ភ្នំពេញក្រោន តាំង​ចិត្តដណ្តើមយក​​៣ពិន្ទុ ដើម្បី​រារាំង​ការឈ្នះពាន មុន​បិទ​រដូវ​កាល​របស់​ក្រុម​វិសាខា

កីឡាករភ្នំពេញក្រោន

គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន លោក Oleg Starynskyi បានចាត់ទុក​ការជួប​ក្រុមកំពុង​ឈរ​នៅលើ​កំពូល​តារាង​ វិសាខា នៅ​ថ្ងៃសៅរ៍នេះ​ថា ជា​ការ​ប្រកួតកាត់​សេចក្តី ហើយ​ជាមួយ​គ្នា​នេះ ក្រុម​ព្រះខ័នរាជស្វាយរៀង ដែល​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​បឹងកេត នៅថ្ងៃ​សៅរ៍នេះ​ដែរ ពិតជា​ចង់​ឃើញ ភ្នំពេញក្រោន ទទួលបាន​ជ័យជម្នះ ដើម្បី​ពួកគេ មាន​ឱកាសឡើង​វិញ ក្នុងការ​ប្រជែង​យកពាននេះ នាការ​ប្រកួត​បិទ​រដូវកាល។

វាជា​ការពិតណាស់ សម្រាប់ការ​ប្រកួត នៅ​ថ្ងៃសៅរ៍​នេះ ក្រុម​អ្នក​មាន​ វិសាខា នឹង​ក្លាយ​ជា​ម្ចាស់ជើងឯក បើ​សិនជា​ពួក​គេ ដណ្តើម​បាន​ត្រឹម​១ពិន្ទុ​ ជាមួយ​លទ្ធផល​ស្មើ​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន ព្រោះតាម​រយៈការ​ប្រកួតចំនួន​២៥​លើក​កន្លងមកនេះ វិសាខា មាន​៤៩ពិន្ទុ គឺ​លើស​ក្រុម​ភ្នំពេញ​ក្រោន និ​ង​ព្រះខ័នរាជស្វាយរៀង ចំនួន​៦ពិន្ទុដូចគ្នា ខណៈការ​ប្រកួត នៅសល់តែ​១លើក​ទៀត នឹង​បញ្ចប់​ជា​ផ្លូវការ​ហើយ។

Category Top

ភ្នំពេញក្រោន

យ៉ាង​ណាក៏​ដោយ លោក Oleg Starynskyi បាន​បង្ហាញ​ការ​ជឿជាក់​ខ្លាំង​ថា ក្រុម​សិង្ហក្រហម​ភ្នំពេញ​​ក្រោន​របស់​លោក នឹង​អាចដណ្តើម​បាន​៣ពិន្ទុពី​ក្រុមម្ចាស់​ផ្ទះ​វិសាខា សម្រាប់ការ​ជួបគ្នា នៅកីឡដ្ឋាន​ព្រីនស៍ នា​ល្ងាចម៉ោង ៦:៣០ ថ្ងៃសៅរ៍នេះ ដើម្បី​ដណ្តើម​បាន​ភាគ​រយខ្ពស់មក​វិញ ក្នុង​ការប្រជែង​យកពាន​នេះ។

តាម​រយៈ​ភ្នំពេញ​ក្រោន លោក Oleg Starynskyi បាន​និយាយ​ថា៖ «នេះគឺជាការប្រកួតដែលកាត់សេចក្តី ហើយសម្រាប់គោលដៅរបស់យើងគឺ៣ពិន្ទុពីការប្រកួតនេះ ខ្ញុំរំពឹងថាវាគឺជាការប្រកួតជក់ចិត្តមួយសម្រាប់អ្នកគាំទ្រនៅថ្ងៃសៅរ៍នេះ ។ កីឡាកររបស់យើង កំពុងធ្វើបានល្អ ហើយ​ពួកគេមានការលើកទឹកចិត្ត និងភាពជឿជាក់។ ការហ្វឹកហាត់បានបង្ហាញឱ្យ​ខ្ញុំដឹងថា កីឡាកររបស់យើង កំពុងតែធ្វើការខ្លាំងណាស់ និងកំពុងស្រេកឃ្លានការប្រកួត»។

គ្រូភ្នំពេញក្រោន

តែទោះបីជា​យ៉ាង​ណា ភា​ពជឿជាក់​របស់​ភ្នំពេញ​ក្រោន នៅមិនទាន់​ប្រាកដ​ថា អាច​បង្អាក់ដំណើរ​ក្រុម​វិសាខា ក្នុង​ការ​ឈ្នះ​ពាន មុន​បិទ​រដូវកាល ឬយ៉ាង​ណា​នោះ​ទេ ព្រោះ​ពេល​នេះ វិសាខា ក៏មានឆន្ទៈ​ប្រកួត​ខ្ពស់ ខណៈ​កីឡាករ Paulo Victor បាន​​ប្តេជ្ញា​ចិត្តខ្ពស់ ក្នុងការ​ជួយ​ឱ្យ វិសាខា ទទួលបាន​ជ័យជម្នះ។

តាម​រយៈ​ក្លិប​វិសាខា ខ្សែ​ប្រយុទ្ធ ធ្លាប់លេង​ឱ្យ​ភ្នំពេញក្រោន Paulo Victor បាន​និយាយ​ថា៖​ «​ការ​ប្តេជ្ញាចិត្ត​របស់​ខ្ញុំ គឺ​ដូច​គ្នា​នឹង​​ប៉ុន្មាន​ប្រកួត​​ចុងក្រោយ​នេះ​ដែរ ខ្ញុំ​នឹង​ប្រយុទ្ធ​ទាំង​ពេល​គ្មាន​បាល់ និង​នៅ​ពេល​ដែលខ្ញុំ​មាន​បាល់ ជាមួយទំនុក​ចិត្ត ដែល​ខ្ញុំ​មាន។ ខ្ញុំ​នឹ​ងបង្កើន​ឱកាសឱ្យ​ក្រុម ដើម្បី​​រក​គ្រាប់​បាល់ ដែល​យើង​ត្រូវការ និងដើម្បី​ជ័យជម្នះ ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃសៅរ៍នេះ»។​

វិសាខា

យ៉ាងណា​មិញ សម្រាប់​ក្រុម​ព្រះខ័នរាជស្វាយរៀង ត្រូវ​ជួបក្រុម​បឹងកេត នៅ​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃសៅរ៍​នេះ​ដែរ នៅលើ​ទឹក​ដី​ខ្លួនឯង ហើយ​ពួក​គេ ពិតជាត្រូវការ​ឈ្នះ​ខ្លាំង​បំផុត ដើម្បី​អាច​មានឱកាស​ប្រជែង​យក​ពាន​វិញ បើសិនជា វិសាខា បានចាញ់ ភ្នំពេ​ញក្រោន នៅ​ថ្ងៃ​សៅរ៍​នេះ ដែលនឹង​ធ្វើ​ឱ្យ​ក្រុមទាំង​៣​នេះ អាច​មាន​៤៩ពិន្ទុ​ស្មើ​គ្នា ហើយ​យកការ​ប្រកួតលើកទី​២៧ ចុង​ក្រោយ ដើម្បីកំណត់​រក​ក្រុម ត្រូវ​ឈ្នះ​ពាន​ពិតប្រាកដ នៅរដូវកាល ឆ្នាំ​២០២២នេះ៕

កីឡាករ វិសាខា

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម