ប្រេស៊ីល បង្ហាញ​សាច់​ដុំ​ក្នុង World Cup ដើម្បី​ឈ្នះ​កៅអី​​ទៅ​ជួប ក្រូ​អាស៊ី នៅ​វគ្គ​៨​ក្រុម

Brazil

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល ​បាន​បង្ហាញ​ពី​ទម្រង់​លេងក្នុងកម្រិត​​​កំពូល​របស់​ពួក​គេ ក្នុង​ពេល​​ដែល​ Neymar វិល​ត្រឡប់​ចូល​លេង​វិ​ញ​ក្នុង​ជម្រើស​​ដំបូង ដើម្បីលត់ក្រុម​ជម្រើសជាតិ​កូរ៉េ​ខាង​ត្បូង ​យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធ​ផល ៤-១ កាលពីថ្ងៃ​ចន្ទ ទី​៥ ខែ​ធ្នូ និង​ឈាន​ទៅ​ជួប​ក្រុម​ជម្រើស​ជាតិក្រូ​អាស៊ី ក្នុង​វគ្គ​៨​ក្រុម​​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup​។

Neymar បាន​អវត្ត​មាន​ក្នុងការ​ប្រកួត​ចំនួន​២លើក ដោយ​សារ​តែ​បញ្ហា​របួស​ក​ជើង ប៉ុន្តែ នៅពេល​ដែលកីឡាករ​ដែលមានតម្លៃខ្លួន​ខ្ពស់​បំផុត​ក្នុង​ពិភព​លោក​រូបនេះ វិល​ចូល​លេង​វិញ ប្រេស៊ីល បាន​បង្ហាញពី​កម្រិត​លេង​យ៉ាង​មុតស្រួច នាកីឡដ្ឋាន Stadium 974​។ នេះ​គឺ​ជា​លើក​ទី​១​ហើយ ដែល​ប្រេស៊ីល បាន​ស៊ុត​បាល់បញ្ចូល​ទី​៤​គ្រាប់ ក្នុង​វគ្គ​ចាញ់​-ធ្លាក់នៃ​ព្រឹត្តិការណ៍ World Cup បើ​គិត​ចាប់​តាំងពីឆ្នាំ​១៩៩៨ ហើយ​​ការ​បង្ហាញពី​ទម្រង់លេង​ដ៏​មុតស្រួច​នេះ គឺ​ជា​​សារ​ដាស់​តឿន​មួយ​ដល់គូ​ប្រកួត​របស់​ខ្លួន​ថា ប្រេស៊ីល កំពុង​តែ​ដាក់​គោល​ដៅលើ​ការ​ឈ្នះពាន​ជាលើក​ទី​៦​របស់​ពួកគេ​។

Category Top

Neymar

Neymar បាន​ឲ្យដឹងថា៖ «ពិត​ណាស់ យើង​កំពុង​តែ​​សុបិន​ចង់​ឈ្នះពាន ប៉ុន្តែ យើង​ត្រូវ​តែ​ធ្វើ​ដំណើរម្តង​មួយ​ជំហាន​»​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ អ្នក​ចាំទី Dominik Livakovic បានក្លាយ​ជា​វីរ​បុរស​របស់ក្រុម​ជម្រើស​ជាតិក្រូអាស៊ី ក្នុងការ​ប្រកួត​វគ្គ​១៦ក្រុម​ចុងក្រោយ គូ​បើក​ឆាកនៅ​ថ្ងៃ​ដដែល​នោះ តាមរយៈ​​សង្គ្រោះ​បាល់​ប៉េណាល់ទី​៣​គ្រាប់ ក្នុង​ការ​ស៊ុត​បាល់​ប៉េណាល់ទី​កាត់សេចក្តី ខណៈ​ដែល​​ក្រុម​របស់​គេ​ផ្តួល​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ក្រោយពី​ក្រុម​ទាំង​២ បាន​រក្សា​លទ្ធផល​ស្មើ ១-១ បន្ទាប់​ពី​នាទី​បន្ថែម​១៥​នាទី​២​ដង​។

ហេតុនេះ ប្រេស៊ីល នឹង​ត្រូវ​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើស​ជាតិ​ក្រូ​អាស៊ី នៅថ្ងៃ​សុក្រ ទី​៩ ខែ​ធ្នូ​ ពោល​គឺ​នៅថ្ងៃ​តែ​មួយ​ដែល​អាហ្សង់ទីន ជួប​ជាមួយ​នឹង ក្រុមជម្រើស​ជាតិហូ​ឡង់​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម