ទោះ​កីឡាករ​របស់បារាំង មានកម្ពស់ដល់ ២,១១ ម៉ែត្រ ប៉ុន្តែ​មន្រ្តី​សហព័ន្ធ​ថា វាមិនមែនជាឧបសគ្គ​ចំពោះក្រុម​​កម្ពុជា

ជម្រើសជាតិបាល់ទះកម្ពុជាច

ក្រុមជម្រើសជាតិ​បាល់​ទះកម្ពុជា នឹង​ត្រូវ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ លើកទី​១ ជាមួយក្រុម​ជម្រើសជាតិបារាំង​អាយុ​ក្រោម​១៩​ឆ្នាំ នៅវិមាន​ពហុកីឡដ្ឋានជាតិ នា​រសៀល​ម៉ោង ៤ ថ្ងៃអាទិត្យ​នេះ មុនពេល​ក្រុមទាំង​២ ត្រូវ​ប្រកួតគ្នា​លើក​ទី​២​ម្តង​ទៀត នៅថ្ងៃទី​២២ ខែកុម្ភៈនេះ ដូចគ្នា ខណៈ​ភាគី​ទាំង​២ សុទ្ធតែ​រំពឹង​ទទួល​បានផលចំណេញពីការ​ប្រកួតនេះ​ដូចគ្នា។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា បានចាត់​ទុកការ​ប្រកួត​ជាមួយ​ក្រុម​U19បារាំងនេះ ថាជា​បទពិសោធថ្មី ​និងជាកំណត់ត្រាថ្មី​ សម្រាប់​វិស័យបាល់​ទះ ដែលមានឱកាសលេងជាមួយ​ក្រុមមកពី​ប៉ែកអឺរ៉ុប ខណៈវិស័យបាល់​ទះ​របស់​បារាំង នាពេលនេះ បាន​ឈរនៅចំណាត់ថ្នាក់លេខ​៣ពិភពលោក​ទៅ​ហើយ ហើយកាលពីចុងឆ្នាំ​២០២២ កន្លងមកនេះ ក្រុមកម្ពុជា ក៏បាន​យក​ឈ្នះ​U19គុយបា និងបាន​ឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ផង​ដែរ។

Category Top

កីឡាករកម្ពុជា

ដែលពីមុនមក​យើង​បានអញ្ជើញ​ត្រឹម​ក្រុម​នៅ​តំបន់​អាស៊ាន ដើម្បី​ធ្វើ​ការ​ប្រកួត​ ប៉ុន្តែ​ពេលនេះ យើង​ឈាន​ដល់​ការ​អញ្ជើញ​ក្រុម​មកពីប្រទេសនៅ​ឡាទីន អាមេរិក ដូចជាគុយបា ដែល​យើងបាន​ប្រកួតមិត្តភាព​កន្លងមកនេះ ហើយនេះជា​លើកទី​១ ដែល​យើង​បាន​អញ្ជើញ​ក្រុមបាល់​ទះ​ផ្នែក​អឺរ៉ុបវិញម្តង គឺ​ប្រទេស​បារាំង ដែល​យើង​ដឹង​ថា វិស័យបាល់​ទះបារាំង បានជាប់​ចំណាត់ថ្នាក់លេខ​៣ លើពិភពលោក។

យ៉ាងណាក៏ដោយ កីឡាករ​វ័យក្មេង​របស់បារាំង​ទាំងនេះ ពិតជាមានប្រៀប​ខ្លាំង​លើ​កម្ពុជា ផ្នែក​កម្ពស់។ ប៉ុន្តែ​លោក អាំង សិរីពិសិដ្ឋ បាន​និយាយ៖​«យើង​ឃើញ​ថា កាយសម្បទា​របស់​ក្រុមបារាំង មានកម្ពស់ខ្ពស់បំផុត​ដល់ ២,១១ម៉ែត្រ ប៉ុន្តែនេះ​មិនមែនជាឧបគ្គស​សម្រាប់​ក្រុមកម្ពុជា​នោះ​ទេ ព្រោះ​យើង​ចង់​អញ្ជើញ​ក្រុម​ខ្លាំងជាងខ្លួន​ ដើម្បីវាស់​ស្ទង់​កម្រិត​គុណផល​ថា យើង​វិវឌ្ឍ​ដល់​ណា ដោយនេះជាគោលដៅ​របស់សហព័ន្ធ»។

ជម្រើសជាតិអាយុ១៩ឆ្នាំបារាំង

លោក​បានបន្ថែម​ថា៖ «បើទោះបីជា U19បារាំង នៅ​មានភាពក្មេង​ខ្ចី ប៉ុន្តែ​បើ​យើងប្រៀបធៀបពីការ​អភិវឌ្ឍ​ក្រុម​ថ្នាក់ថ្នាល​របស់បារាំង គឺមានតាំងពី​​ U12 មក អ៊ីចឹង​រយៈពេលនៃ​ការហ្វឹកហាត់​របស់​គេ វាច្រើនជាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​យើង នាពេលបច្ចុប្បន្នទៅ​ទៀត គ្រាន់​តែ​​យើង​ចាស់ទុំជាង អ៊ីចឹងខ្ញុំគិត​ថា ការ​ប្រកួតជាមួយបារាំង មិនមែនមានភាព​ងាយស្រួល​នោះទេ ព្រោះ​គាត់ក៏ជា U19 ដែល​ទើបលើកពាន​ផងដែរ»។

«ហេតុ​នេះវាជាពេលវេលាដ៏​ល្អ ដែល​យើងអាចវាស់ស្ទង់ពីកម្រិត​របស់យើង​ថាតើ អាចទៅរួចជាមួយក្រុមនៅអឺរ៉ុប បានប៉ុន្មាន ហើយតើ​មានចំណុច​អ្វី​ខ្លះ យើង​ត្រូវ​កែខៃ ដើម្បី​តម្រង់ទិស​ឱ្យបានរួច​រាល់ សម្រាប់ស៊ីហ្គេម ឆ្នាំ​២០២៣ ដោយវិញ្ញាសា​បាល់ទះ​របស់យើង ត្រូវចាប់​ផ្តើមពី​ថ្ងៃទី​៣ ខែឧសភា​ទៅ អ៊ីចឹង​យើងនៅពេល​មិនច្រើនទេ ក្នុងការ​អភិវឌ្ឍ និងកែខៃសម្រាប់ទិចនិក ត្រៀមការ​ប្រកួតនេះ ហើយ​យើង​ក៏នឹងមាន​ការ​ប្រកួតមិត្ត​អន្តរជាតិជាមួយ​ម៉ាឡេស៊ី និង​សិង្ហបុរី នៅអំឡុង​ខែមីនា ផងដែរ»។ លោក សិរីពិសិដ្ឋ បានបញ្ជាក់។

លោក អាំង សិរីពិសិដ្ឋ

ចំណែក​លោក Belmadi Slimane គ្រូបង្វឹកក្រុមបាល់ទះជម្រើសជាតិ U19 បារាំង បាន​យល់​ថា ការប្រកួតមិត្ដភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិកម្ពុជា នាចុងសប្ដាហ៍នេះ នឹងផ្ដល់នូវផលចំណេញរៀងៗខ្លួន ពិសេសលោករំពឹងថា នឹងបានផ្ដល់នូវបទពិសោធល្អៗ ដល់ក្រុមម្ចាស់ផ្ទះកម្ពុជា សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះ​លោកប្ដេជ្ញានឹងដឹកនាំកូនក្រុមធ្វើឱ្យ​បានល្អ ដើម្បី​ផ្តល់ជាបទពិសោធ ព្រមទាំង​រឹតចំណងមិត្តភាព និងទំនាក់ទំនងជិតស្និទ្ធរវាងសហព័ន្ធកីឡាបាល់ទះបារាំង និងសហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជាផង។

លោក Belmadi Slimane បញ្ជាក់​ថា៖ «តាមការសិក្សា វិស័យបាល់ទះកម្ពុជា ពិតជាមានការអភិវឌ្ឍ និងរីកចម្រើនជាងមុន ហើយទៅថ្ងៃអនាគត ខ្ញុំជឿថា បណ្ដាប្រទេសលើពិភពលោក នឹងស្គាល់បាល់ទះកម្ពុជា​កាន់តែច្រើន។ ដូច្នេះ តាមរយៈការប្រកួតមិត្តភាពនេះ ពួកយើងក៏រីករាយក្នុងការចែករំលែកនូវបទពិសោធន៍ ដែលយើងមាន ដោយខ្ញុំនឹងព្យាយាមធ្វើយ៉ាងណាឲ្យកម្ពុជា មើលឃើញពីបច្ចេកទេស និងទម្រង់លេងរបស់ពួកយើង សម្រាប់កម្ពុជាអាចយកប្រើប្រាស់បាន»៕

ការស្វាគមន៍កីឡាករបារាំង

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម