ជាមហាជោគជ័យ​សម្រាប់កម្ពុជា! «គុនល្បុក្កតោ» បានក្លាយជា​សម្បត្តិបេតិកភណ្ឌនៃ​មនុស្សជាតិ

លោកស្រី ភឿង សកុណា

នៅទីបំផុត ការ​ព្យាយាម​អស់​រយៈ​ពេលជា​ច្រើនឆ្នាំ​របស់​កម្ពុជា ក្នុងការ​ដាក់​ «គុនល្បុក្កតោ» ចូលទៅ​ក្នុង​បញ្ជីបេតិភណ្ឌ​សម្បត្តិ​វប្បធម៌​អរូបីនៃមនុស្សជាតិ បានទទួលនូវមហា​​ជោគ​ជ័យជាទីមោទនភាពជាតិ​ហើយ បន្ទាប់ពី​កិច្ចការ​នេះ បន្ទាប់ពីអង្គការយូណេស្កូ​ បាន​ទទួលស្គាល់ និង​សម្រេចចុះបញ្ជី​ គុនល្បុក្កតោ ជា​សម្បត្តិ​បេតិកភណ្ឌអរូបីនៃមនុស្សជាតិ​ ជា​ផ្លូវ​ការ កាលពី​យប់​មិញ​នេះ។

បើតាមព័ត៌មានជា​បឋម ដែល​លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជម្រាប​ជូន​មក​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​យប់​មិញនេះ បានឱ្យ​ដឹង​ថា «គុនល្បុក្កតោ» ត្រូវបាន​ដាក់​បញ្ចូលជា​សម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៅក្នុង​កិច្ច​ប្រជុំ នៅ​​ប្រទេស​ម៉ារុក។

Category Top

អ្នកចម្បាំង_គុនល្បុកតោ

លោក​ស្រី ភឿង សកុណា ដែល​កំពុង​ដឹកនាំប្រតិភូ​កម្ពុជា ចូលរួម​កិច្ចប្រជុំ នៅ​ប្រទេសម៉ារុកនោះ បានជម្រាបជូន​លោក​ ហ៊ុន សែន ថា៖ ​«សម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់​ នាងខ្ញុំសូមគោរពជម្រាបជូនសម្តេចមេត្តាជ្រាបថា​ ក្នុងកិច្ចប្រជុំលើក​ទី​១៧​ គណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌអរូបី​ នៃអង្គការយូណេស្កូ​ បានគោះញញួរសម្រេចចុះបញ្ជី​ បេតិកភណ្ឌអរូបីនៃមនុស្សជាតិ​ «គុនល្បុក្កតោ» នៅថ្ងៃទី​ ២៩​ ខែ​ វិច្ឆិកា​ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១៦:៣១នាទី ម៉ោងនៅទីក្រុង​ រ៉ាបាត​ ប្រទេស​ម៉ារុក​ ត្រូវគ្នា​នឹងម៉ោង​ ២២:៣១នាទី​ នៅប្រទេសកម្ពុជាយើង»។

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បាន​បន្ថែម​ថា៖ «ឯកសារនានា​ រួមទាំងវីដេអូផងនោះ​ នាងខ្ញុំបានផ្ញើ​ជូនខុទ្ទកាល័យសម្តេចរួចស្រេចអស់ហើយដែរ។ នាងខ្ញុំសូមគោរពជម្រាបជូនព័ត៌មានត្រឹមនេះសិន​ ដោយនៅជាប់ក្នុងកិច្ចប្រជុំបន្តទៀតនៅឡើយ»។

លោក វ៉ាត ចំរើន

ជាមួយគ្នា​នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា ដែល​ជាស្ថាបនិកសំខាន់ម្នាក់ ក្នុងការ​ជួយ​កសាងឯកសារ​រស់ ដើម្បី​ដាក់​ «គុនល្បុក្កតោ» ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌអរូ​បីនៃ​មនុស្សជាតិនេះ បាន​ថ្លែង កាលពី​យប់​ថ្ងៃ​អង្គារ​​ថា៖«យើងបានសម្រេច​ជា​ស្ថាពរ ក្នុងការ​ដាក់​ គុណ​ល្បុក្កតោ ចូល​ជា​សម្បត្តិបេតិកភណ្ឌ​អរូបី​នៃ​ពិភព​លោក​ហើយ អ៊ីចឹង​ជា​ការ​អបអរ​សាទរ នៅការ​ព្យាយាម​របស់​កម្ពុជា ក្នុង​ការដាក់បញ្ចូល​នេះ ដោយ​យើង​បានព្យាយាម​អស់ជា​ច្រើនឆ្នាំ យើង​បាន​ខិតខំ​ធ្វើការ​នេះ​ជា​ច្រើនឆ្នាំ ហើយជាពិសេស​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែលបានសម្រិតសម្រាំង និងធ្វើ​ឱ្យ​សម្រេច​បាន ហើយ​សហព័ន្ធ​កីឡាគុន​ល្បុក្កតោ​កម្ពុជា ក៏បាន​ប្រឹង​ប្រែ​លើ​កិច្ច​ការ​នេះដូចគ្នា»៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម