ខាំ ខ្លានាង និង ប៊ន ពន្លឹក ផ្តល់មេរៀន​យ៉ាង​ជូរ​ចត់​ឱ្យ​ឡាវ ខណៈ ឡៅ សៃណេត វ៉ៃឱ្យ​ថៃ​សន្លប់​ធំ

គុនខ្មែរ

កីឡាករ ខាំ ខ្លានាង និង ប៊ន ពន្លឹក បាន​ប្រើ​បច្ចេក​ទេស​ប្រកួត​យ៉ាង​ល្អ​បំផុត ក្នុងការ​វ៉ៃ​ឱ្យ​អ្នក​ប្រដាល់​ឡាវ​ដួល​ដេក នៅពេល​អ្នកទាំង​២ ត្រូវបានដាក់​ឱ្យ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ ក្នុង​ព្រឹត្តិការណ៍​ប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា នៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ កាលពី​ថ្ងៃអាទិត្យ ចំណែកកីឡាករជម្រើសជាតិគុនខ្មែរ ឡៅ សៃណេត កាន់តែ​ធ្វើ​ឱ្យ​គ្រប់​គ្នា ចាប់​អារម្មណ៍ខ្លាំង ជាមួយ​សមត្ថ​ភាព​ប្រកួត​យ៉ាងល្អ​របស់​គេ ដើម្បីផ្តួលឱ្យ​​អ្នក​ប្រដាល់​ថៃសន្លប់ធំ នាថ្ងៃនោះ​ដែរ។

សម្រាប់ការ​ប្រកួត​ក្នុងទម្ងន់​៥១គីឡូក្រាមនេះ កីឡាករ ឡៅ សៃណេត របស់​ក្លិបបញ្ជាការដ្ឋានទ័ពពិសេស បានប្រកួត​ជាមួយ​ថៃ Phet Nakhorn យ៉ាង​ស្វិតស្វាញ​បំផុត ដោយ​អ្នកទាំង២នេះ បានវាយ​សងគ្នា​យ៉ាង​រន្ធើន​តាំងទឹកទី​១មក ដែល​ធ្វើ​ឱ្យ​អ្នកទស្សនា មានការ​ពេញ​ចិត្ត​ខ្លាំង។

Category Top

Kun khmer

តែទោះបីជា​យ៉ាងណា សម្រាប់ការ​ប្រកួត នៅទឹកទី​៤ គឺ​ពេល​ដែល Phet Nakhorn បានស្ទុះ​ចូលបុកជង្គង់ ដោយ​ខ្វះការ​ការពារ​ខ្លួន​នោះ ឡៅ សៃណេត បាន​បុក​កែង​ស្តាំ ចូលផ្នែក​ខាង​ឆ្វេង​របស់​កីឡាករ​ថៃ​ម្នាក់នេះ បណ្តាល​ឱ្យ​ដួលទាំង​ជំហរ។  Phet Nakhorn បានព្យាយាម​ក្រោក​ឡើង នៅពេល​អាជ្ញាកណ្តាលរាប់ទៅលើ​រូបគេ ប៉ុន្តែ​កីឡាករ​មានសាក់ពេញ​ខ្លួន​រូបនេះ មិនអាច​ងើប​រួច​ឡើយ ព្រោះការ​បុក​កែង​របស់ ឡៅ សៃណេត ធ្ងន់ពេក និង​ធ្វើ​ឱ្យរូបគេ​បែក ហូរ​ឈាម​សស្រាក់ផងដែរ។

តាម​រយៈការ​ផ្តួល​កីឡាករ​ថៃ Phet Nakhorn ឱ្យ​សន្លប់​ នៅ​ទឹ​ក​ទី​៤នេះ បាន​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ បានសរសើរ​មិនដាច់ពីមាត់ពី​បច្ចេក​ទេស និងសមត្ថ​ភាព​ប្រកួត​ កាន់តែល្អ​រ​បស់ ឡៅ សៃណេត បន្ទាប់ពី​រូបគេ បានចូល​រួម​ហ្វឹកហាត់ នៅក្នុង​ក្រុមជម្រើសជាតិ​ប្រដាល់​គុនខ្មែរ ក្នុង​ឆ្នាំ​២០២២នេះ ហើយជាមួយគ្នា​នេះ សៃណេត ធ្លាប់បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា រូបគេ បានប្រឹង​ប្រែង​ហ្វឹកហាត់​ខ្លាំងណាស់ ព្រោះ​តែចង់សម្រេចគោលបំណង​ធំ នៅស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅកម្ពុជា។

កីឡាករគុនខ្មែរ

ឡៅ សៃណេត បាន​និយាយ​ថា៖ «គោលដៅ ដែលខ្ញុំបានដាក់គឺ ចង់ឈ្នះមេដាយមាស សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ប៉ុន្តែ បើសិនយកមិនបានមេដាយមាសដូចបំណង នោះមានន័យថា ខ្ញុំនៅមានកម្រិត ឬការហ្វឹកហាត់មិនទាន់ល្អ១០០ភាគ​រយ។ តែទោះបីជា​យ៉ាង​ណា ខ្ញុំជឿថា ការប្រឹងប្រែងនេះ នឹងទទួលបានផ្លែផ្កា ពិសេសក្នុងព្រឹត្តិការណ៍សំខាន់ខាងមុខនេះ»។

ចំណែក​អ្នក​លេងកណ្តាប់ដៃ​ឆ្វេង ខាំ ខ្លានាង របស់​ក្លិបមហិទិរិទ្ធមេសថ្ងកខេត្តស្វាយរៀង បានប្រើពេលខ្លីបំផុត ក្នុងការ​ផ្តួល អ្នកប្រដាល់ឡាវ Chav Fang Khung ឱ្យ​សន្លប់។ សម្រាប់ការ​ប្រកួតទម្ងន់៥៤គីឡូក្រាមនេះ ខ្លានាង បានវាយ​កែងបណ្តាល​ឱ្យ​ដៃគូ​ម្នាក់នេះ ដួល​ទំាំងជំហរ ហើយ​ត្រូវ​អាជ្ញាកណ្តាល​រាប់ តាំងពីនាទីទី​១ ក្នុងទឹក​ទី​១ ហើយ​ក្រោយការ​រាប់នោះ ខ្លានាង បាន​ស្ទុះវាយ​បន្ថែម​ដោយ​ការ​វាយ​កែង រួចម៉ាត់​ឆ្វេងចូល​ថ្គាម២ដៃពេញៗ បណ្តាល​ឱ្យ Chav Fang Khung វង្វេងវង្វាន់ និងត្រូវបានអាជ្ញាកណ្តាល​បញ្ឈប់ការ​ប្រកួត នៅក្នុងទឹក​ទី​១នេះ តែម្តង។

កីឡាប្រដាល់គុនខ្មែរ

ស្រដៀង​គ្នានេះ កីឡាករជំនាន់ថ្មី ប៊ន ពន្លឹក របស់​ក្លិបនាគរាជចតុមុខ បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា មានការ​សរសេរ​មិនដាច់ពីមាត់ ពី​បញ្ចេក​ទេស​ប្រើស្នៀត​ជើង​បាន​យ៉ាង​ល្អ​របស់​គេ ពិសេស​គឺការ​ធាក់ និងការទាត់​ខ្លី ដែល​ស្នៀតនេះ បាន​ធ្វើឱ្យ​កីឡាករឡាវ Fang Khung Lek ដួល​ថ្ងារជើង ហើយ​ត្រូវបានអាជ្ញាកណ្តាល​រាប់ចំនួន​២លើក នៅក្នុងទឹក​ទី​៣ ហើយនៅទឹកទី​៤ ពន្លឹក បានប្រើក្បាច់នាគវ័ធកន្ទុយ ធាក់ចុះពោះ Fang Khung Lek បណ្តាល​ឱ្យសន្លប់តែម្តង៕

ប្រដាល់គុនខ្មែរ

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម