តើ​ទៅរួច​ទេ ដែល វិសាខា ចង់ឈ្នះទាំង​ពាន​លីគកំពូល និងពាន​សម្តេច ហ៊ុនសែន នៅរដូវកាលនេះ?

លោក មាស ចាន់ណា

ក្លិប​អ្នកមាន វិសាខា បាន​បង្ហាញ​ពីគោលដៅ​ដ៏ចាំបាច់​របស់​ខ្លួន ដោយក្រុម​នេះ ចង់ឈ្នះទាំង​​ពាន​លីគកំពូលកម្ពុជា និង​ពាន​រង្វាន់សម្តេច ហ៊ុន សែន សម្រាប់ការ​ប្រកួត​នៅរដូវ​កាល ឆ្នាំ​២០២២នេះ ហើយការ​បង្ហាញ​ពី​មហិច្ឆតា​ដ៏​ធំនេះ ត្រូវបាន​ធ្វើ​ឡើង តាម​រយៈ​គ្រូ​បង្គោល​លោក មាស ចាន់ណា។

លោក មាស ចាន់ណា​ បាននិយាយ​ថា៖​ «គ្មាន​អ្វីដែល​យើង​ត្រូវបែង​ចែក​នោះទេ គឺ​យើង​ផ្តោត​អារម្មណ៍​លើពាន​ទាំង​២ សម្រាប់​វគ្គ​ផ្តាច់​ព្រ័ត្រ គឺ​ពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផង និងការ​ប្រកួត​ Top4  នៃលីគកំពូល​ផង មានន័យ​ថា យើង​ត្រៀម​បាន​ល្អ​ដូចគ្នា ព្រោះ​យើង​ចង់​បានពានទាំង​២​តែម្តង»។

Category Top

ក្រុមវិសាខា

ជាមួយការ​បង្ហាញ​នៅ​មហិច្ឆតា​របស់​ក្លិប​វិសាខា នេះ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​វិស័យ​បាល់​ទាត់នៅ​​កម្ពុជា មានការ​ភ្ញាក់​ផ្អើល ដោយ​ក្នុង​នោះ​មាន​អ្នក​ខ្លះ​គិត​ថា វិសាខា អាច​ធ្វើ​ទៅបាន តែមួយ​ចំនួន​ទៀត យល់​ថា វាពិបាក​នឹង​កើតមាន​ឡើង​ណាស់ ជាពិសេស​ការ​ប្រកួតប្រជែង នៅលីគកំពូលកម្ពុជា។

គិត​ត្រឹមការ​ប្រកួត៣ដំណាក់កាល​នៃលីគកំពូល​កម្ពុជា កន្លងមកនេះ វិសាខា បានបញ្ចប់ការ​ប្រកួត​ទាំង​២១​លើក​របស់ខ្លួន ដោយ​មាន​៤០ពិន្ទុ និងឈរ​នៅចំណាត់ថ្នាក់លេខ​២ ប៉ុន្តែ​ការ​មានពិន្ទុ​តិចជាង​ក្រុម​លេខ​១ ព្រះខ័នរាជស្វាយរៀង ចំនួន​៦ពិន្ទុ គឺ ៤៦ទល់នឹង​៤០ ត្រូវបានគេ​គិត​ថា វាជា​រឿង​ដ៏លំបាក​មួយ សម្រាប់​ វិសាខា ក្នុងការ​ឈាន​ទៅ​ប្រជែង​យកពាននេះ ពី ស្វាយរៀង។

ការប្រកួតរបស់វិសាខា

បើទោះបីជាការ​ប្រកួតដំណាក់កាល​ទី​៤ចុងក្រោយ រវាង​ក្រុមឈរ​នៅ​តំបន់កំពូល​តារាង (Top4)​នេះ ត្រូវបាន​ធ្វើ​ឡើង ចំនួន​២ជុំ គឺ​មានន័យ​ថា ទាំង​ក្រុម​ស្វាយរៀង វិសាខា ភ្នំពេញ​ក្រោន និង​បឹងកេត សុទ្ធតែ​សល់​៦​ប្រកួត នៅក្នុងដៃ​ដូចគ្នា ប៉ុន្តែសម្រាប់​ក្រុមស្វាយរៀង ត្រូវការឈ្នះ​ត្រឹម​៣លើក​ទៀត​ប៉ុណ្ណោះ ដើម្បី​ឈ្នះពាន ដោយស្វ័យប្រវត្តិ ខណៈ វិសាខា ទល់តែអាច​ដណ្តើមបាន​ជ័យជម្នះ​គ្រប់ការ​ប្រកួតទាំងអស់ ទើប​អាចឈ្នះពាន ហើយ​ចំណុចនេះ ត្រូវបាន​គេ​គិត​ថា វិសាខា មិនអាច​ធ្វើបាន​នោះ​ទេ។

យ៉ាង​ណាមិញ សម្រាប់ការ​ប្រកួត​ពាន​រង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ​២០២២នេះ ក្រុម​វិសាខា មាន​ភាគ​រយខ្ពស់ ក្នុងការ​បន្តឈ្នះ​ពានជា​លើក​ទី​៣​ជាប់ៗគ្នា ព្រោះ​ពេលនេះ ពួកគេ បាន​ឡើង​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ ដោយត្រូវជួបក្រុមបឹងកេត ហើយ​សម្រាប់ការ​ប្រកួត ដែលប្រើធនធាន​កីឡាករ​ក្នុង​ស្រុក​សុទ្ធ​នេះ គឺ វិសាខា មានធនធាន​កីឡាករ​សម្បូរ​បែបជាង បឹងកេត៕

លោកគ្រូបង្វឹក មាស ចាន់ណា

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម