ប្រទេសតូច បេះដូងធំ! ម្ចាស់ផ្ទះកម្ពុជា មិនយកគ្រប់ថ្លៃសេវាកម្ម សម្រាប់ការ ធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

កិច្ចប្រជុំពិសេស

ប្រទេសកម្ពុជា តាមរយៈគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានសម្រេចចិត្តធ្វើរឿងមួយ ដែលមិនទាន់មានប្រទេសជាម្ចាស់ផ្ទះណា អាចធ្វើបាននៅឡើយទេ សម្រាប់ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្រ្តរបស់ខ្លួន នាពេលខាងមុខនេះ។

កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសរួចហើយ ឱ្យលុបចោលរាល់ការលក់សិទ្ធិផ្សាយផ្ទាល់ ដល់គ្រប់ទូរទស្សន៍ទាំងក្នុងស្រុក និងក្រៅប្រទេស ហើយការលក់សំបុត្រ សម្រាប់ពិធីបើក-បិទស៊ីហ្គេម និងសំបុត្រ ចូលទស្សនាផ្ទាល់ គ្រប់ប្រភេទកីឡា ទាំងអស់ ក៏មិនតម្រូវឱ្យយកប្រាក់ដូចគ្នា។
ចំណែកនៅថ្ងៃនេះ កម្ពុជា បានសម្រេចចិត្តធ្វើរឿងដ៏អស្ចារ្យមួយទៀត គឺការមិនយកថ្លៃសេវាលើការហូបចុក និងការស្នាក់នៅ ដោយក្នុងម្នាក់ៗ ៥០ដុល្លារអាមេរិក ក្នុង១ថ្ងៃៗនោះឡើយ សម្រាប់ការចូលរួមប្រកួតស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ខាងមុខនេះ ហើយនេះជាករណីមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្តស៊ីហ្គេមនោះទេ។

Category Top

ក្រុមការងារ CAMSOC

ការសម្រេចនេះ ក៏ត្រូវបានធ្វើឡើង ទៅតាមការចង្អុលបង្ហាញរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ ហើយត្រូវបានសម្រេច និងប្រកាសជាផ្លូវការ ដោយលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ ជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ក្នុងកិច្ចប្រជុំពិសេសមួយ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ហើយលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន ជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC-CAMAPGOC និងថ្នាក់ដឹកនាំគណៈកម្មការជំនាញទាំងអស់ សុទ្ធតែបានចូលរូមក្នុងកិច្ចប្រជុំនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានថ្លែង ក្រោយកិច្ចប្រជុំថា ៖«នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ថ្ងៃនេះ យើងទាំងអស់គ្នា ទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានលើកឡើងពីការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រតិភូកីឡាមកពីបណ្តាប្រទេសទាំងអស់ នឹងមិនបង់ថ្លៃចំនួន ៥០ដុល្លារ ក្នុងម្នាក់ៗ ក្នុង១ថ្ងៃៗ ដល់ម្ចាស់ផ្ទះកម្ពុជានោះទេ»។
«យើងទាំងអស់គ្នា ពិតជាមានភាពកក់ក្តៅ និងរំភើបរីករាយឥតឧបមា ប្រកបដោយមោទនភាពជាតិ ចំពោះការងារធ្វើជាម្ចាស់ផ្ទះនេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយយើងទាំងអស់គ្នា សូមគោរព និងអនុវត្ត តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នេះ»។ លោក វ៉ាត់ ចំរើន បានបន្ថែម។

លោក ទៀ បាញ់

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖«គ្រប់គណៈកម្មការជំនាញទាំងអស់ ទទួលបានអនុសាសន៍បន្ថែមពីសម្តេចពិជ័យសេនា ទៀ បាញ់ ហើយយើងនឹងផ្សព្វផ្សាយជូនដល់ប្រតិភូកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ទាំងអស់ថា យើងនឹងមិនទទួលយកប្រាក់កម្រៃ ឬថ្លៃសេវារបស់ប្រតិភូកីឡា សម្រាប់ការហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗចំនួន៥០ដុល្លារ ក្នុង១ថ្ងៃៗនោះទេ។ យើងនឹងផ្តល់ជូនព័ត៌មាននេះ ដល់បណ្តាប្រទេសទាំងអស់ ដែលកំពុងត្រៀមចូលរួមប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ ដើម្បីជ្រាបជាព័ត៌មាន ដើម្បីសម្រួលដល់ការងារការប្រកួតរបស់យើងនេះឱ្យមានភាពអធឹកអធម និងមានភាពកក់ក្តៅទាំងអស់គ្នា»។

លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការអូឡាំពិកកម្ពុជា ផងនោះ បានបញ្ជាក់បន្ថែមថា៖«នេះជាចំណុចសំខាន់បំផុត ក្នុងកិច្ចប្រជុំព្រឹកនេះ ដែលយើងទទួលបាននូវដំណឹងដ៏ល្អ វិសេសវិសាលមួយ ដែលមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្ត ធ្វើម្ចាស់ផ្ទះស៊ីហ្គេម ហើយយើងត្រូវគោរពឱ្យបានយ៉ាងម៉ឺងម៉ាត់បំផុត នូវអនុសាសន៍ណែនាំនេះ»៕

លោក វ៉ាត់ ចំរើន

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម