ភាពជោគ​ជ័យពីការ​ប្រកួត​ថ្នាក់ជាតិ នាំ​ឱ្យ​ «គុនល្បុក្កតោ» កាន់តែមាន​សង្ឃឹម ក្នុងការ​សម្រួច​គោលដៅ ឆ្ពោះ​ទៅ​ស៊ីហ្គេម

កីឡាល្បុក្កតោកម្ពុជា

មន្រ្តីជំនាញ​របស់​សហព័ន្ធ​កីឡា​គុនល្បុក្កតោកម្ពុជា បានអះអាង​ថា ការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ បានដំណើរ​ទៅយ៉ាង​រលូន និង​បញ្ច​ប់​ដោយ​​ជោគ​ជ័យទាំង​ទៅលើសិទ្ធផល​នៃ​ការ​ប្រកួតប្រជែង​របស់កីឡាករ កីឡាការិនី និង​ការរៀបចំ​របស់​គណៈកម្មការ​បច្ចេកទេស ហើយ​លទ្ធផលនេះ បាន​ធ្វើ​ឱ្យ «គុនល្បុក្កតោ» កាន់តែមានសង្ឃឹម ក្នុងការ​សម្រួច​គោលដៅ ឈាន​ទៅ​ទទួលបានជោគ​ជ័យ សម្រាប់ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។

«ការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំ​ឆ្នាំ២០២២នេះ ជាការប្រកួតដ៏ធំប្រចាំឆ្នាំ និងទទួលបានជោគជ័យ ហើយជាក្តីសង្ឃឹមកាន់តែខ្ពស់ ដើម្បីសម្រួចគោលដៅ ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា»។ នេះជា​ការ​បញ្ជាក់​របស់​លោក អ៊ួ តារា បន្ទាប់​ពីការ​ប្រកួត​ថ្នាក់ជាតិ​ចំនួន​៣​ថ្ងៃ​នេះ បានបញ្ចប់ កាលពី​ថ្ងៃទី​៣០ ខែធ្នូ នៅ​សាល​នៃសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

Category Top

កីឡាល្បុក្កតោ

ជាមួយ​គ្នា​នោះ អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា លោក អ៊ួ តារា បាន​ឱ្យ​ដឹង​ទៀត​ថា គណៈកម្មការរៀបចំការប្រកួត បានរៀបចំទទួលបន្ទុកការធ្វើដំណើរ ការ​ហូបចុក ស្នាក់នៅរបស់ព្រឹទ្ធាចារ្យ គ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រម និងកីឡាករ កីឡាការិនី ដែលមកពី ២៥ សាលាគុន តាមបណ្តាខេត្តឆ្ងាយៗ ដោយក្នុងនោះ មានមកពី​១០រាជធានី-ខេត្ត និង ក្រសួង១ ដោយមានប្រតិភូគ្រូបង្វឹក ៤៣​នាក់ កីឡាករ ១០២ នាក់​ កីឡាការិនី៦៨ នាក់ គណៈកម្មការរៀបចំការប្រកួត ៤៨នាក់ និងក្រុមការងារស្ម័គ្រចិត្ត ២០ នាក់ សរុប ២៨១នាក់។

ចំពោះ​ការរៀបចំទីលានប្រកួតវិញ ត្រូវបាន​លោក អ៊ួ តារា អះអាង​ថា បានធ្វើឡើងត្រឹមត្រូវ ស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីសម្រួចទៅដល់ការរៀបចំការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ហើយ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាគុនល្បុក្កតោកម្ពុជា ដែល​មាន​លោក​បណ្ឌិតសភាចារ្យ ច័ន្ទ សារុន ជាប្រធាន ក៏​បានយកចិត្តទុកដាក់ខ្ពស់ ដើម្បីជំរុញឱ្យការប្រកួតឆ្នាំនេះ ដំណើរការដោយរលូន និងទទួលបាន​ជោគជ័យ។

ការប្រយុទ្ធគ្នាក្នុងកីឡាល្បុក្កតោ

លោក អ៊ួ តារា បានបញ្ជាក់ថា៖​«ដើម្បីត្រៀមលក្ខណៈសម្បត្តិ ឱ្យបានគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ គឺ​កីឡាគុនល្បុក្កតោ ត្រូវការការ​រួមចំណែកគ្រប់ភាគីពាក់ព័ន្ធមិនអាចខ្វះបាន ដើម្បីសម្រេចគោលដៅរួមគ្នា ក្នុងការជំរុញឱ្យ​គុនល្បុក្កតោ កាន់តែមានភាពល្បីល្បាញ ទាំងក្នុងស្រុក និងក្រៅស្រុក ឱ្យស័ក្ដិសមជាអ្នកបន្តវេនដ៏វៃឆ្លាតរបស់បុព្វបុរសខ្មែរយើង»។

យោងតាមគណៈកម្មការបច្ចេកទេសនៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បាន​ឱ្យ​ដឹងថា ជាលទ្ធផល​នៃ​ការ​ប្រកួត​ថ្នាក់ជាតិនេះ ក្រុមកីឡាគុនល្បុក្កតោ ក្រសួងមហាផ្ទៃ ឈរ​នៅចំណាត់ថ្នាក់លេខ​១ ដោយ​ដណ្តើមមេដាយមាស៥ ប្រាក់២ និងសំរឹទ្ធ៤គ្រឿង ខណៈក្រុមកីឡាគុនល្បុក្កតោ សុវណ្ណអង្គរនាគរាជ ខេត្តសៀមរាប ឈ្នះមេដាយមាស៤ ប្រាក់២ រីឯ​ក្រុមកីឡាគុន ល្បុក្កតោខេត្តតាកែវ (គោកធ្លក) ឈ្នះមេដាយមាស៣ ប្រាក់៣ សំរឹទ្ធ២ និងក្រុមកីឡាគុនល្បុក្កតោខេត្តតាកែវ ឈ្នះមេដាយមាស​២ ប្រាក់២ និងសំរឹទ្ធ១។

ការប្រកួតល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ

ចំណែកក្រុមកីឡាគុនល្បុក្កតោ អង្គរមានឫទ្ធិ ឈ្នះមេដាយមាស២ ប្រាក់១ សំរឹទ្ធ២ ក្រុមខេត្តកំពង់ឆ្នាំង ឈ្នះមេដាយមាស២ សំរឹទ្ធ៣ ក្រុមខេត្តរតនគិរី ដណ្តើមបាន​មេដាយមាស​១ ប្រាក់៣ សំរឹទ្ធ២ ក្រុមកងពលតូចថ្មើរជើងលេខ៥១ ឈ្នះមេដាយមាស១ ប្រាក់១ និងក្រុមកីឡា គុនល្បុក្កតោដំរីស ឈ្នះមេដាយមាស​១ សំរឹទ្ធ១ ហើយបំពាក់មេដាយ និង​ប្រគល់រង្វាន់​ដល់​ម្ចាស់​ជយលាភីទាំង​នេះ ត្រូវបាន​ធ្វើ​ឡើង ក្រោម​វត្តមានលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងលោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ទទួលបន្ទុករួមនៃក្រសួងអប់រំ យុវជន និងកីឡា៕

ការប្រកួតល្បុក្កតោ

ការប្រកួតជ្រើសរើសជើងឯកល្បុក្កតោ

ការសម្តែងល្បុក្កតោ

ជយលាភីល្បុក្កតោ

កីឡាករទទួលជ័យលាភី

ថ្នាក់ដឹកនាំកីឡាល្បុក្កតោ

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម