ព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាង CPL ដោយសារមួយគ្រាប់ចុងម៉ោងរបស់ មិន រតនៈ

កីឡាករវ័យក្មេង មិន រតនៈ បានជួយឲ្យព្រះខ័នរាជស្វាយរៀង បន្ដកំណត់ត្រាឈ្នះទី១០ នៅនាទីចុងក្រោយ ក្នុងការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៣/២០២៤ សប្ដាហ៍ទី១០ ដោយបានយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ ១-០ នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីរាត្រីថ្ងៃទី០៥ ខែវិច្ឆិកាកន្លងទៅ ។

Category Top

ជំនួបជើងទី២ រវាងក្រុមទាំងពីរ ក៏មិនខុសពីជើងទី១ ប៉ុន្មានដែរ ដោយការប្រកួតនេះ បានបញ្ចប់ជាមួយលទ្ធផលដ៏តានតឹង បន្ទាប់ពីចំណាយពេលស្ទើរពេញម៉ោង ទើបមានគ្រាប់បាល់កើតឡើង ពីសំណាក់ខ្សែបម្រើ-ប្រយុទ្ធវ័យ ២១ឆ្នាំ មិន រតនៈ នៅនាទី៩០+៦ ដែលជួយឲ្យព្រះខ័នរាជស្វាយរៀង រក្សាជ័យជម្នះលើក្រុមកងយោធពលខេមរភូមិន្ទ បន្ទាប់ពីជើងទី១ ពួកគេក៏បានយកឈ្នះក្រៅដី ២-០ ផងដែរ ។

 

ជាមួយជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ បន្ដកំណត់ត្រាឈ្នះ ១០ប្រកួតជាប់ៗគ្នា ដើម្បីបន្ដគ្រងតំណែងកំពូលតារាង ដោយរកបាន ៣០ពិន្ទុពេញ ហើយក៏បន្ថែមគម្លាតពិន្ទុពីគូប្រជែងកាន់តែឆ្ងាយផងដែរ ពោលគឺបាននាំមុខក្រុមភ្នំពេញក្រោន ដែលឈរលេខរៀងទី២ រហូតដល់ ៨ពិន្ទុ បន្ទាប់ពីក្រុមការពារតំណែងជើងឯកនេះ បានប្រកាសស្មើក្រុមបឹងកេត ៥-៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

 

ដោយឡែកលទ្ធផល ៣គូផ្សេងទៀត ក្រុមព្រៃវែង បានយកឈ្នះក្រុមណាហ្គាវើលដ៏វិញ ក្នុងជំនួបជើងទី២ ដោយលទ្ធផល ៤-០ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ បន្ទាប់ពីរងបរាជ័យ ៤-៥ ក្នុងដី កាលពីជើងទី១ ស្របពេលក្រុមអង្គរថាយហ្គឺរ បានវាយបកឈ្នះក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ២-១ លើកទឹកដីសៀមរាប ក្រោយរងបរាជ័យ ១-០ កាលពីជើងទី១ ដូចគ្នា ។ រីឯ ១គូទៀត គឺក្រុមវិសាខា បានយនបន្ដយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ២-០ ដូចកាលពីជើងទី១ ដែរ ។

 

ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី១០ ក្រៅពីក្រុមព្រះខ័នរាជស្វាយរៀង ដែលឈរកំពូលតារាង និងរកបាន ៣០ពិន្ទុពេញ ក្រុមភ្នំពេញក្រោន បន្ដឈរលេខ២ រកបាន ២២ពិន្ទុ តាមពីក្រោយដោយវិសាខា ដែលមាន ២១ពិន្ទុ និងក្រុមបឹងកេត ទើបរកបាន ១៤ពិន្ទុ ឈរលេខ៤ គ្រាដែលក្រុមចំណូលថ្មីព្រៃវែងអេហ្វស៊ី និង ISI ដង្កោសែនជ័យ រកបាន ១៣ពិន្ទុស្មើគ្នា ។ រីឯក្រុមកងយោធពលខេមរភូមិន្ទ មាន ១០ពិន្ទុ ឈរលើក្រុមអង្គរថាយហ្គឺរ ដែលមាន ៩ពិន្ទុ ស្របពេលអង្គរថាយហ្គឺរ បានរំកិលមកឈរលេខ៩ និងមាន ៧ពិន្ទុ ទម្លាក់ក្រុមគិរីវង់ ទៅឈរបាតតារាងវិញ ដែលទើបរកបាន ៥ពិន្ទុ ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម