ក្រុម​អត្តពលិក​ជិត​៥០០០ ​ចាប់​ផ្តើម​ប្រកួត​ប្រជែង​គ្នាក្នុង​​​​​កីឡាជាតិ តែ​ថ្នាក់ដឹកនាំ ហាម​ផ្តាច់ កុំឱ្យ​ធ្វើ​រឿង​នេះ

កីឡាករវាយតេន្នីស

កីឡាករ កីឡាការិនីជាង​៤៧០០នាក់ មកពី២៥រាជធានី-ខេត្ត និងក្រសួងចំនួន៣ បាន​នឹង​កំពុងចាប់​ផ្តើម​ធ្វើការប្រកួតប្រជែង​គ្នា ទៅតាម​ជំនាញ​នៃប្រភេទ​កីឡា​រៀងៗ​ខ្លួន ក្នុង​ព្រឹត្តិការណ៍​​កីឡាជាតិលើក​ទី​៣ និងកីឡាជនពិការ​ជាតិ លើក​ទី​១ ឆ្នាំ​២០២២ ដែល​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និង​ខេត្ត​សៀម​រាប ហើយ​គ្រោង​បញ្ចប់ នៅថ្ងៃទី​៣០ ខែវិច្ឆិកា​នេះ។

ចំពោះ​ក្រុមអត្តពលិកទាំង​នេះ នឹង​ត្រូវ​ធ្វើការ​ប្រកួត​ប្រជែង​គ្នា​ទៅតាម​ជំនាញ​នៃ​ប្រភេទ​កីឡា​ទាំង​៣៨ ដែល​មាន​វិញ្ញាសា​សរុប​ចំនួន៤០៥ រួមទាំងការ​ប្រកួត​កីឡាប៉ារ៉ាឡាំពិក សម្រាប់​ក្រុមអត្តពលិកជនពិការ ចំនួន​៧​ប្រភេទ​កីឡា​ទៀត មាន​៨០​វិញ្ញាសា ខណៈ​ព្រឹត្តិការណ៍​កីឡាជាតិ​លើក​ទី​៣នេះ គឺ​គ្រប់​សហព័ន្ធកីឡាជាតិ​ទាំង​៣៨ ត្រូវ​បាន​ថ្នាក់ដឹកនាំ​ក្រសួងអប់រំ យុវជន និង​កីឡា ជំរុញ​ឱ្យ​រៀបចំការ​ប្រកួត ទៅ​​តាមជំនាញ​របស់​ខ្លួន ឱ្យ​បាន​ល្អ និង​ហាមផ្តាច់​កុំបង្កើត​កំហុស​ទាំង​នេះ។

Category Top

ក្រុមបាល់បោះ

លោក ស សុខា រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា ដែល​ទទួលបន្ទុក​ផ្នែកកីឡា បាន​ជំរុញឱ្យ​ភាគី​ពាក់ព័ន្ធ​កីឡាជាតិ​ទាំងអស់ ត្រូវ​​ទប់​ស្កាត់​ឱ្យ​បាន នៅ​ការ​ប្រើប្រាស់​សារធាតុហាម​ឃាត់ (ដូពីង) ​ក្នុងវិស័យកីឡា ដើម្បី​ជំរុញ​ឱ្យ​ព្រឹត្តិការណ៍​កីឡា​ជាតិ មាន​​ភាព​ស្អាតស្អំ និងមុខមាត់កិត្តិយសជាតិ ពីព្រោះ​កីឡា​ជាតិ​មាន​គោល​បំណង​ចម្បង​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

លោក ស សុខា បានថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា​នេះ​ថា៖ ​«ខ្ញុំ​សូម​ផ្តាំ​ផ្ញើ​ដល់​គ្រប់​​គណៈកម្មការទាំងអស់នៃកីឡាជាតិ លើកទី៣ តំណាង​សហព័ន្ធ​កីឡាជាតិ​ទាំង​៣៨ និង​តំណាងកីឡាប៉ារ៉ាឡាំពិក ព្រមទាំងប្រតិភូរាជធានី-ខេត្ត​ទាំង​អស់ សូម​សហការ​ស្វែងយល់​ពី​ការ​ប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់សារធាតុ​ហាម​ឃាត់​ក្នុង​កីឡា ដើម្បី​កុំឱ្យ​ជាប់​បម្រាម​ពីទី​ភ្ញាក់​ងារ​ប្រយុទ្ធប្រឆាំងដូពីងពិភពលោក (WADA) នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣»។

ក្រុមបាល់ទាត់នារី

ជាមួយគ្នានោះ លោក ស សុខា ក៏​បាន​ជំរុញឱ្យ​គណៈកម្មការ​បច្ចេកទេស​នៃ​សហព័ន្ធ​កីឡាជាតិ​ទាំង​៣៨ យកចិត្តទុកដាក់ដឹកនាំការប្រកួតឱ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​គឺ​ផ្តល់​ភាព​សុក្រឹត យុត្តិធម៌ដល់គ្រប់ការប្រកួតទាំងអស់ ដើម្បីជំរុញឱ្យ​ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣នេះ ទទួល​បាន​ជោគជ័យ។

លោក​បានបញ្ជាក់​ថា៖ «ការផ្តល់យុត្តិធម៌ សម្រាប់ការប្រកួតនេះ គឺសំខាន់ណាស់ អ៊ីចឹង​ឃើញ​​ស​ឱ្យ​ស ឃើញខ្មៅឱ្យ​ខ្មៅ​ ព្រោះ​នេះជាការផ្តល់ការលើកទឹកចិត្តដល់ការខិតខំរបស់​ក្រុម​អត្តពលិក ដែល​ខំប្រឹងធ្វើដំណើរពីខេត្តមកចូលរួម​ប្រកួត​ ដើម្បី​ឱ្យ​ព្រឹត្តិការណ៍​ទំាងមូល​ទទួល​បាន​​លទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា និងមាន​អត្ថន័យ»។

ក្រុមបាល់ទះក្នុងសាល

លោក​បាន​បន្ថែម​ថា៖ «បើ​ទោះជាពេលនេះ ក្រុមកីឡាករ កីឡាការិនី​ជម្រើស​ជាតិ​កម្ពុជា​ប្រមាណ ៦០ទៅ៧០ភាគ​រយ ត្រូវ​បាន​បញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេសក្តី ក៏​យើង​ត្រូវ​​បន្ត​ការ​ខិតខំ​បន្ថែម​ទៀត និង​កែ​លម្អ​ចំណុច​ខ្វះ​ខាត ដើម្បី​ជា​​គោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣តែម្តង»។

ចំណែក​រដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន ជាប្រធាន​គណៈ​កម្មការ​ទទួល​បន្ទុករួម​នៃ​​ការ​ប្រកួត​កីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ បានជំរុញ​ឱ្យ​សហព័ន្ធ​កីឡា​ជាតិ​ទាំង​៣៨ ដែល​​​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍នេះ រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ត្រូវយក​ចិត្តទុក​ដាក់​ឱ្យ​បាន​ខ្លាំង​​បំផុត គឺ​ធ្វើ​យ៉ាង​ណា​ប្រើ​ការ​ប្រកួត​កីឡាជាតិ​នេះ ក្នុង​ការពង្រឹង​សមត្ថ​ភាព​ខ្លួនឯង សម្រាប់ត្រៀម​ទៅ​​រៀបចំ​ការ​ធ្វើ​ម្ចាស់​ផ្ទះស៊ីហ្គេម លើក​ទី​២៣ និង​អាស៊ាន​ប៉ារ៉ាហ្គេម​ លើក​ទី​១២ នៅ​ឆ្នាំ​២០២៣។

ក្រុមបាល់ទះ

លោក ហង់ជួន ណារ៉ុន ថ្លែង ក្នុងកិច្ច​ប្រជុំគណៈកម្មការជំនាញ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​​ថា៖ «យើង​មានបទពិសោធការរៀបចំកីឡាជាតិ២លើករួចហើយ ចំណែក​​កីឡា​ជាតិ​លើក​ទី៣​នេះ ជា​ឱកាស​បន្ថែម​ក្នុង​ការពង្រឹងគុណភាព​នៃការរៀបចំ​របស់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​​នៃ​គោលដៅ ស៊ីហ្គេម ២០២៣ តាមរយៈការផ្តល់ថវិកាគាំទ្ររបស់ក្រសួង ជូន​ដល់​​សហ​ព័ន្ធ​កីឡា​ជាតិ សម្រាប់​ការ​បណ្តុះ​បណ្តាលធនធានមន្ត្រីរៀបចំ អាជ្ញាកណ្តាល ចៅក្រម និង​បាន​ផ្តល់​ឱកាស​​ដល់​មន្ត្រី ក្នុង​ការ​សិក្សាស្រាវជ្រាវ ក្នុងគោលដៅរួមគ្នាឱ្យ​បាន​គ្រប់ជ្រុង​ជ្រោយ​ឆ្ពោះ​ទៅ​ទទួល​ធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ​២០២៣»៕

កីឡាករតៃក្វាន់ដូ

បាល់ទាត់នារី

កីឡាប្រដាល់

កាលវិភាគសម្រាប់ការប្រកួត

កាលវិភាគប្រកួត

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម