ប្រធានសហព័ន្ធ​លើក​ទម្ងន់ថា យើង​ត្រូវ​ចេះ​ឯកភាព​គ្នា​ជា​ធ្លុង​មួយ ទៅ​តាមជំនាញ ទើបមិនមានជម្លោះ

សហព័ន្ធលើកទម្ងន់

ប្រធានសហព័ន្ធ​កីឡា​លើក​ទម្ងន់កម្ពុជា លោក វ៉ាត់ ចំរើន បានជំរុញ​ឱ្យ​មន្រ្តី​បច្ចេកទេស និងគ្រូ​បង្វឹកលើប្រភេទ​កីឡា​នេះ ត្រូវ​មានការបង្កើន​នូវចំណេះជំនាញ និងសមត្ថ​ភាព តែត្រូវឱ្យ​ស្រប​ទៅតាម​បច្ចេកទេស ពិសេសត្រូវ​ចេះ​ឯកភាព​គ្នា​ជា​ធ្លុង​មួយ ទៅ​តាមជំនាញនេះទៀត ទើបគ្រួសារ​កីឡាលើកទម្ងន់​កម្ពុជា អាច​ឈាន​ទៅ​ទទួលបាន​លទ្ធ​ផល​ល្អ ពេល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម លើក​ទី៣២ ឆ្នាំ​២០២៣។

លោក វ៉ាត់ ចំរើន បានអះអាងថា ប្រភេទ​កីឡា​លើកទម្ងន់នេះ ​​ងាយ​ស្រួល ក្នុង​ការ​​ស្វែងរក​នូវ​ឧត្តមភាព គឺ​ខុស​ពីការ​ប្រកួត​កីឡា​មួយចំនួន ដូចជាបាល់​ទាត់ និង​បាល់​ទះ​ជាដើម ដែល​ប្រទេស​នៅក្នុងតំបន់អាស៊ាន និងអាស៊ី​របស់យើង មិន​ងាយ​​នឹងប្រកួត​យក​ឈ្នះ​ក្រុម​កីឡា​នៅអឺរ៉ុប ​នោះទេ។

Category Top

ក្រុមអ្នកបច្ចេកទេស

លោក​បាន​ថ្លែង​ថា៖ «កីឡាលើកទម្ងន់នៅតំបន់អាស៊ី និងអាស៊ីអាគ្នេយ៍​របស់​យើង ធ្លាប់​ឈ្នះមេដាយ​នៅ​​អូឡាំពិកបាន​​ច្រើន ដោយសារ​ប្រភេទ​កីឡានេះ វា​ទាមទារ​ត្រូវ​ថ្លឹង​ទម្ងន់​ស្មើៗគ្នា ដើម្បីប្រកួត អ៊ីចឹង​ការរៀបចំ​របស់​យើងមានឱកាសច្រើន ជា​ពិសេស​កីឡាការិនី។ បើយើងមានកីឡាការិនីល្អ តស៊ូបានក្នុងកីឡាលើកទម្ងន់នេះ គឺ​យើង​មាន​ឱកាស​ស្វែង​រក​មេដាយច្រើនណាស់ ដូច​នៅ​ប្រទេស​ថៃ មាន​កីឡាការិនី ​ឈ្នះ​មេដាយ​មាសអូឡាំពិក តាំង​ពី​​ឆ្នាំ២០០០»។

យ៉ាងណាក៏​ដោយ ដើម្បី​ជួយ​ឱ្យកីឡាករ កីឡាការិនី​ឈាន​ទៅ​រកការ​ទទួលបានជោគ​ជ័យបែបនេះ គឺ​គ្រូ​បង្វឹក ត្រូវ​ចេះ​​ច្នៃប្រឌិតនូវ​ចំណេះជំនាញ​របស់ខ្លួន ដែលទទួលបានពីការ​សិក្សា ប៉ុន្តែ​ជំនាញ​នេះ ត្រូវស្រប​ទៅតាមក្រឹត្យក្រមបច្ចេកទេស និងបទបញ្ជា​​ប្រកួត​របស់​កីឡា​លើក​ទម្ងន់​អន្តរជាតិ។ លើសពីនេះជា​គ្រូ​បង្វឹក ត្រូវដឹង​ច្បាស់ថា ត្រូវលើក ត្រូវ​រក្សាជំហរ ព្រមទាំង​ប្រើ​ចលនា​ដង្ហើម និង​ប្រើអារម្មណ៍របៀបម៉េច ដើម្បី​ឱ្យ​ការ​អនុវត្ត និង​ហ្វឹកហាត់​ ទទួល​បាន​លទ្ធផលល្អ មិន​សូវ​មាន​បញ្ហាគ្រោះថ្នាក់ដល់កីឡាករ កីឡាការិនី។

កិច្ចប្រជុំ

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «​សិក្ខាកាមជា​គ្រូ​បង្វឹក​របស់​យើង ​ត្រូវ​ចេះ​ច្នៃប្រឌិតខ្លួនឯង និងស្រូបយកនូវអ្វីដែលថ្មី ពី​គ្រូឧទ្ទេស ដើម្បីផ្លាស់ប្តូរយោបល់ បង្កើន​ជំនាញ​​ឱ្យ​ស្រប​ទៅ​នឹង​បច្ចេកទេស និង​ចេះ​ឯកភាព​គ្នា​ជា​ធ្លុង​មួយ តាមជំនាញ ទើបមិនមានជម្លោះ ដូច្នេះ​ពួក​​យើង​​ជាគ្រួសារ​កីឡា​លើក​ទម្ងន់ ត្រូវ​ចេះ​ជំនាញ​ដូចគ្នា​ទាំងអស់ និយាយ​ភាសា​បច្ចេកទេស​លើកទម្ងន់តែមួយ និង​យក​វា​ទៅ​ប្រើ​ប្រាស់​ឱ្យ​មាន​ប្រសិទ្ធភាព។ បើយើងអនុវត្តបានល្អ យើងនឹង​ទទួល​បានលទ្ធផលល្អ ក្នុងការសិក្សា​របស់​យើង»។

ការលើក​ឡើង​បែបនេះរបស់​លោក វ៉ាត់ ចំរើន ត្រូវបានធ្វើ​ឡើង នៅ​ក្នុងពិធី​បើក​វគ្គ​​សាមគ្គី​អូឡាំពិកស្តីពី «​គ្រូ​បង្វឹកកីឡាលើកទម្ងន់​កម្រិតថ្នាក់ជាតិ ឆ្នាំ​២០២២» នៅ​ទី​ស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពី​ថ្ងៃទី​១៣ ខែធ្នូ ដោយ​វគ្គនេះ មានសិក្ខាកាមចូល​រួមចំនួន២៥នាក់ (ស្រី៤​នាក់) ហើយមានការ​បង្ហាត់បង្ហាញ​ ដោយ​គ្រូឧទ្ទេស​មក​ពី​សហព័ន្ធ​កីឡា​លើកទម្ងន់អន្តរជាតិ លោក MINIEASH PANDOO។

អ្នកចូលរួមក្នុងសហព័ន្ធលើកទម្ងន់

ជាមួយគ្នា​នោះ អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បាន​ចាត់​ទុក​វគ្គ​បណ្តុះបណ្តាលនេះ ថា​ជា​ឱកាស​មាស ឱកាសប្រាក់ ដែលគ្រូសារ​កីឡាលើក​ទម្ងន់​ត្រូវ​​ធ្វើការរួមកម្លាំងគ្នា ដើម្បីឱ្យ​ប្រភេ​ទ​​កីឡា​​លើកទម្ងន់​កម្ពុជា ទទួល​បាន​ជោគ​ជ័យ ក្នុង​ព្រឹត្តិការណ៍​​កីឡា​​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា ​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ។

លោក វ៉ាត់ ចំរើន បាន​បញ្ជាក់ថា៖ «វគ្គ​បណ្តុះ​បណ្តាល​នេះ គឺជាឱកាសមាស ឱកាស​ប្រាក់ ត្រូវ​ធ្វើការរួមកម្លាំងគ្នា ដើម្បីឱ្យ​ព្រឹត្តិការណ៍​​កីឡា​ស៊ីហ្គេម លើកទី៣២ នា​ឆ្នាំ២០២៣ ​ទទួល​​បាន​ជោគជ័យ​លើ​ប្រភេទ​កីឡា​លើក​ទម្ងន់​នេះ អ៊ីចឹង​​មានន័យថា ស៊ីហ្គេម ជោគជ័យបាន វា​អាស្រ័យ​ទៅ​លើ​ការ​ចូលរួម​ចំណែក​របស់​មន្រ្តី​បច្ចេក​ទេស​របស់សហព័ន្ធ ក្នុង​ការជួយជ្រោមជ្រែង​រៀបចំ​ការ​ប្រកួតឱ្យ​អស់ពីសមត្ថភាព»៕

លោក-វ៉ាត់-ចំរើន

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម