ជ័យជម្នះរបស់បុរសខេត្តតាកែវ យិន សំអុល លើ ព្រំ សំណាង ផ្អើលពេញស្រុក​ខ្មែរ ប៉ុន្តែមានដឹង​អត់ថា សំណាង ចាញ់ដោយសារអ្វី?

ជើងខ្លាំងប៊ូស្ត្រង

ការដណ្តើម​បានចំណាត់ថ្នាក់លេខ​១ របស់​ប្តីប្រពន្ធលោក យិន សំអុល តាម​រយៈ​ការ​យក​ឈ្នះ​លើ​កីឡាករជើង​ខ្លាំង ព្រំ សំណាង ក្នុង​​ព្រឹត្តិការណ៍​បីស្រ្តីពិភពលោក Boostrong Power to Women Festival កាលពី​រាត្រី​ថ្ងៃទី​៨ ឈាន​ចូល​ថ្ងៃទី​៩ ខែមីនានេះ នៅតែ​ក្លាយជា​ប្រធាន​បទ ដែល​ទទួលបានការ​ចាប់​អារម្មណ៍​ខ្លាំងនៅទូទាំង​ប្រទេស​កម្ពុជា ខណៈ​ព្រឹត្តិការណ៍​នេះ មាន​អ្នក​ចូល​រួម​​ប្រកួត​ចំនួន៥០០គូឯណោះ។

ភាព​ទាក់ទាញ​ខ្លាំង​នៃ​ព្រឹត្តិការណ៍​នេះ ដោយសារ​តែ​បុរស​មាន​ដើម​កំណើត នៅ​ឃុំ​ពោធិ៍រិចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ លោក យិន សំអុល អាច​បី​​ប្រពន្ធ​​របស់​ខ្លួនឈ្មោះ សួន កល្យាណី រហូត​ដល់ ៨:១៧ ម៉ោង ដើម្បី​យក​ឈ្នះ​លើ​កីឡាករ​ជើង​ខ្លាំង ព្រំ សំណាង នៅ១នាទី​​ចុង​ក្រោយ និង​បាន​​រង្វាន់​ឡានថ្មី​ម៉ាក Mazda Sedan ១គ្រឿង ហើយអ្វីដែល​កាន់តែ​ផ្ទុះ​ខ្លាំង​ទៀត​​នោះ គឺ​ក្រុមហ៊ុន​ភេសជ្ជៈ Boostrong បាន​សម្រេច និងប្រកាស​ភ្លាមៗ ដោយ​​ផ្តល់​រង្វាន់​ឡាន Mazda Sedan ទៅ​ឱ្យ​ ព្រំ សំណាង ១គ្រឿង​ដែរ ខណៈដំបូងឡើង អ្នក​លេខ​២ បាន​ត្រឹម​ម៉ូតូម៉ាក X-Ride Adventure ១គ្រឿង​នោះ។

Category Top

Boostrong

យ៉ាង​ណាក៏​ដោយ អ្នកគាំ​ទ្រ​ភាគ​ច្រើន ប្រហែលជាមិន​ដឹង​ច្បាស់នោះ​ទេ តើ​ហេតុអ្វី​បាន​ជា ព្រំ សំណាង ចាញ់​នៅក្នុងការ​ប្រកួត​នេះ ហើយ​បុរស ដែល​បាន​ឈ្នះ ព្រំ សំណាង មាន​សមត្ថ​ភាព​ពិតប្រាកដ​បែបណា ទើបមាន​កម្លាំង​ខ្លាំង​បែប​នេះ ខណៈគូ​ប្រកួត​ភាគ​ច្រើន បានបី​ស្រ្តី នៅលើ​ទី​របស់​ខ្លួន មិនដល់​១ម៉ោង​ផង​នោះ ហើយជាក់​ស្តែង​ជន​បរទេស​ ដែលបាន​ចូល​រួម​ក្នុងព្រឹត្តិការណ៍​នេះ ប្រមាណ​៥០​គូ គឺ​បាន​បីស្រ្តី នៅលើ​ដៃ​របស់ពួកគេ មិន​បាន៤០នាទី​ផង។

ជុំវិញ​រឿង​រ៉ាវ​នេះ   លោក ឃី ស៊ីណា ជំនួយការ​ប្រធានផ្នែកផ្សព្វ​ផ្សាយ​ការ​​ប្រកួត Boostrong Power to Women Festival នេះ បាន​ទម្លាយ​ថា ទាំង ព្រំ សំណាង និង​លោក យិន សំអុល រួមទាំងបុរស​២នាក់​ផ្សេង​ទៀត ដែល​បានស៊ូទ្រាំ​មក​ដល់​ការ​ប្រកួត​វគ្គ៤គូ​ចុង​ក្រោយ គឺសុទ្ធតែ​នៅមាន​កម្លាំង អាច​បី​ស្រ្តី នៅលើ​ទី​ដៃ​របស់​ខ្លួន បានចូល​២ម៉ោង​អីទៀត​នោះ ប៉ុន្តែ​គណៈកម្ម​ប្រកួត បាន​ផ្លាស់​ប្តូរ​លក្ខខណ្ឌ​ប្រកួត នៅក្នុងដំណាក់កាល​ចុងក្រោយ​នេះ ហើយ ព្រំ សំណាង ក៏បានចាញ់ ដោយសារការ​បង្កើត​កំហុសបន្តិច ជាមួយការប្តូរលក្ខខណ្ឌ​នេះ​ផងដែរ។

ជើងខ្លាំងព្រំ សំណាង

លោក ឃី ស៊ីណា បាន​​បញ្ជាក់​​ថា៖​ «​ដំបូង​ឡើយ យើង​កំណត់​ឱ្យ​ បុរស​ដែល​បីស្រ្តី ក្នុងការ​ប្រកួត​នេះ អាច​ធ្វើចលនា ប្តូរដៃ ប្តូរ​ជើងបានដោយ​សេរី ហើយ​ក៏​អាច​​ផ្លាស់​ស្រ្តី​ ពី​ចំហៀង​ម្ខាង ទៅចំហៀង​ម្ខាង​ទៀត​បានដែរ ប៉ុន្តែ​ដោយសារ​តែ​ការ​ប្រកួត៤គូ​ចុង​ក្រោយ ដែល​បានប្រើពេល​​ដល់​៨ម៉ោងហើយ នៅតែ​រក​មិន​ឃើញ​អ្នក​ឈ្នះ​ទៀត​នោះ គឺ​យើង​បាន​ផ្លាស់ប្តូរ​លក្ខខណ្ឌ ដោយហាម​មិន​ឱ្យ​គាត់​កម្រើកអ្វី​ទាំង​អស់ ព្រោះ​បើយើង​មិន​​ធ្វើ​​បែបនេះ គឺ​ពួក​គាត់​អាច​​បី​បាន​២ម៉ោង​អី​ទៀតអី​នោះ»។

ចំពោះការ​ចាញ់​របស់ ព្រំ សំណាង ដែល​ប្រកួត​២គូ​ចុងក្រោយ​ជាមួយ​លោក យិន សំអុល ត្រូវបាន​លោក ឃី ស៊ីណា បញ្ជាក់​បន្ថែម​ថា៖​« ព្រំ សំណាង ​បានបង្កើត​កំហុសបន្តិច គឺ​ម្រាម​ដៃ​របស់​គាត់ ដែល​​ខំឱប​រឹត​ប្អូន​ស្រី​របស់​ខ្លួន បានរបូត។ ទោះគាត់​ បានទាញម្រាមដៃ​ចូលគ្នា​វិញ​ភ្លាមៗ ប៉ុន្តែកាមេរ៉ា បានចាប់កំហុស​នេះ​បាន ហេតុ​នេះ​ទើប​គណៈកម្មការ​សម្រេច​ឱ្យ​លោក យិន សំអុល និង​ប្រពន្ធ​របស់លោក​ជាអ្នកឈ្នះ ​​ជាមួយ​ថិរវេលា ៨:១៧ ម៉ោង ទល់​នឹង ៨:១៦ម៉ោង គឺ​មានន័យ​ថា លោក យិន សំអុល បាន​ឈ្នះ​ ព្រំ សំណាង នៅ​​១នាទី​ចុងក្រោយ»។

បន្ទាប់ពីបាន​យក​ឈ្នះលើ ព្រំ សំណាង ក្នុងការ​ប្រកួត​បីស្រ្តី​ពិភព​លោក​នេះ ប្រភព​ជា​ច្រើន បាន​បង្ហាញ​ពី​ប្រវត្តិ​របស់​លោក យិន សំអុល ដោយ​បុរស​មានដើម​កំណើត នៅខេត្តតាកែវ​រូប​​នេះ ជាអ្នក​ធ្លាប់បួសជាសង្ឃ ហើយ​កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៣​នេះ លោក យិន សំអុល ត្រូវ​​តែ​តែងតាំងក្នុងឋានន្តរស័ក្ត អនុមន្រ្តី ថ្នាក់លេខ​១ ឱ្យកាន់​មុខ​តំណែង​ជា​ប្រធាន​​ការិយាល័យ​សេដ្ឋកិច្ច និងអភិវឌ្ឍន៍​សហគមន៍ ក្នុង​រចនាសម្ព័ន្ធ​រដ្ឋបាល​ខណ្ឌ​ទួល​គោក។

ចំណែក ព្រំ សំណាង ដែលខំឈរបី​ប្អូន​ស្រ្តីឡើងពងជើង ហើយមាន​ស្ថានភាព​​អស់កម្លាំង ខ្លាំង រហូត​មាន​អ្នកជួយ​ចាំបក់ខ្យល់​ឱ្យ ក្រោយការ​ប្រកួតចប់នោះ បាន​និយាយ​ថា៖ «ខ្ញុំ​បានស្រពន់ដៃ​ជើង តាំងពី​៣ម៉ោង​មុន ប៉ុន្តែ​ខ្ញុំបានស៊ូទ្រាំ ហើយ​ខ្ញុំ​ពិត​ជាសប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែល​ក្រុមហ៊ុន Boostrong បាន​សម្រេច​ប្រគល់​ឡាន ដល់​ខ្ញុំ​ដែរ ព្រោះ២គូ​​ចុងក្រោយ​នេះ មានការ​តស៊ូ​ខ្លាំងដូច​គ្នា»៕

អ្នកឈ្នះ

កីឡាករព្រំ សំណាង

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម