គ្រូ​បង្គោល​ក្រុមស្វាយរៀង បា​ន​ណែនាំមនុស្សម្នាក់ ឱ្យមកដឹក​នាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ជំនួសលោក Honda

Honda

ជា​គ្រូ​បង្វឹកបរទេស​ម្នាក់ ដែលបានស្គាល់ច្បាស់ពីស្ថាន​ភាពបាល់់​ទាត់នៅ​កម្ពុជា ក៏ដូច​ជា​កីឡាករ នៅតាម​ក្លិប​ផ្សេងៗ ក្នុង​លីគកំពូលកម្ពុជា លោក Conor Nestor ត្រូវបានគេមើល​ឃើញ​ថា អាច​នឹងមានសមត្ថភាព​គ្រប់​គ្រាន់ ក្នុងការ​ចូលខ្លួនមក​ដឹក​នាំក្រុមជម្រើសជាតិកម្ពុជា ជំនួស​លោក Keisuke Honda ដែលមិន​មានពេល​គ្រប់គ្រាន់ ក្នុងការ​ដឹកនាំ​ក្រុមកម្ពុជា ដោយ​ផ្ទាល់។

តែទោះបីជា​យ៉ាង​ណា លោក Conor Nestor ដែលបានចូល​ខ្លួន​ដឹកនាំ​ក្រុម​ព្រះខ័ន​រាជស្វាយរៀង ក្នុង​នាមជា​គ្រូ​បង្គោល តាំងពី​ខែមករា ឆ្នាំ​២០១៨​មក​នោះ បា​ច្រា​ន​ចោល​នៅអម្រែក​ដ៏​ធំនេះ ហើយ​លោកបានណែ​នាំ​មនុស្ស​ម្នាក់ ដែល​ស័ក្តិសមជា​ងលោក ក្នុងការ​មក​ដឹកនាំ​ក្រុមជម្រើសជាតិកម្ពុជា នោះ​គឺ​អតីត​គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិកម្ពុជា ជន​ជាតិ​អាហ្សង់​ទីន Felix Dalmas។

Category Top

Conor Nester

ឆ្លើយតបទៅនឹងការ​សួរនាំ​របស់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ក្នុងស្រុក កាលពី​ពេលថ្មីៗ​នេះ លោក Conor Nestor បាន​និយាយ​ថា៖ «ខ្ញុំ​មាន​ការងារ​ច្រើន​ដែល​ត្រូវ​ធ្វើ ហើយ​ខ្ញុំ​ផ្ដោត​លើ​ការ​ធ្វើ​ឱ្យ​ខេត្ត​ស្វាយរៀង​ខ្ញុំមាន​ភាព​សប្បាយ​រីក​រាយនឹងធ្វើ មុន​នឹង​គិត​ដល់​ប្រទេស​ទាំង​មូល។ ខ្ញុំ​ស្រឡាញ់បាល់ទាត់ខ្មែរ ប៉ុន្តែខ្ញុំត្រូវរៀនច្រើនទៀត»។

លោក​បាន​បន្ថែម​ថា៖ «សម្រាប់ខ្ញុំ ការងារមួយនេះ គួរតែសម្រាប់លោក Felix Dalmas!! ខ្ញុំមិនមានន័យថា មិនគោរពលោក Honda ទេ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចូលចិត្ត​អ្វី​មួយ​គឺ​​អ្នកត្រូវបង្ហាញវាជារៀងរាល់ថ្ងៃ ហើយអ្នកទទួលបានវិជ្ជាជីវៈរបស់អ្នក។​ ប្រសិន​បើ​វា​ជា​ចំណង់​ចំណូល​ចិត្ត អ្នកត្រូវតែគោរពប្រទេសកម្ពុជា និងបង្ហាញ​ពី​ចំណង់​របស់​អ្នក​មកកាន់ទីនេះ​ផងដែរ»។

Dalmas

គួររំឭក​ថា លោក Felix Dalmas គឺ​ជា​គ្រូ​បង្គោល ដែលត្រូវបាន​នាំ​យក​មកដឹកនាំ​ក្រុម​ជម្រើសជាតិកម្ពុជា ដោយ​អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda ហើយក្រោមការ​ដឹកនាំ​របស់​បុរសជនជាតិ​អាហ្សង់ទីន​រូបនេះ គេ​មើលឃើញ​ថា ក្រុមជម្រើសជាតិ​កម្ពុជា មានការ​រីក​ចម្រើនទៅលើបច្ចេកទេស​នៃការ​លេង ពិសេស​ការ​លេងបាល់ខ្លី ចេញពីស្លាប​ទាំងសង​ខាង។

សម្រាប់ការ​ដឹកនាំ ក្រុម​កម្ពុជា រួមគ្នាជាមួយ​នឹង​លោក Honda ក្នង​រយៈ២​ឆ្នាំ លោក Felix ត្រូវបានគេ​មើលឃើញ​ថា ជាមនុស្ស​យ៉ាងសំខាន់ ក្នុងការកែ​ប្រែប្រព័ន្ធលេង​របស់​ក្រុម​កម្ពុជា  ដើម្បីជួយ​ឱ្យក្រុមមួយនេះ ឡើងទៅ​កាន់ការ​ប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​ស៊ីហ្គេម កាលពី​ឆ្នាំ​២០១៩ ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្រ្តបាល់​ទាត់របស់​កម្ពុជា។

Team

យ៉ាងណាក៏​ដោយ ការ​ដាក់​គ្រូ​បង្គោល​ជនជាតិជប៉ុន លោក Hirose Ryu មកកាន់តួនាទី​ជំនួស​លោក Felix ក្នុង​រយៈពេល​ជាង១​ឆ្នាំ​នេះ គឺ​ក្រុម​កម្ពុជា ទទួលបានលទ្ធផលមិនសូវ​ល្អ​នោះ​ទេ ដោយបាន​ធ្លាក់ចេញពីការ​ប្រកួត នៅស៊ីហ្គេម ប្រទេស​វៀតណាម កាលពី​ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​វគ្គជម្រុះតាមពូល ជាថ្មី​ម្តងទៀត ហើយ​សម្រាប់ការ​ប្រកួត​ពាន​រង្វាន់ និងប្រកួត​មិត្តភាព​ផ្សេងៗ​ទៀត ក៏ក្រុមកម្ពុជា ទទួល​លទ្ធផល មិនបានល្អ​នោះដែរ។

ជាក់ស្តែង សម្រាប់ការ​ប្រកួត​មិត្តភាពអន្តរជាតិ​​ជាមួយក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ៤-០ កាល​ពី​​​​ថ្ងៃ​​​សុក្រ សប្តាហ៍​​មុននេះ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រកម្ពុជា បាន​ផ្ទុះ​ការ​​រិះគន់កាន់តែ​ខ្លាំង ហើយ​បាន​​ទម្លាក់​ការ​​ទទួល​ខុស​ត្រូវ​គ្រប់បែប​យ៉ាង​ទៅលើ​លោក Keisuke Honda ដែល​នៅតែ​បន្ត​ដឹកនាំ​ក្រុមកម្ពុជា តាមអនឡាញ ធ្វើ​ឱ្យក្រុមកម្ពុជា មានទម្រង់លេង កាន់តែ​ថម​ថយ ខណៈ​ក្រុម​ជម្រើស​ជាតិផ្សេងៗ គេ​មានការ​វិវឌ្ឍ និងមាន​ទម្រង់លេង កាន់តែ​ល្អ ដែល​ជា​ក្តីបារម្ភ សម្រាប់កម្ពុជា សម្រាប់​ការ​ធ្វើ​ម្ចាស់ផ្ទះស៊ីហ្គេម នៅ​ឆ្នាំ​២០២៣៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម