ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី​យក​ភ្លើង​ព្រះអគ្គីកីឡា នៅអង្គរវត្ត

ព្រះមហាក្សត្រ

កម្ពុជា តាម​រយៈ​គណៈកម្មាធិការជាតិ​រៀបចំការ​ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បានកំណត់​​យក​ថ្ងៃទី​២១ ខែមីនា ខាង​មុខ​នេះ ជា​ថ្ងៃ​​រៀបចំ​​ពិធី​យក​ភ្លើង​ «ព្រះអគ្គីកីឡា» ហើយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៅ​​ក្នុង​ពិធីនេះផ្ទាល់តែម្តង។

នៅក្នុង​កិច្ច​ប្រជុំ​របស់​គណៈអចិន្រ្តៃយ៍​របស់ CAMSOC  កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែមករានេះ​លោក​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ថោង ខុន ជា​អនុប្រធាន​អចិន្រ្តែយ៍ CAMSOC បាន​ធ្វើការ​ពិភាក្សា​យ៉ាងលម្អិត ដើម្បី​ត្រៀមរៀបចំ​ពិធី​យក​ភ្លើង​ព្រះអគ្គីកីឡា​នេះ សម្រាប់ប្រើប្រាស់ ជា​ភ្លើងគប់ នៅក្នុងពិធីបើក-បិទ ​ការ​ប្រកួត​កីឡាស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ជា​លើកដំបូងនេះ។

Category Top

កិច្ចប្រជុំ

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ថ្លែង ក្រោយ​កិច្ចប្រជុំ​ថា៖ «ការ​រៀបចំ​​ពិធី​យក​ភ្លើង​​ព្រះអគ្គីកីឡានេះ  នឹងត្រូវ​ធ្វើនៅ​ថ្ងៃទី​២១ ខែ​មីនា គឺ​ចំពេល​ដែលព្រះ​អាទិត្យ​រះចំ​កណ្តាល​កំពូលប្រាសាទ​អង្គរ​វត្ត​របស់យើង អ៊ីចឹង​យើង​បាន​កំណត់​ច្បាស់លាស់ ក្នុង​ការ​រៀបចំ ដោយលិខិត និងឯកសារ​នានា ដែល​សម្របសម្រួល គឺ​​សម្តេច​​តេជោ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ បាន​​ឯកភាព ក្នុងការ​ស្នើសុំ​ព្រះរាជ​តំណាង​ដ៏ខ្ពង់​ខ្ពស់​របស់​​ព្រះករុណា​ជីវិត​តម្កល់លើត្បូង​ ព្រះមហាក្សត្រ​នៃ​​ព្រះរាជាណាចក្រកម្ពុជា ព្រះ​អង្គប្រទាននូវ​​ភ្លើង​ព្រះអគ្គី​កីឡានេះ»។

សម្រាប់ការដាក់​ចេញនូវផែនការច្បាស់លាស់ ក្នុងការ​យក​ភ្លើងព្រះអគ្គី​កីឡា នៅ​អង្គរ​វត្ត​នេះ ត្រូវ​បាន​​​អ្នក​ជំនាញ​លោក វ៉ាត់ ចំរើន អះអាង​ថា គឺ​ធ្វើ​ឡើងទៅតាម​ទំនៀមទម្លាប់ប្រពៃណី​របស់​ខ្មែរ​ ព្រោះ​កាល​កម្ពុជា ធ្វើ​ជាម្ចាស់​ផ្ទះ ការ​ប្រកួត​កីឡា GANIFO ឆ្នាំ១៩៦៦ ក៏កម្ពុជា យក​ភ្លើង​អាទិទេព​នៅ​អង្គរ​វត្តដែរ។

Nocc

លោក វ៉ាត់ ចំរើន ដែល​ជា​អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា (NOCC) ផងនោះ បាន​បន្ថែម​ថា៖ «អ្វីដែល​យើងកំពុងរៀបចំ​កម្ម​វិធី គឺ​ព្រះ​ករុណា លោកជា​អង្គ​អាទិទេព ដែល​​ត្រូវព្រះទាន​ព្រះអគ្គីកីឡា ស៊ី​ហ្គេម​របស់យើង នៅតំបន់អង្គរ ព្រោះ​កាល​ប្រកួត​កីឡា GANIFO កាលពី​ឆ្នាំ​១៩៦៦ ក៏មានការ​រៀបចំយក​ភ្លើង​អាទិទេព​ពីអង្គរ​មក​ដែរ អ៊ីចឹង​យើង​ធ្វើឱ្យបានត្រឹម​ត្រូវ​ទៅ​តាម​គន្លង​ និង​របៀបរបបប្រពៃណី​នៃ​កីឡា​របស់យើង»។

បន្ទាប់​ពី​​បានរៀបចំយក​​ភ្លើងព្រះអគ្គី​កីឡា ​នៅ​អង្គរ​វត្ត នៅថ្ងៃទី​២១ ខែមីនា ខាងមុខនេះ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «យើង​នឹង​​​ធ្វើការ​រត់​វង់​តូច​អង្គរ​១ជុំ ហើយ​យើង​រក្សា​ភ្លើង​ហ្នឹង ដើម្បីបន្ត​រត់​ភ្លើង​គប់ នៅ​ក្នុង​តំបន់​អាស៊ាន ដោយយើង​ផ្តើម​ចេញពីប្រទេស​ហ្វីលីពីន និង​បន្ត​រៀបចំ នៅ​តាម​បណ្តា​​ប្រទេស​ផ្សេងៗ​ទៀត រួច​បាន​ចូល​តាម​ឡាវ និង​ចូលមក​ព្រះរាជ​ណាចក្រ​​កម្ពុជាយើងវិញ ដើម្បីយើង​រៀបចំ​រត់​ជុំវិញបឹងទន្លេសាប រហូតដល់​ថ្ងៃទី​៥ ខែឧសភា​ ជា​ពិធី​បើកការ​ប្រកួត​ស៊ីហ្គេម ជា​ផ្លូវការតែម្តង នៅពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ»៕

Camsoc

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម