ប្រធាន​សហព័ន្ធ​វាយសីកម្ពុជា ថា បើហាត់​លំៗ យើងមិនអាច​ឈ្នះបានមេដាយមាស នៅ​ស៊ីហ្គេម នោះទេ

សហព័ន្ធកីឡាវាយសី

លោក​ឧត្តមឧត្តមសេនីយ៍ឯក លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយសី​កម្ពុជា ​បាន​ប្រាប់​ទៅ​​គ្រូ​បង្វឹក និង​កីឡាករ កីឡាការិនី ​នៅ​ក្នុង​ពិធី​បិទ​វគ្គ​សាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាវាយសី កម្រិត​១ ឆ្នាំ២០២២ កាលពី​ថ្ងៃទី​២១ ខែធ្នូ ត្រូវបង្កើន​ការ​​ហ្វឹកហាត់​ឱ្យបាន​ខ្លាំង ទើប​អាច​មាន​លទ្ធភាព ​ទៅ​​ដណ្តើម​​យក​​​​មេដាយមាស នៅ​ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេសកម្ពុជាបាន។​

លោក លី កុសល បាន​អះអាង​ថា ការ​ហ្វឹកហាត់លំៗ ដោយមិន​យក​ចិត្តទុកដាក់ នឹង​មិនអាច​ធ្វើ​ឱ្យក្រុម​វាយសីកម្ពុជា ឈាន​ទៅ​ដណ្តើម​បានមេដាយមាស នៅស៊ីហ្គេម បាន​នោះទេ ហេតុ​នេះ​ហើយ ទើបសហព័ន្ធ​កីឡាវាយសី​កម្ពុជា បាន​រៀបចំ​ទិស​ដៅ និង​ផែនការការងារ ក្នុងការបង្កើន​គុណ​ភាព​ហ្វឹកហាត់របស់ក្រុមជម្រើសជាតិ។

Category Top

សិក្ខាកាមវាយសីកម្ពុជា

​ប្រធានសហព័ន្ធ​កីឡា​វាយសីកម្ពុជា​រូបនេះ បានថ្លែង​ថា៖ «សម្រាប់ទិសដៅ និង​ផែន​ការការងារ​ យើង​បានលើក​​តាម​​ឆ្នាំ​នីមួយៗហើយ គឺ​យើងបានខិតខំ​ខ្លាំង​ហើយ សម្រាប់​ត្រៀម​ការ​ប្រកួត​​​ស៊ីហ្គេម ឆ្នាំ​២០២៣ ប៉ុន្ដែ​ក្រោយពីស៊ីហ្គេម ក៏យើងត្រូវខិតខំឱ្យ​មាននិរន្ដភាព ក្នុង​ការ​ហ្វឹកហាត់ និង​​ជំរុញ​​ការ​​អភិវឌ្ឍ​បន្ថែមទៀត ហេតុនេះ​យើងតែងតែ​មានការហ្វឹកហាត់ និង​ប្រកួត​​នៅក្រៅ​​ប្រទេស ជារៀងរាល់​ឆ្នាំ»។

លោក​បានបញ្ជាក់ថា៖ ​«​កាលណាយើងចង់បានមេដាយមាស ឬកម្រិតមេដាយណាមួយ ទាល់​​​តែ​យើង​ខ្លាំង​ ហើយ​​យើង​ខ្លាំងបាន ទាល់តែ​យើងហ្វឹកហាត់ឱ្យ​បាន​ខ្លាំង ទើប​​ការ​​ចេញ​ទៅ​ប្រកួត​​បានខ្លាំង​ ប៉ុន្តែ​បើហាត់​លំៗ មិន​យក​ចិត្តទុកដាក់​ ហើយ​​យើងចង់​បានមេដាយមាស​ គឺ​មិនងាយនោះទេ»។

លោក លី កុសល

យ៉ាង​ណាក៏​ដោយ ជាមួយនឹងការជំរុញ​ឱ្យ​គ្រូ​បង្វឹក និងកីឡាករ កីឡាការិនី​ បង្កើន​ការ​ហ្វឹក​ហាត់ឱ្យបានខ្លាំងនេះ លោក លី កុសល បានអះអាង​ថា លោក​នៅតែ​មាន​ផែន​ការ​​ហ្វឹកហាត់ នៅ​ក្នុងប្រទេស​ជា​រៀងរាល់ឆ្នាំ រួច​បញ្ជូនក្រុមជម្រើសជាតិ​វាយសី ចេញ​ទៅ​ប្រកួត​ជាមួយ​បរទេស ក្នុងព្រឹត្តិការណ៍​ធំៗ នៅក្រៅ​ប្រទេស ដើម្បីបង្កើនសមត្ថ​ភាព និងវាស់ស្ទង់​កម្រិតបច្ចេកទេស​ជាក់ស្តែង។

ជាមួយគ្នានេះ សម្រាប់​​វគ្គ​សាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាវាយសី កម្រិត១ ឆ្នាំ​២០២២ នៅទីស្នាក់ការ​គណៈកម្មា​ធិការ​ជាតិ​​អូឡាំពិកកម្ពុជា (NOCC) ដែល​បាន​​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៦ ដល់​​ថ្ងៃទី​២១ ខែធ្នូ​ សហព័ន្ធ​កីឡាវាយសីកម្ពុជា បាន​ទទួល​នៅធនធាន​គ្រូ​បង្វឹក​ចំនួន​​២៥​នាក់ សម្រាប់​ចូល​រួម​ជួយបណ្តុះបណ្តាល​ធនធាន នៅតាម​ក្លិប-សមាគម រាជធានី និងខេត្ត។

សិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាល

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធ​កីឡា​វាយសីកម្ពុជា បានឱ្យ​ដឹងថា សិក្ខា​កាម​ចំនួន​២៥នាក់ (ស្រី​៨នាក់) នេះ មាន​មក​ពី១១ក្លិប-សមាគម និងរាជធានី-ខេត្ត ហើយ​ទទួលបានការ​បណ្តុះបណ្តាល​ពី​​គ្រូឧទ្ទេស​លោក Sambenthan Sivaperumal មក​ពី​សហ​ព័ន្ធ​កីឡា​វាយ​សីអាស៊ី (BA)។

ជាលទ្ធផលនៃការសិក្សា​ទាំងទ្រឹស្ដី និង​ការ​អនុវត្ត​ជាក់​​ស្ដែង​​នៅ​លើ​ទីលាន គ្រូឧទ្ទេស​លោក Sambenthan Sivaperumal បាន​វាយ​តម្លៃ​ថា សិក្ខាកាម​​ទទួល​បាន​និទ្ទេសល្អ មានចំនួន​៥០ភាគ​រយ និទ្ទេសមធ្យម ២០ភាគ​រយ និង​និទ្ទេស​ខ្សោយ ចំនួន៣០​ភាគ​រយ។ ទន្ទឹម​នឹងនេះ សហព័ន្ធ សង្ឃឹមថា សិក្ខាកាមទាំងអស់ នឹង​​យក​ចំណេះ​​ដឹង​ទាំង​នេះ ​​ទៅ​អភិវឌ្ឍ​ធនធាន​មនុស្ស នៅ​តាមក្លិប និងបណ្តាខេត្តនានា ដើម្បីឱ្យ​វិស័យ​កីឡា​វាយសី​នៅ​កម្ពុជា ​មាន​​សក្តានុពល ដូច​​បណ្តា​ប្រទេស​​ជិត​​ខាង​​នៅ​​ក្នុង​តំបន់៕

ក្រុមអ្នកចូលរួមវគ្គបណ្តុះបណ្តាល

ក្រុមអ្នកចូលរួមវគ្គបណ្តុះបណ្តាលកីឡាវាយសី

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម