ប្រធានសហព័ន្ធ និយាយបែបនេះ ទៅកាន់អ្នកជំនាញ ស្របពេលក្រុមប្រណាំងកង់ ២៨៥នាក់ កំពុងប្រកួតគ្នា នៅសៀមរាប

ការប្រណាំងកង់

ក្រុមកីឡាករ កីឡាការិនី​ប្រណាំងកង់ចំនួន២៨៥នាក់ បាន​នឹង​កំពុង​ធ្វើការ​ប្រកួត​ប្រជែង​គ្នា នៅ​លើទឹក​ដី​​ខេត្តសៀម​រាប នៅថ្ងៃ​នេះ ដើម្បីប្រជែង​គ្នា​យក​មេដាយ ក្នុងព្រឹត្តិការណ៍ប្រកួត​កីឡា​​​ទោចក្រ​យាន​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២២ ហើយជាមួយគ្នា​នេះ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជ​កម្ម លោក ប៉ាន សូរស័ក្តិ ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាទោចក្រយាន បាន​ស្នើឱ្យ​អ្នក​ជំនាញ​​កីឡា​ទោចក្រយាន និង​គ្រូបង្វឹក ត្រូវ​​ខិតខំ​យក​ចិត្ត​ទុក​ដាក់ផ្តល់​នូវវិធីសាស្ត្រល្អៗ និង​បច្ចេក​ទេសគន្លឹះថ្មីៗ បន្ថែមទៀតដល់កីឡាករ កីឡាការិនី​កម្ពុជា ដើម្បី​​ជាការ​តម្រង់​ទិស ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ចំពោះ​​កីឡាករ​ កីឡា​ការិនី ​ចូលរួម​សរុប​​២៨៥​នាក់នេះ ត្រូវបាន​បែងចែក​ការ​ប្រកួត​ជា២ផ្នែក គឺ​​អ្នក​ចូល​ប្រកួត​ប្រណាំង​កង់​គួ​ក មាន​ចំនួន​៨០​នាក់ ​និង​ប្រភេទ​កង់​ភ្នំ​មាន​ចំនួន​២០៥​នាក់​ ហើយ​សម្រាប់​កង់​គួក ​មាន​ការ​ប្រណាំង​កង់​គួ​ក​បុរស​ថ្នាល (Man Junior Road Bike) អាយុ​១៨​ឆ្នាំ​ចុះ​ក្រោម​, កង់​គួ​ក​បុរស​ឈុត​ធំ(Man Elite Road Bike)ចាប់​ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ និង​កង់​គួ​ក​បុរស(Man Master Road Bike)​ចាប់ពី​អាយុ​៤០​ឆ្នាំ​ឡើង​ទៅ ​ដោយ​៣​វិញ្ញា​សា​នេះ ត្រូវ​ប្រកួត​លើ​ចម្ងាយ​ផ្លូវ​១៦០​គីឡូ​ម៉ែត្រ​ដូចគ្នា​។

Category Top

ប្រណាំងកង់

ចំណែក​ការ​ប្រណាំង​កង់​ភ្នំ មាន​៤​វិញ្ញា​សា ​គឺ​កង់​ភ្នំ​បុរស​ថ្នាល (Man Junior MTB) អាយុ​១៨​ឆ្នាំ​ចុះ​ក្រោម​, កង់​ភ្នំ​បុរស​ឈុត​ធំ(Man Elite MTB) ចាប់​ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​, កង់​ភ្នំ​នារី (Woman MTB)ចាប់​ពី​អាយុ​១៥​ឆ្នាំ​ឡើង​ទៅ​និង​កង់​ភ្នំ​បុរស(Man Master MTB) ចា​ប់ពី​អាយុ​៤០​ឆ្នាំ​ឡើង​ទៅ ​ដោយ​៤​វិញ្ញា​សា​នេះ​ ប្រកួត​លើ​រយៈ​ចម្ងាយ​ផ្លូវ​សរុប​២៤​គីឡូ​ម៉ែត្រ​ដូច​គ្នា​។​

​ចំពោះ​កម្ម​វិធី​ប្រកួត​នេះ ​លោក​ នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធខ្មែរ​កីឡា​ទោចក្រយាន បាន​ឱ្យដឹង​ថា កីឡាក​រ កីឡា​ការិនី​ ចូល​រួមទាំង​អស់ ​បាន​​កម្តៅ​សាច់​ដុំ និង​​ពិនិត្យ​ផ្លូវ​ប្រណាំង​ រួច​រាល់ កាលពី​ចន្ទ ហើយ​នៅថ្ងៃ​អង្គារនេះ ជាថ្ងៃ​ប្រកួត​តែម្តង ដោយ​ក្នុងនោះ ​ក្រុម​​កង់​គួ​កទាំង​៣​វិញ្ញា​សា កំពុងប្រកួត​គ្នា ដោយ​​ចេញ​ដំណើ​រ និង​ដល់ទី​ផ្តាច់​ព្រ័ត្រ នៅ​មុខ​ប្រាសាទ​អង្គ​រវត្ត​។ រីឯ​​ក្រុម​​កង់​ភ្នំ ​ទាំង​៤​វិញ្ញា​សា នឹ​ង​ត្រូវ​ប្រកួត នៅពេលរសៀល ដោយ​ធ្វើនៅ​ជើងភ្នំ​ហ៊ប់ ​ឧទ្យាន​ជាតិ​ភ្នំ​គូ​លែន ខេត្ត​សៀម​រាប។

ក្រុមកីឡាករប្រណាំងកង់

លោក នូ ​ចំរើន បាន​បញ្ជាក់​ថា​៖ «​ការ​ប្រកួត​ថ្នាក់​ជាតិ​នេះ ​យើង​បាន​សហ​ការ​ពី​ខេត្ត ក៏ដូចជា​អាជ្ញាធរ​មូល​ដ្ឋាន ​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​ និង​បងៗ​ជា​កង​កម្លាំង ​គឺ​យើង​ត្រូវ​ធ្វើការ​ជា​មួយ​គ្នា​ឱ្យបាន​ល្អ ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេក​ទេស​កីឡាករ​ កីឡា​ការិនី ក៏ដូច​ជា​គណៈ​កម្មការ​ជា​មន្ត្រី​បច្ចេក​ទេស សម្រាប់​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ ឆ្នាំ​២០២៣ ​ដែល​កម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​»​។

​ទន្ទឹមនឹងនេះ លោក ប៉ាន សូរស័ក្តិ ​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាទោចក្រយាន បាន​ស្នើ​ដល់​មន្ត្រី​បច្ចេកទេស គ្រូបង្វឹក ​ជា​សិក្ខាកាម ដែល​ទើប​បាន​បញ្ចប់​វគ្គ​​បណ្តុះបណ្តាល​បច្ចេកទេស​ស្នង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ទោចក្រ​យាន ឆ្នាំ២០២២ ហើយកំពុងចូល​រួម​​រៀបចំការ​ប្រកួតថ្នាក់ជាតិ​នេះ ត្រូវ​យក​​​ចំណេះ​ដឹង ​ដែល​ខ្លួន​ទទួល​បាន​នេះ ទៅចែករំលែក​បន្ត​ដល់​សមាគម-ក្លិប និង​​ក្រុម​កីឡាករ កីឡាការិនី​របស់​រាជធានី-ខេត្តរៀងៗខ្លួន ស្របតាម​ផែនការ​អភិវឌ្ឍ​ជំនាញ​បច្ចេកទេស ​សម្រាប់​​ការ​​ប្រកួត​កីឡា​ស៊ីហ្គេម នាឆ្នាំ២០២៣។

កីឡាករប្រណាំងកង់ភ្នំ

លោក ប៉ាន សូរស័ក្តិ បាន​ថ្លែង ក្នុងពិធីបិទ​វគ្គបណ្តុះបណ្តាល កាលពី​ថ្ងៃទី​២៥ ខែធ្នូ ថា៖ «ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិ​សាស្រ្ត​​​នេះ ​នឹង​ឈាន​ចូល​មក​ដល់​ត្រឹម​ជាង​១០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ ដូច្នេះ​តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ទាំង​អស់​គ្នា ដែល​ជា​ប្រធាន អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង និង​​​សមាជិក​ប្រតិបត្តិ​គ្រប់​ផ្នែក និងការ​យក​អស់​កម្លាំង​កាយ ប្រាជ្ញា​ស្មារតី​របស់​គ្រូ​បង្វឹក​គ្រប់រូប ព្រម​ទាំង​ការព្យាយាម​ហ្វឹកហាត់​ជាប្រចាំ​របស់​ក្មួយៗ កីឡាករ កីឡា​ការិនី គឺ​ពិត​ជា​នឹង​ធ្វើ​ឱ្យ​សហព័ន្ធខ្មែរ​កីឡា​ទោចក្រយាន​ ​ទទួល​​បាន​​ជយលាភី​​គ្រប់​វិញ្ញាសា​​​ប្រកួត ​​ជាក់​ច្បាស់​ជា​មិន​ខាន​ឡើយ»៕

ព្រឹត្តិការណ៍ប្រណាំងកង់

លោក ប៉ាន សូរស័ក្តិ

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម