ទ្រី ដាណា និងស្រីអូន សុទ្ធតែចំណាយលុយខ្ទង់ពាន់ដុល្លារ ឧបត្ថម្ភ​ដល់ម្ចាស់ខ្សែ​ក្រវាត់ Thai Fight ធឿន ធារ៉ា

ទ្រីដាណា

អ្នក​លក់អនឡាញ​ដ៏ល្បីឈ្មោះ​នៅ​កម្ពុជា គឺ​អ្នកស្រី ទ្រី ដាណា និងស្រីអូន សុទ្ធតែ​បាន​ចំណាយ​ថវិកា ឧបត្ថម្ភ​ដល់កីឡាករ ធឿន ធារ៉ា ដែលទើប​​ដណ្តើមបាន​ខ្សែ​ក្រវាត់ Thai Fight និងពានរង្វាន់ស្តេចថៃ ឆ្នាំ​២០២២ ហើយ​កីឡាករ អេលីត ហ៊ុនកង ដែល​បានចាញ់​ដោយសន្លប់ ក្នុងការ​ប្រកួត កាលពីយប់ថ្ងៃសៅរ៍ កន្លងមកនេះ ក៏ទទួលបានប្រាក់រង្វាន់លើកទឹក​ចិត្តពី​អ្នកទាំង​២ ផងដែរ។

តាមការបញ្ជាក់នៅលើ​​ហ្វេសប៊ុករៀងៗ​ខ្លួន អ្នកស្រី ទ្រី ដាណា និង ស្រីអូន សុទ្ធ​តែ​បានចំណាយ​លុយ​ផ្ទាល់ខ្លួនសរុប​១២​លានរៀល ស្មើ​នឹង​៣០០០ដុល្លារ ដើម្បីឧបត្ថម្ភ​ដល់​ ធឿន ធារ៉ា និង  អេលីត ហ៊ុនកង ដូចគ្នា ប៉ុន្តែ​ទឹកប្រាក់នេះ មានការបែងចែក​ខុស​ពី​គ្នា គឺ​ស្រីអូន បាន​ផ្តល់ជូន ធឿន ធារ៉ា ១០លាន​រៀល និង​ឱ្យ អេលីត ហ៊ុនកង ២លាន​រៀល ចំណែក ទ្រី ដាណា ផ្តល់ឱ្យ ធឿន ធារ៉ា ២០០០ដុល្លារ និងឱ្យ ហ៊ុនកង ១០០០ដុល្លារ។

Category Top

កីឡាករ ធឿន ធារ៉ា

សម្រាប់ការ​រួមគ្នា ផ្តល់ប្រាក់នេះ ទាំង​អ្នកស្រី ទ្រី ដាណា និង ស្រីអូន បាន​លើកឡើង​ស្រដៀងគ្នា គឺ​ដើម្បី​លើកទឹក​ចិត្តដល់ ធឿន ធារ៉ា ដែលបាន​ខំ​ប្រឹងលើកមុខ​មាត់​គុនខ្មែរ នៅលើ​ឆាក​អន្តរជាតិ តាម​រយៈការ​ដណ្តើម​បាន​ខ្សែ​ក្រវាត់ ពី​សង្វៀន Thai Fight ជា​លើកដំបូងនេះ ហើយតាម​រយៈការ​ឧបត្ថម្ភ​ពីជនរួមជាតិ និងប្រាក់រង្វាន់ ដែលទទួលបានពីការ​ឈ្នះ​ខ្សែ​ក្រវាត់នេះ គឺ ធឿន ធារ៉ា ទទួលបានប្រាក់​សរុបជាង​៣ម៉ឺន​ដុល្លារ​ហើយ។

គួរបញ្ជាក់ថា ធឿន ធារ៉ា ដណ្តើមបានខ្សែ​ក្រវាត់ Thai Fight ទម្ងន់​៧២,៥គីឡូក្រាមនេះ បន្ទាប់ពី​រូបគេ​​បាន​វាយ​កែង​បណ្តាលឱ្យ​ជើង​ខ្លាំង​​ចាស់​វស្សា​របស់​​ថៃ Saiyok Sakchainarong បែក​ធំ និង​ត្រូវ​បាន​គ្រូ​ពេទ្យ ​បញ្ឈប់​ត្រឹមទឹកទី​១ សម្រាប់ការ​ប្រកួត​​ផ្តាច់​ព្រ័ត្រ ដណ្តើម​​ខ្សែ​ក្រវាត់នេះ កាលពី​យប់ថ្ងៃសៅរ៍។ ប៉ុន្តែ អេលីត ហ៊ុនកង ត្រូវបាន​ខ្លាចាស់ សែនឆ័យ របស់ម្ចាស់ផ្ទះ​ថៃ ទាត់​ឱ្យសន្លប់ ក្នុងទឹកទី​២ សម្រាប់ការ​ប្រកួតផ្តាច់​ព្រ័ត្រ ដណ្តើម​យកខ្សែ​ក្រវាត់ នៅ Thai Fight នេះ​ដូចគ្នា៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម