ចិន ប្រកាស​​ផ្តល់ជំនួយ​ដល់​កម្ពុជា និងជួយ​​​រៀបចំការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣

រដ្ឋមន្រ្តីចិន

ប្រទេស​ចិន តាម​រយៈ​លោក លី ខឺឈាង (LI Keqiang) បាន​ប្រកាសថា ​ផ្តល់​ជំនួយ​ដល់​កម្ពុជា ដើម្បី​ជួយរៀបចំ​ការ​ប្រកួត​កីឡាស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​​កម្ពុជា​ត្រូវ​ធ្វើ​ជា​​ម្ចាស់​ផ្ទះ ហើយ​ចិន​ក៏នឹង​ជួយ​ដល់​កីឡាករ​ កីឡាការិនី​កម្ពុជា ក្នុងការ​ត្រៀម​ខ្លួន ទៅកាន់​ព្រឹត្តិការណ៍ជា​ប្រវត្តិសាស្រ្តនេះ​ ព្រមទាំង​ជួយ​ដល់​វិស័យផ្សេងៗ​ទៀត​របស់​កម្ពុជា ឱ្យកាន់តែមាន​ការ​​រីកច​ម្រើន ផងដែរ។

ការ​ប្រកាស​ជួយ​​រៀបចំការ​ប្រកួត​កីឡាស៊ីហ្គេម ឆ្នាំ​២០២៣ និងជួយ​​វិស័យ​​ផ្សេងៗ​ទៀត នៅ​កម្ពុជា​នេះ ត្រូវបាន​ធ្វើ​ឡើង ក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក លី ខឺឈាង (LI Keqiang) នាយករដ្ឋមន្រ្ដីចិន កាល​ពី​ថ្ងៃទី៩ ខែវិច្ឆិកានេះ​ក្នុង​ឱកាស​លោក​មក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា​រយៈ​ពេល​៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់​ថ្ងៃទី​១១ ខែវិច្ឆិកា។

Category Top

លោក ហ៊ុន សែន

នៅ​ក្នុង​ជំនួប​នោះ លោក លី ខឺឈាង ថ្លែងថា ទំនាក់​ទំនង​រវាង​កម្ពុជា និងចិន គឺ​ជា​ទំនាក់​ទំនង ដែល​ស៊ីជម្រៅ​លើ​គ្រប់វិស័យ ហើយលោក​បាន​បង្ហាញ​សេចក្ដីរីករាយ​ចំពោះ​ទំនាក់​ទំនង​នេះ និង​បាន​សម្ដែងការរីករាយយ៉ាងខ្លាំង ដែលបានឃើញកម្ពុជា មាន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស។

លោក​នាយករដ្ឋមន្ត្រីចិន បានអះអាងថា ទោះបីជា​យ៉ាងណាក៏ដោយ ចិន​នឹង​បន្ត​ជួយ​កម្ពុជា ឱ្យមានវឌ្ឍនភាពបន្ថែមទៀត ក្នុងនោះចិននឹងផ្តល់ជំនួយបន្ថែមដល់កម្ពុជា ទៅ​លើ​វិស័យជារួមមាន ទី១ ទឹកប្រាក់ចំនួន ២០០លានយ័ន្ត (២៧លានដុល្លារអាមេរិក) សម្រាប់​ជួយ​កែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា ជួយដល់ការស្ដារឡើងវិញនូវបេតិកភណ្ឌកម្ពុជា បង្កើន​ចំនួន​និស្សិតកម្ពុជា​ទៅបន្តការសិក្សានៅប្រទេសចិន ជួយដល់សកម្មភាពដោះមីន ជួយ​ដល់​វិស័យ​សុខា​ភិបាល ជួយ​ដល់ការរៀបចំការប្រកួតស៊ីហ្គេមនៅឆ្នាំខាងមុខ ក៏​ដូចជា​ជួយ​ដល់​កីឡាករ​កីឡា​ការិនី​កម្ពុជា ជួយដល់ការស្ថាបនាស្ពានឆ្លងទន្លេមេគង្គ និង​ជួយ​ដល់ការ​ស្ថាបនា​ផ្លូវ​ដែក​តភ្ជាប់​ពីកម្ពុជា ថៃ ឡាវ និងប្រទេសចិន។

កិច្ចប្រជុំចិន និងកម្ពុជា

ជាការឆ្លើយតប លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងការស្វាគមន៍ និង​សម្តែង​នូវ​អំណរ​គុណ​ចំពោះ លោកនាយក​រដ្ឋមន្រ្តី​ចិន លោក លី ខឺជាង និងប្រតិភូចិន ដែល​មក​បំពេញ​ទស្សន​កិច្ច​នៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ហើយ​លោក ហ៊ុន សែន ក៏​បានថ្លែងអំណរគុណចំពោះជំនួយបន្ថែម និងបញ្ជាក់អំពីការផ្តល់ជំនួយដល់កម្ពុជា ជួយ​កម្ពុជា​ឱ្យ​មាន​វឌ្ឍន​ភាព​កាន់​តែខ្លាំងឡើងថែមទៀត៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម