ក្រុម​រថយន្តប្រើសាំង​របស់​កម្ពុជា ទទួលបានលេខ​១ ពីការ​ប្រណាំងរថយន្ត​​ Asia Cross Country Rally 2022

ក្រុមប្រណាំងរថយន្តកម្ពុជា

ក្រុមប្រណាំងរថយន្តការ៉ាកម្ពុជា ដែល​មានអ្នកបើកបរ កីឡាករ សោម សុកុសល និងជំនួយការអ្នកបើកបរ កីឡាករ វង្ស គីមហួត បាន​ទទួលបានចំណាត់លេខ១ នៅ Class រថយន្តប្រើសាំង ពីព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Asia Cross Country Rally 2022 និងចំណាត់ថ្នាក់លេខ១១ ក្នុងចំណោមរថយន្តសរុប៣៤ បន្ទាប់ពីធ្វើការប្រណាំងលើចម្ងាយផ្លូវ១៧០០គីឡូម៉ែត្រ នៅលើទឹកដីថៃ ៥ដំណាក់កាល និងបញ្ចប់នៅមុខប្រាសាទអង្គរវត្ត ទឹកដីព្រះរាជាណាចក្រកម្ពុជា ១ដំណាក់កាល កាលពីចុងសប្តាហ៍កន្លងទៅ នៅខេត្តសៀមរាប។

ម្ចាស់ពាន Rally 2022 កីឡាករ វង្ស គីមហួត បានគូសបញ្ជាក់ថា មានការសរសើរពីអ្នកប្រណាំងអន្តរជាតិថា ដំណាក់កាលចុងក្រោយនៅកម្ពុជា ថ្វីដ្បិតតែផ្លូវប្រកួតមានចម្ងាយខ្លី ប៉ុន្តែ​មា​នឧបសគ្គច្រើន ធ្វើឱ្យ​​ការប្រណាំងកាន់តែស្វិតស្វាញ និងជក់ចិត្ត។ កីឡាកររូបនេះ បន្តថា នេះជាឱកាសមួយ ដែលធ្វើឱ្យ​កីឡាករយានយន្តយើងទទួលបានបទពិសោធថ្មីៗ និងបង្កើនបច្ចេកទេសបាន​ខ្លាំងបន្ថែមទៀត ក្នុងការប្រកួតកម្រិតរថយន្តអន្តរជាតិនេះផងដែរ។

Category Top

កីឡាប្រណាំងរថយន្តកម្ពុជា

កីឡាករ វង្ស គីមហួត បញ្ជាក់ថា៖ ​«សម្រាប់ប្រភេទរថយន្តប្រើសាំង គឺយើងធ្វើបានល្អជាងគេ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រភេទរថយន្តសាំង ដែលសុទ្ធ​សឹងតែជើងខ្លាំងមកពីបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមកពីតំបន់អាស៊ី»។

ជាមួយគ្នានេះ កីឡាករពោរពេញដោយបទពិសោធរូបនេះ ថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំពុះពារការលំបាក គ្រប់ពេលវេលាទាំងអស់ ក្នុងអំឡុងពេលប្រកួត ទាំងផ្តល់សេវាថែទាំរថយន្ត ជាពិសេសថ្លែងអំណរគុណចំពោះក្រុមហ៊ុនជាដៃគូឧបត្ថម្ភ ពាក់ព័ន្ធ នឹងវិស័យកីឡាយានយន្ត ដែលបានឧបត្ថម្ភផ្តល់ការគាំទ្រ កម្លាំងចិត្តសម្រាប់ការចូលរួមប្រកួតរបស់ក្រុមកីឡាយានយន្តកម្ពុជា ក្នុងព្រឹត្តិការណ៍នេះឱ្យ​ដំណើរការដោយរលូន និងជោគជ័យ។

រថយន្តប្រណាំង

ដោយឡែកលោក ហូ សិទ្ធីគុណ ប្រធានក្លិប KARA បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តសៀមរាប ដែលតែងតែអនុញ្ញាត និងគាំទ្រយ៉ាងពេញទំហឹងឱ្យ​ក្លិប ការ៉ាបានរៀបចំព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិមួយនេះ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាយានយន្តកម្ពុជា ឱ្យ​កាន់តែរីកចម្រើនជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Asia Cross Country Rally 2022 នេះ មាន៩ប្រទេសចូលរួម មាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម តៃវ៉ាន់ ជប៉ុន កូរ៉េ បារាំង និងប្រទេសថៃ។ ជាលទ្ធផលក្រុមប្រណាំងការ៉ាកម្ពុជា ទទួលបានចំណាត់លេខ១ លើប្រភេទរថយន្តសាំង និងលទ្ធផលរថយន្តសរុបទាំងសាំង និងម៉ាស៊ូត គឺ​ក្រុមការ៉ា បានលេខ១១ និង​ក្រុមសាយ៉ាម ប្រូតូថាយ បាន​លេខ១២ ក្នុងចំណោរថយន្តសរុប៣៤គ្រឿង៕

រថយន្តប្រណាំងកំពុងប្រកួត

រថយន្តប្រណាំងកម្ពុជា

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម