មន្រ្តីជំនាញ​របស់ CAMSOC ថា ​គំរូមេដាយ និងភ្លើង​គប់ មាន​លក្ខណៈពិសេស រំលេចពីគុណ​តម្លៃ​ស៊ីហ្គេម នៅ​កម្ពុជា

គំរូមេដាយ

មន្រ្តីជំនាញ​របស់​គណៈ​កម្មាធិការជាតិ​រៀបចំការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) លោក វ៉ាត់​ ចំរើន បានអះអាង​ថា ទាំងគំរូមេដាយ និងគំរូ​ភ្លើង​គប់ ដែល​នឹង​ត្រូវ​ប្រើប្រាស់ សម្រាប់ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣ ខាងមុខ​នេះ សុទ្ធតែមាន​លក្ខណៈពិសេសេ ហើយបានរំលេចចេញ​នូវគុណ​តម្លៃ​នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត​របស់កម្ពុជា មួយនេះ។​

លោក វ៉ាត់ ចំរើន បាន​ថ្លែង​ថា៖ «​យើងបានបង្ហាញអំពីការ​ធ្វើគំរូ​ភ្លើងគប់ និងគំរូ​មេដាយ ដើម្បីដាក់​ឱ្យសហព័ន្ធជាតិ​មើល​ឃើញ​ថា អ្វីដែល​យើង​ធ្វើនេះ ពិតជាវត្ថុមួយ ដែលអាច​លើក​ទឹក​ចិត្ត​ដល់​កីឡាករ និងពិធីយើងបាន ព្រោះ​យើង​​ឃើញ​ថា​ គំរូមេដាយ ក៏មានលក្ខណៈពិសេស  គំរូ​ភ្លើងគប់ ក៏មាន​លក្ខណៈពិសេស​ ដែល​បានរំលេច​ដល់គុណ​តម្លៃ​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​របស់​យើង»។

Category Top

លោក វ៉ាត៉ ចំរើន

ការ​លើកឡើង​បែបនេះ​របស់​លោក វ៉ាត់ ចំរើន ត្រូវបាន​ធ្វើ​ឡើង នៅក្នុងកិច្ច​ប្រជុំជាមួយ​សហព័ន្ធ​កីឡាជាតិ ទាំង​៣៨ នៅទី​ស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា (NOCC) កាលពី​ថ្ងៃព្រហស្បតិ៍ ម្សិលមិញ ហើយ​ក៏ជាពេលដែល CAMSOC ​បានបង្ហាញ​នៅ​គំរូ​មេដាយ និងគំរូភ្លើង​គប់ ដែល​ត្រូវប្រើប្រាស់ សម្រាប់ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅកម្ពុជា​ ឱ្យសហព័ន្ធជាតិ​ទាំង​៣៨ បាន​​​ឃើញផងដែរ ​ដើម្បី​ធ្វើ​ឱ្យ​ពួកគេ កាន់តែ​មាន​ទឹក​ចិត្ត ក្នុងការបំពេញ​ការងារ សម្រាប់​ឈាន​ទៅសម្រេចជោគជ័យរួម ក្នុងព្រឹត្តិការណ៍​ដ៏ធំ មិន​ធ្លាប់មាន​នៅ​កម្ពុជា​មួយនេះ។

លោក វ៉ាត់ ចំរើន បានបន្ថែម​ថា៖ «មេដាយ គ្រាន់តែ​ឃើញ គឺ​កីឡាករ កីឡាការិនី​ ចង់ដណ្តើម ចង់​យកមក​ធ្វើជា​កិត្តិយស​​របស់គាត់តែម្តង អ៊ីចឹងនេះជា​រឿង​សំខាន់ ក្នុង​ថ្ងៃនេះ ហើយជំរុញ​ផែនការជាបន្តបន្ទាប់​ទៀត។ អ្វីដែល​យើងសង្កត់ធ្ងន់ គឺ​យើងចង់​ឱ្យមានស្មារតី​រួម និង​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​ឱ្យ​ក្លាយជា​ធ្លុងមួយ កុំ​ឱ្យ​មានការ​បែក​បាក់​គ្នា ក្នុង​ដំណើរ​ការ​នៃ​ការរៀបចំ​ស៊ីហ្គេម»។

លោក វ៉ាត់ ចំរើន ក្នុងសន្និសិទកាសែត

បន្ថែម​ទៅលើ​ការ​មានសាមគ្គីភាព​ផ្ទៃក្នុង​នេះ លោក វ៉ាត់ ចំរើន ក៏បាន​លើក​ទឹក​ចិត្ត​ទៅ​ដល់សហព័ន្ធកីឡា​ទាំង​អស់ ចាំបាច់ត្រូវចេះ​ធ្វើការ​ងារជា​ក្រុម។ លោក​បញ្ជាក់ថា៖«ការធ្វើ​ការជាក្រុម ជាស្មារតីជួយគ្នា​ទៅវិញ​ទៅមក មិន​មែនស្មារតីបង្អាក់ដំណើរ​ការគ្នា​ទៅវិញ​ទៅមក​នោះ​ទេ អ៊ីចឹង​យន្តការ​នេះ យើងបាន​ពង្រឹង​ហើយ​​ពង្រឹង​​ទៀត ដើម្បី​យើងទាំងអស់​គ្នា ទាំង​សហព័ន្ធ​កីឡាជាតិ បូក​ជាមួយ CAMSOC និង​ក្រសួងអប់រំ យុវជន និងកីឡា គឺជាអ្នក​ដឹកនាំ​ទាំង​អស់​គ្នា ដើម្បីសម្រួច​ទៅរក​ជោគ​ជ័យ នៅ​ស៊ីហ្គេម ឆ្នាំ​២០២៣»៕

សិក្ខាកាមចូលរួម

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម