​គុណ​ភាពកាត់ក្តី​របស់​​អាជ្ញា​កណ្តាល​ចៅ​ក្រម​កម្ពុជា ត្រូវ​បានទទួលស្គាល់ជាអន្តរជាតិ  រីឯ​​ការ​​ប្រកួត​ប្រជែង​របស់​កីឡាករ ក៏មានការ​រីក​ចម្រើន

ប្រដាល់សកល

ការ​អនុវត្តជាក់​ស្តែង​ទៅលើការ​វិនិច្ឆ័យ ឬការ​កាត់សេចក្តី​របស់​អាជ្ញាកណ្តាល​ចៅក្រម​ប្រដាល់​​សកលអាជីព​កម្ពុជា ត្រូវបាន​ទទួលស្គាល់​ពី​ស្ថានប័ន្ថ​ប្រដាល់​សកលអាជីពអន្តជាតិ (WBC) តាម​រយៈ​គ្រូ​ឧទ្ទេសជប៉ុន លោក SHOZO KATAYAMA បន្ទាប់ពី​​អ្នកជំនាញ​មកពី​ស្ថាប័ន​​ប្រដាល់​សកល​អាជីព​របស់​ជប៉ុនរូ​បនេះ បានចុះ​មក​បណ្តុះបណ្តាល និង​ពិនិត្យ​មើល​ដោយ​ផ្ទាល់ ទៅលើការ​បំពេញការងារបស់អាជ្ញាកណ្តាល​ចៅក្រម​របស់​កម្ពុជា ទាំង១០នាក់ រយៈ​ពេល​២​ថ្ងៃ​កន្លងមកនេះ។

ក្នុងនាមជា​គ្រូឧទ្ទេសអន្តរជាតិ លោក SHOZO KATAYAMA មិន​ត្រឹមតែបាន​ចូល​រួម​វគ្គ «បណ្តុះ​បណ្តាល​អាជ្ញា​កណ្តាល ចៅ​ក្រម​ ប្រដាល់​​សកល​អាជីព​» ជា​លើកដំបូង នៅកម្ពុជាប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏បាន​ចុះពិនិត្យ​ដោយ​ផ្ទាល់ សម្រាប់ការ​បំពេញការងារជាអាជ្ញាកណ្តាលចៅក្រមរបស់សិក្ខាកាម​កម្ពុជា​ទាំង​១០នាក់ នៅ​ក្នុងការ​ប្រកួត​ប្រដាល់​សកល​អាជីព «Ultimate Pro Boxing 2022» នៅ​សាល​ហ្វឹក​ហាត់​ប្រដាល់​សកល នៃ​ពហុកីឡ​ដ្ឋាន​ជាតិ កាល​ពី​​​រសៀល​​ថ្ងៃព្រហស្បតិ៍នោះ​ដែរ ហើយជា​លទ្ធផល​បុរសជប៉ុន​រូបនេះ បាន​ទទួល​ស្គាល់​ពីគុណ​ភាពវិនិច្ឆ័យ​របស់​អាជ្ញាកណ្តាលចៅក្រមកម្ពុជា។

Category Top

កីឡាករប្រដាល់

ជុំវិញ​ការងារ​នេះ លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធ​កីឡា​ប្រដាល់​សកលអាជីពកម្ពុជា បាននិយាយ​ថា៖«​សម្រាប់ការ​អនុវត្តទៅលើការ​វិនិច្ឆ័យ​ផ្ទាល់​របស់​អាជ្ញាកណ្តាលចៅក្រម​ប្រដាល់​សកលអាជីពរបស់​យើង នៅក្នុង​ព្រឹត្តិការណ៍នេះ យើង​សង្កេត​ឃើញ​ថា ពួកគេ​បំពេញ​ការងារ​បាន​ល្អ ពាក់ព័ន្ធ​ទៅនឹង​ការ​​វិនិច្ឆ័យ ក៏​ដូចជាការ​ធ្វើ​ជាអាជ្ញាកណ្តាល នៅលើ​រេញ​ គឺគ្រូ​ឧទ្ទេសជាជំនាញការ​មកពី​ប្រទេសជប៉ុន ទទួល​ស្គាល់ថា មាន​ភាពល្អ​ប្រសើរ ដោយ​គាត់​អាច​ទទួល​យក​បាន ក្នុង​​ការ​បំពេញ​លក្ខខណ្ឌ​មួយ​ផ្នែក​របស់​ស្ថាប័ន​ប្រដាល់សកល​អាជីពនៃស្ថាប័ន WBC»។

ជាមួយគ្នា​នេះ លោក ប៊ុយ សុភ័ណ្ឌ ក៏​បាន​ធ្វើការ​វាយ​តម្លៃខ្ពស់​ទៅលើគុណ​ផល​នៃការ​ប្រកួត​ប្រជែង​របស់កីឡាករ​ទាំង១០នាក់ ដែល​បានចូល​រួមការ​ប្រកួត​​​ប្រដាល់​សកល​អាជីព «Ultimate Pro Boxing 2022» នេះ​ដែរ ជាពិសេស​ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ដោយ​លោកបាន​កត់សម្គាល់​ថា មានគុណ​ផល​រីក​ចម្រើន។

កីឡាករប្រដាល់សកល

លោក សុភ័ណ្ឌ បាន​បន្ថែម​ថា៖ «ចំពោះ​កីឡាករ គាត់​ប្រកួត​មាន​លក្ខណៈ​បច្ចេក​ទេស​​ល្អ ដែល​កីឡាករ​មួយចំនួន គាត់​ទើប​ត្រឡប់មកពី​ក្រៅ​ប្រទេស ដូចជា​កីឡាករ វ៉ែន រដ្ឋា បន្ទាប់ពី​បាន​ឆ្លងកាត់​ការ​ប្រកួត​ជើងឯក​អាស៊ី ក៏ដូចជា​ការ​ប្រកួត​ដក​ស្រង់បច្ចេក​ទេស​ជាមួយក្រុមជម្រើសជាតិ​ផ្សេងៗ នៅ​ប្រទេសហ្ស៊ក់ដានី គឺ​គាត់​មាន​កម្រិត​បច្ចេក​ទេស​កើន​ឡើង គួរ​ឱ្យកត់សម្គាល់​ ដូច្នេះ​សហព័ន្ធ នឹងបន្ត​អនុវត្ត​ការងារ​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ ទី​១ វគ្គបណ្តុះ​បណ្តាល​អាជ្ញាកណ្តាល ចៅក្រម ទី​២ កម្ម​វិធី​ប្រកួត​របស់​សហព័ន្ធ គឺ​ការ​បញ្ជូន​ក្រុមជម្រើសជាតិ ទៅ​ហ្វឹក​ហាត់ ក៏​ដូចជា​ការ​ប្រកួត នៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​ច្រើន​ផងដែរ»។

តាម​រយៈ​ការ​ប្រកួតប្រដាល់​សកល​អាជីព​ត្រឹម​៤ទឹក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ កីឡាករ វណ្ណា សំណាង បានឈ្នះ​ពិន្ទុ ជុស រតនា ក្នុងទម្ងន់​៥៣,៥២៥គីឡូក្រាម តែ​កីឡាករ ហ៊ុន គឹមហ៊ាង បាន​ចាញ់ពិន្ទុ ញឹក ឈៀង ក្នុង​ទម្ងន់​៦៩,៨៥កីឡូក្រាម រីឯ​កីឡាករ រឿន សារូត បាន​ចាញ់ពិន្ទុ​  វណ្ណា លីហៀង ក្នុង​ទម្ងន់​ ៥៧,១៥៣គីឡូក្រាម ហើយ​កីឡាករ ពេជ្រ ម្ទេសខ្មាំង បាន​ផ្តួល​កីឡាករ ម៉ិល សារុន ឱ្យ​សន្លប់នៅទឹក​ទី​២ ក្នុងទម្ងន់ ៥៧,១៥៣គីឡូក្រាម ខណៈកីឡាករ ពេញ វណ្ណថង បានចាញ់កីឡាករ វ៉ែន រដ្ឋា ដោយ​ពិន្ទុ ក្នុងទម្ងន់​៦៦,៦៧៨គីឡូក្រាម៕

ប្រដាល់

boxing

Cambodia Boxing

អជ្ញាកណ្តាល

ក្រុមអជ្ញាកណ្តាល

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម