ប្រដាល់សកល រក​ឃើញ​ម្ចាស់មេដាយមាសទាំង​៩ប្រភេទ​ទម្ងន់ រីឯ​សមត្ថភាព ត្រូវ​បានអ្នកជំនាញ​ថា អាច​ប្រកួត​នៅ​ស៊ីហ្គេម​បាន

កីឡាប្រដាល់

ការ​ប្រកួត​កីឡាប្រដាល់សកល ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២ ដែល​បានដំណើរ​ការ​តាំង​ពី​ថ្ងៃទី​២៥ខែវិច្ឆិកាមក​​នោះ បាន​រក​ឃើញ​ម្ចាស់​មេដាយមាស មេដាយ​ប្រាក់ និងសំរឹទ្ធ នៅលើប្រភេទទម្ងន់​ទាំង​៩ ជា​ផ្លូវការ​ហើយ បន្ទាប់ពី​ការ​ប្រកួតនេះ បានបញ្ចប់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​នេះ។

សម្រាប់​ការប្រកួតកីឡាប្រដាល់សកលសម្រាប់ព្រឹត្តិការណ៍កីឡាជាតិនេះ មានប្រតិភូ គ្រូបង្វឹក កីឡាករចូលរួមចំនួន៧ក្រសួង រាជធានី-ខេត្ត សរុប៦០នាក់ ក្នុងនោះមានកីឡាករ ៤៩នាក់ ហើយ​តាម​រយៈ​ការ​ប្រកួត​ប្រជែង​គ្នា នៅ​លើ​ប្រភេទ​ទម្ងន់ទាំង​៩ រួម​មានទម្ងន់ 48 Kg, 51 Kg, 54 Kg, 57 Kg, 60 Kg, 63.5 Kg, 67 Kg, 71 Kg និង​ទម្ងន់ 75 Kg នេះ គឺក្រសួងការពារជាតិ ឈរនៅចំណាត់ថ្នាក់លេខ១ ដោយក្តោបក្តាប់មេដាយមាស៥គ្រឿង និង​មេដាយ​ប្រាក់១ គឺ​មានន័យ​ថា សម្រាប់ការ​ប្រកួត​ផ្តាច់ព្រ័ត្រ ចំនួន​៦នាក់  នៅ​ក្នុងថ្ងៃនេះ កីឡាករ​របស់​ក្រសួងការពារជាតិ ចាញ់តែ​ម្នាក់​ទេ និ​ង​ឈ្នះ​មេដាយមាស​៥នាក់។

Category Top

ជ័យលាភី

ចំណែក​កីឡាករ​របស់​ក្រសួងមហាផ្ទៃ បាន​ឈរ​នៅ​ចំណាត់ថ្នាក់លេខ​២ ដោយ​ដណ្តើម​បាន​មាស២ ប្រាក់២ និងសំរឹទ្ធ៣, លេខ៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​មេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៤រីឯលេខ៤ ខេត្តកណ្តាល បានឈ្នះ​មេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៣ ខណៈខេត្តកែប ព្រៃវែង និងរាជធានីភ្នំពេញ ក៏ដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធផងដែរ។

ជាមួយ​លទ្ធផល​នៃ​ការ​ប្រកួតនេះ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកលកម្ពុជា អះអាងថា កីឡាករ និងមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម មានសមត្ថភាពគ្រប់គ្រាន់ក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយ និងរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

កីឡាករទទួលមេដាយ

លោក​បាន​និយាយ​ថា៖​ «ការប្រកួតកីឡាប្រដាល់សកលក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣នេះ កីឡាករបានត្រៀមលក្ខណៈយ៉ាងល្អ ក្នុងការប្រកួតប្រកបដោយភាពស្វិតស្វាញបំផុត។ មូលហេតុនៃការកើនឡើងសមត្ថភាព និងកម្រិតបច្ចេកទេសរបស់កីឡាករ គឺស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍធនធានកីឡាករ ឈានឆ្ពោះទៅទទួលបានជោគជ័យ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ»។
ជាមួយគ្នានេះ សហព័ន្ធកីឡា​ប្រដាល់​សកល​កម្ពុជា​ ក៏បានវាយតម្លៃដែរថា គណៈកម្មការបច្ចេកទេស មន្ត្រីអាជ្ញាកណ្តាល-ចៅក្រម មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមរៀបចំការប្រកួតកីឡាប្រដាល់សកល សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់​ថា ៖​«ការប្រកួតនេះត្រូវបានវាយតម្លៃជារួមដោយស្មារតីយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងប្រើអស់សមត្ថភាពបច្ចេកទេស និងអនុវត្តបានល្អនូវស្មារតីសាមគ្គីភាព មិត្តភាព ព្រមទាំងអនុវត្តបានយ៉ាងល្អនូវគោលការណ៍លេងដោយយុត្តិធម៌ (Fair Play) ផងដែរ»។

កីឡាប្រដាល់សកល

ជាមួយគ្នា​នេះ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានផ្តល់ការលើកទឹកចិត្តដល់កីឡាករ ក៏ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ថែទាំសុខភាពឱ្យ​ល្អ ជាពិសេសខិតខំដុសខាត់សមត្ថភាពឱ្យ​​បានរឹងមាំ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា៕

ជើងខ្លាំងសកល

កីឡាករខ្លាំងប្រដាល់សកល

ក្រុមកីឡាករទទួលមេដាយ

ជើងខ្លាំងប្រដាល់ទទួលមេដាយ

កីឡាករប្រដាល់សកលទទួលមេដាយ

ក្រុមប្រតិភូ និងកីឡាករប្រដាល់

ជើងខ្លាំងប្រដាល់លើសង្វៀន

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម