មិនលាក់ទុក​ទេ! កម្ពុជា ដាក់​ជើង​ខ្លាំងគុនខ្មែរ​ទាំង​អស់ ឱ្យចូលប្រកួតជើងឯក​អាស៊ីអាគ្នេយ៍ នៅបុណ្យសមុទ្រ

កីឡាប្រដាល់គុនខ្មែរ

​ការ​ប្រកួត​​កីឡា​ប្រដាល់​គុនខ្មែរ​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ ឆ្នាំ២០២២ (KUN KHMER SEA Championship 2022) ដែល​ត្រូវ​ធ្វើ​ឡើងក្នុង​ពិធី​បុណ្យ​សមុទ្រ ​​ខេត្តព្រះ​សីហនុ ចាប់ពី​ថ្ងៃសុក្រ​នេះ ដល់ថ្ងៃ​អាទិត្យ គឺ​ម្ចាស់​ផ្ទះកម្ពុជា បានដាក់​កីឡាករ កីឡាការិនី​ជម្រើសជាតិ​គុនខ្មែរ​ទាំង​អស់ ឱ្យ​ប្រកួតប្រជែងជាមួយ​កីឡាករ កីឡាការិនី​មកពី​ប្រទេស​ផ្សេងៗ មកពី​តំបន់​អាស៊ាន។

សម្រាប់ការ​ប្រកួត KUN KHMER SEA Championship 2022 នៅបុណ្យសមុទ្រ​នេះមាន​កីឡាករ កីឡា​ការិនី​ចូល​រួម​ប្រកួត​ជាង​១៤០​នាក់ ​មកពី​ប្រទេស​វៀតណាម​ ម៉ាឡេស៊ី ហ្វីលី​ពីន ឥណ្ឌូនេ​ស៊ី ថៃ មីយ៉ាន់​ម៉ា ខណៈ​ម្ចាស់​ផ្ទះកម្ពុជា បាន​ដាក់កីឡាករ៨នាក់ និង​កីឡាការិនី​៣នាក់ ឱ្យចូល​រួមការ​ប្រកួតនេះ ហើយ​ពួកគេ សុទ្ធតែអត្តពលិក​​ជម្រើសជាតិ ដែល​ត្រៀម​ចូល​រួមការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅកម្ពុជា ទាំង​អស់។

Category Top

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះបេក្ខភាព​ទាំង​១២នាក់ ដែលបាន​ត្រៀម​ដាក់ឱ្យ​ចូល​រួមការ​ប្រកួត​នេះ រួម​មាន​កីឡាករ ឡៅ ចិត្រា, ឃុន បូរ៉ា (ឃីម បូរ៉ា), ប៉ោ ភារិទ្ធ (យ៉េន ឌីណា) ហឹម កំរៀង (ហ៊ឹម គីមរៀង), វណ្ណ វឿន (វ៉ាន់ វឿន), កាន់ ម៉េងហុង, រុំ សំណាង (ព្រំ សំណាង), សំ សំណាង (ឡុង សំណាង) កីឡាការិនី មឿយ សឿង, ទូច ចាន់វត្តី និង តន់ ស្រីពីន។

ជាមួយ​គ្នា​នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការជាតិ CAMSOC បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​ប្រដាល់​គុនខ្មែរ​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ នៅបុណ្យ​សមុទ្រ​នេះ មាន​​សារៈ​សំខាន់ខ្លាំង ដែល​​រៀបចំ​ឡើង​ដោយ​ភាព​ស្តង់​ដាខ្ពស់ ជាមួយការ​កាត់សេចក្តី ដោយ​មានការ​ចូល​រួមទាំង​អាជ្ញាកណ្តាល ចៅក្រមខ្មែរ និង​បរិទេស ដែលអ្នកទាំង​នេះ ទើប​បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល កាលពី​ថ្ងៃទី​៧ ខែធ្នូនេះ។

កីឡាប្រណាំងកង់

អគ្គលេខាធិការ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានចាត់​ទុក​ការ​​ប្រកួត​កីឡា​ប្រដាល់​គុនខ្មែរ​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ថា ជា​បុរេ​ព្រឹត្តិការណ៍ ឬ Pre Sea Games ​សម្រាប់​កម្ពុជា ក្នុង​ការ​ឈាន​ទៅ​រៀប​ចំការ​ប្រកួត​ស៊ី​ហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ គឺ​មានន័យ​ថា វាជាឱកាស ដែល​កម្ពុជា ត្រូវពង្រឹង​គុណ​ភាព​ទាំង​ការ​ប្រកួត​ប្រជែង​របស់​កីឡាករ កីឡាការិនី និង​មន្រ្តី​បច្ចេក​ទេស។

លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា៖ «ការរៀបចំ​ការ​ប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ​ជើង​ឯក​អាស៊ីអា​គ្នេយ៍ នៅ​បុណ្យ​សមុទ្រ​នេះ គឺ​យើង​រៀបចំ​ឱ្យគ្រប់​ស្តង់ដា ក្នុង​ការ​ឈាន​ទៅ​ស៊ីហ្គេម។ យើង​ហៅ​ថា ជាបុរេ​ព្រឹត្តិ​ការណ៍ ឬ Pre-Sea Games សម្រាប់​ឆ្ពោះ​ទៅទទួល​រៀបចំ​ធ្វើម្ចាស់​ផ្ទះ ស៊ីហ្គេម ២០២៣ អ៊ីចឹង​យើង​ត្រូវ​ធ្វើ​ឱ្យបានគ្រប់​ជ្រុង​ជ្រោយ​»។

កីឡាម៉ូតូទឹក

សម្រាប់​​ពិធីបុណ្យ​សមុទ្រ លើក​ទី៩ ដែលត្រូវ​ធ្វើ​ឡើងនៅខេត្តព្រះសីហនុ ចាប់ពី​ថ្ងៃទី​៩ ដល់ថ្ងៃ​ទី​១១ ខែធ្នូ ក៏​មាន​រៀបចំ​ទស្សនីយ​ភាព និងព្រឹត្តិការណ៍​កីឡា​ជា​ច្រើន ដើម្បីបម្រើ​ដល់​​ការ​កម្សាន្ត​​របស់​អ្នក​ចូល​រួម​​ផ្ទាល់ ហើយ​សន្និបាត​ក្លិបឆ្នេរ​ស្អាត​ជាងគេ​ នៅលើ​​ពិភព​លោក ក៏ត្រូវ​ធ្វើ​ឡើង នៅ​ខេត្ត​ព្រះសី​ហនុ ក្នុង​ពេលជា​មួយគ្នា​នេះផង​ដែរ។

ចំពោះ​ប្រភេទ​កីឡា ដែល NOCC បាន​រៀបចំ​ឱ្យ​មាន​ការ​ប្រកួត នៅ​ក្នុង​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ រួមមាន​ការ​ប្រកួត​កីឡា​បាល់​បោះ​៣​នាក់​ទល់​៣​នាក់ ការ​រត់​ប្រណាំង​៣គីឡូ​ម៉ែត្រ និង​៥​គីឡូ​ម៉ែត្រ ការប្រណាំង​កង់​ចម្ងាយ​៤០​គីឡូ​ម៉ែត្រ ២០​គីឡូ​ម៉ែត្រ និងការ​ជិះកង់​កម្សាន្ត​ចម្ងាយ​១៥​​គីឡូ​ម៉ែត្រ ព្រមទាំង​ការ​ប្រកួត​កីឡា​ប្រដាល់​គុនខ្មែរ​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ ឆ្នាំ​២០២២ និងការ​បង្ហាញសមត្ថ​ភាព​របស់ក្រុម​ទូកក្តោង នៅ​លើផ្ទៃ​សមុទ្រ ដើម្បី​ផ្តល់​ភាព​រីក​រាយ សម្រាប់​អ្នក​ចូល​រួម​ទាំង​អស់៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម