត​នេះ ជាការ​ចាំបាច់​»។

«យើង​មិនចាំបាច់​និយាយ​ដល់​កាតព្វកិច្ច​ទេ យើង​ចង់​និយាយថា វា​ជាកា​ចាំបាច់​មិនអាច​ខាន​បាន ព្រោះ​កាលណា​ខកខាន​មិនបាន​ធ្វើតេស្ត​សារធាតុ​ញៀន គឺ​យើង​មិនទាន់​អាចមាន​សិទ្ធិ​ចូលរួម​ប្រកួត​បានទេ អ៊ីចឹង​មុន​ធ្វើការ​ប្រកួតប្រជែង ចាំបាច់​ត្រូវតែមាន​ការបញ្ជាក់​អំពី​ការធ្វើ​តេស្ត​សារធាតុ​ញៀន បើ​អវិជ្ជមាន ទើប​អនុញ្ញាត​ឱ្យចូល​ប្រកួត ឱ្យចូល​ហាត់ ប៉ុន្តែ​បើ​វិជ្ជមាន គឺ​មិន​អនុញ្ញាត​ឡើយ​»​។​

លោក ស ខេង បានបញ្ជាក់​បន្ថែម​ថា៖ «​មិនមែន​ត្រឹម​មិន​អនុញ្ញាតឱ្យ​ហ្វឹកហាត់ ឬ​ចូល​ប្រកួត​នោះទេ តែ​ក៏​មិន​អនុញ្ញាតឱ្យ​នៅក្នុង​កីឡា​ក្រសួងមហាផ្ទៃ​ដែរ​។ ដូច​នគរបាល​អ៊ីចឹង បើទោះបីជា​ប្រឡង​ចូល​នគរបាលជាតិ ជាប់​លេខ​១​ក៏ដោយ តែបើ​តេស្ត​ឃើញ​សារធាតុ​ញៀន ត្រូវតែ​លុបឈ្មោះ​ហ្នឹង​ចេញ មិន​ឱ្យមក​ចូលក្នុង​កងកម្លាំង​នគរបាលជាតិ ដែល​ភ្ជាប់​ជាមួយ​សារធាតុ​ញៀន ក្នុង​ខ្លួន​នោះទេ អ៊ីចឹង​កីឡាករ កីឡាការិនី​ដូចគ្នា​ដែរ ហើយ​នៅ​ចំពោះមុខ​នេះ​រដ្ឋ​យើង នឹងមាន​លទ្ធភាព ដើម្បី​នឹងធ្វើ​តេស្ត ដូច្នេះហើយ​សូម​ចាត់ចែង​បញ្ហា​នេះ​»​។ លោក ស ខេង បានបញ្ជាក់​៕

សម្តេច ស ខេង

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម