គ្រូ Honda បន្សល់សារចុងក្រោយ សម្រាប់អ្នកគាំទ្រ​កម្ពុជា ក្រោយ​លោក​បញ្ចប់ភារកិច្ច​ជាមួយ​ក្រុមជម្រើសជាតិ

Team

រាល់​ការ​រៀបចំ​គម្រោង និងផែនការ​ដឹកនាំ​ក្រុមជម្រើសជាតិកម្ពុជា របស់​​លោក Keisuke Honda អស់​រយៈពេល​៥​ឆ្នាំ កន្លងមក​នេះ បានបញ្ចប់​កាលពី​យប់មិញហើយ ក្នុងពេល​ក្រុម​U22ជម្រើសជាតិ​កម្ពុជា បានចាញ់​ក្រុម​ឥណ្ឌូនេស៊ី ២-១ ហើយ​ក៏ជា​លទ្ធផល ដែល​ធ្វើ​ឱ្យ​ពួកគេ បាន​ធ្លាក់ចេញ​ពីការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ក្នុងនាមជា​ម្ចាស់​ផ្ទះ ដ៏គួរឱ្យ​ឈឺចាប់​ ផងដែរ។

តាម​រយៈការ​ប្រកួតជម្រុះចុង​ក្រោយ​ប្រចាំពូល​A នៅ​ពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់មិញ​នេះ ក្រុមជម្រើសជាតិកម្ពុជា បាន​​​ប្រកួត​​ជាមួយ​ក្រុម​ខ្លាំង ឥណ្ឌូនេស៊ី យ៉ាង​ស្វិតស្វាញបំផុត   ដើម្បីភាគ​រយ​ដ៏​តិចតួច​របស់​ខ្លួន ប្រជែង​ដោយប្រយោលជាមួយ​ក្រុម​មីយ៉ាន់ម៉ា ក្នុងការស្វែង​រកឱកាស​ឡើង​ទៅ​វគ្គ​បន្ត។

Category Top

គ្រូហុងដា

ប៉ុន្តែ​ក្រុម​ម្ចាស់​ផ្ទះ​ដ៏​កម្សត់​មួយ​នេះ មិនអាច​កែ​ប្រែស្ថានភាពដ៏លំបាក ជាមួយ​ឱកាស​ត្រឹម​១ភាគ​រយនេះ​បាន​ទេ ព្រោះ​ពួកគេ បានចាញ់ ឥណ្ឌូនេស៊ី ២-១ ស្របពេល មីយ៉ាន់ម៉ា បាន​យក​ឈ្នះ​ក្រុមពីលីពីន ១-០ ហេតុនេះ មីយ៉ាន់ម៉ា បាន​ទទួល​លេខ​២ ប្រចាំពូលនេះ ខណៈ ឥណ្ឌូនេស៊ី បាន​លេខ​១ ដោយ​ក្រុមទាំង​២​នេះ ត្រូវ​ឡើងទៅប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ជាមួយ​ក្រុម​វៀតណាម និង​ថៃ ដែលនឹងត្រូវ​ប្រកួត​ដណ្តើម​យក​លេខ​១ និងលេខ​២ ប្រចាំពូល​B នៅយប់​ម៉ោង​៧ ថ្ងៃ​ព្រហស្បតិ៍​នេះ។

បើទោះបីជា លោក Keisuke Honda ធ្លាប់​បាន​ដឹកនាំ​ក្រុមជម្រើសជាតិ​កម្ពុជា ឡើងទៅ​​ដល់​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ សម្រាប់ការ​ប្រកួតស៊ីហ្គេម ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន ជា​ប្រវត្តិសាស្រ្ត ប៉ុន្តែ​ការ​ធ្លាក់ត្រឹម​វគ្គ​ជម្រុះ ក្នុងពូល ពេល​កម្ពុជា ធ្វើជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣នេះ វា​បាន​ក្លាយជា​ការ​បរាជ័យ​យ៉ាង​ឈឺចាប់ ដែល​មាន​ន័យ​ថា Honda មិន​អាច​សម្រេច​តាមការ​សន្យា ក្នុងការជួយ​ឱ្យក្រុម​កម្ពុជា បាន​ឡើង​ទៅ​កាន់វគ្គ​១/២​ផ្តាច់​ព្រ័ត្រ និងដណ្តើម​បានមេដាយ​នោះ​ទេ។

ជម្រើសជាតិ

យ៉ាងណាក៏​ដោយ អ្នកគាំ​ទ្រ​កម្ពុជា នៅតែ​សម្តែង​ការ​អរគុណទៅ​លើ​អ្នក​ចាត់ការទូទៅ លោក Honda ដែលបាន​ព្យាយាម​ដឹកនាំ​ និង​អភិវឌ្ឍ​ការ​លេង​របស់ក្រុម​​កម្ពុជា បាន​ឈាន​ឡើង​១​កម្រិត ហើយ​រូប​ភាព និងសកម្ម​ភាព នៃការ «លាគ្នា» នៅក្រោយ​បញ្ចប់ការ​ប្រកួត​ជាមួយក្រុម​ឥណ្ឌូនេស៊ី កាលពី​យប់មិញនេះ បាន​ក្លាយជា​ការ​ចងចាំចុងក្រោយ របស់​អ្នកគាំទ្រ​បាល់​ទាត់​កម្ពុជា និង​លោក Honda។

បន្ទាប់ពី​បាននិយាយ​លាគ្នា ដោយ​រំជួល​ចិត្ត កាលពីយប់​មិញ​នោះ លោក Honda នា​ព្រឹក​ថ្ងៃព្រហស្បតិ៍នេះ បាន​បង្ហោះ​សារ បង្ហាញ​ពី​អារម្មណ៍​ពិត​របស់លោក ចំពោះ​ការ​ដឹកនាំ​ក្រុម​កម្ពុជា រយៈពេល​៥​ឆ្នាំនេះ​ថា៖ «ដូចអ្នកដឹងហើយថា គម្រោងរបស់ខ្ញុំ ក្នុងក្រុម​ជម្រើសជាតិកម្ពុជា បានបញ្ចប់កាលពីយប់មិញ។ យើងចង់ធ្វើឱ្យអ្នកទាំងអស់គ្នា មានភាពរីករាយជាមួយនឹងលទ្ធផលដ៏ល្អ ប៉ុន្តែយើងមិនអាចធ្វើបានឡើយ»។

លោក សៅ សុខា

លោក​បាន​បន្ត​ថា៖ «ជីវិតរបស់យើង គឺមិនអាចបំពេញតាមការសន្យាបានឡើយ ហើយពេលខ្លះ វាពិតជាពិបាក សម្រាប់ខ្ញុំក្នុងការទទួលយក។ ខ្ញុំមានអារម្មណ៍ដូចគ្នានេះ ជាច្រើនលើកមកហើយ ចាប់តាំងពីខ្ញុំចាប់ផ្តើមធ្វើការក្នុងគម្រោងនេះ ក្នុងឆ្នាំ២០១៨។ ប៉ុន្តែ «អ្នក» (អ្នកគាំទ្រ) នៅតែជាថាមពល និងក្តីសង្ឃឹមរបស់ខ្ញុំ។ នោះហើយជាមូលហេតុ ដែលខ្ញុំអាចបន្តគម្រោងរបស់ខ្ញុំរហូតដល់ទីបញ្ចប់»។

វីរបុរសបាល់​ទាត់​របស់ជប៉ុន​រូបនេះ បានបញ្ជាក់ថា៖ «ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្វីៗគ្រប់​យ៉ាងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ អ្នកបានផ្តល់ឱ្យខ្ញុំ និងកីឡាករទាំងអស់នូវអ្វីៗជាច្រើន។ ខ្ញុំមានមោទនភាព ចំពោះអ្នកទាំងអស់គ្នា។ ជាចុងក្រោយខ្ញុំចង់ប្រាប់អ្នកពីពាក្យនេះ។ មាន​សុបិន ធ្វើតាមសុបិន។ សូមអរគុណ ហើយ សង្ឃឹម ថា ជួបគ្នាម្តងទៀត!»។

លោក ហុង ដា

នៅ​ក្នុង​ការលាគ្នា កាលពី​យប់មិញ​នោះ លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា ក៏​បាន​ថ្លែង​ការអរគុណ​ដល់​លោក Honda ចំពោះការ​ខិតខំប្រឹង​ប្រែង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដោយ​មិន​យក​តម្លៃ​ខ្លួន ក្នុង​រយៈពេល​៥​ឆ្នាំ​នេះ ហើយ​នៅមុន​នេះ លោក សៅ សុខា ក៏​បានប្រកាស​លាលែង​ពីតួនាទីជា​ប្រធានសហព័ន្ធ​ផងដែរ ដើម្បី​បំពេញ​តាមការ​សន្យា​របស់​លោក ដែល​មិនអាច​ជួយជ្រោម​ជ្រែងឱ្យក្រុម​កម្ពុជា ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ។ប៉ុន្តែ​ដោយសារ មានការ​អំពាវនាវ និងស្នើសុំ​​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទើប​លោក សៅ សុខា យល់ព្រម​បន្ត​ដឹកនាំ​សហព័ន្ធ​នេះ​វិញ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»
«ឱកាសឈ្នះរង្វាន់កីឡាស៊ីហ្គេមរង្វាន់ទឹកប្រាក់ចុចទីនេះ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម