ក្រុមភ្នំពេញ​ក្រោន បាន​​ទម្លាក់​​​ ស្វាយរៀង ដើម្បី​ឈរ​នៅ​ទី​តាំង ត្រូវ​ប្រជែង​យកពាន ​ខណៈ​អ្នកចាំទី វិសាខា និង​បឹងកេត សុទ្ធតែ​ត្រូវ​បានបណ្តេញចេញ

កីឡាករភ្នំពេញក្រោន

ក្រុម​សិង្ហ​ក្រហម ភ្នំពេញ​ក្រោន បាន​ឡើង​មក​ឈរ​នៅរៀង​ទី​២ បន្ទាប់ពី​ពួកគេ ដណ្តើម​បានទី​តាំង​នេះ ពី​ក្រុម​ព្រះខ័ន​រាជស្វាយរៀង កាលពី​ថ្ងៃអាទិត្យ ចំណែក​ក្រុម​វិសាខា បាន​បន្ត​យក​ឈ្នះ​ក្រុមបឹងកេត យ៉ាង​ចាស់​ដៃ ដើម្បី​បង្កើន​ភាគ​រយកាន់តែ​ខ្ពស់ ក្នុងការ​ឈ្នះ​ពាន​លីគ​កំពូល​កម្ពុជា ឆ្នាំ​២០២២នេះ ស្រប​ពេល​អ្នកចាំទី ហ៊ុល​ គឹមហុយ និង កែវ សុខសិលា សុទ្ធតែ​ត្រូវ​បាន​បណ្តេញចេញដូចគ្នា។

តាម​រយៈ​ការ​ប្រកួត​ប្រចាំ​សប្តាហ៍ទី​២៥ កាលពី​ម្សិលមិញ​នេះ ក្រុម​​ភ្នំពេញ​ក្រោន ដណ្តើម​បាន​​៣ពិន្ទុពី​ក្រុម​ព្រះខ័នរាជស្វាយរៀង ទាំង​លំបាកបំផុត ដោយ​ពួកគេ​បាន​រង់ចាំ​រហូត​ដល់​នាទីទី​៧២ គឺនៅពេល​ខ្សែ​ប្រយុទ្ធ Fareed Sadat បាន​ស៊ុត​ទម្លុះសំណាញ់ទី​​ក្រុម​ស្វាយរៀង បានស​ម្រេច។

Category Top

កីឡាករស្វាយរៀង

តាម​រយៈការ​ឈ្នះ ១-០ ដ៏មាន​ន័យ​នេះ បានជួយ​​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោន អាចដណ្តើម​បាន​ទី​តាំង​​លេខ​២ ពី​ក្រុម​ព្រះខ័ន​រាជស្វាយរៀង បានស​ម្រេច ដោយ​ក្រុមទាំង​២​នេះ មាន​៤៦ពិន្ទុ​ស្មើ​គ្នា ប៉ុន្តែ ភ្នំពេញ​ក្រោន មាន​ប្រៀប​ជាង ដោយសារ​ការ​ជួបគ្នា​៥​លើក ក្នុង​រដូវ​កាល​នេះ ពួក​គេ​ឈ្នះ​​បាន​ច្រើនជាង។

ជាមួយ​ជ័យជម្នះ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ផងដែរ​ថា ភ្នំពេញ​ក្រោន កំពុង​មាន​ភាគ​រយខ្ពស់​ឡើង​វិញ ក្នុងការ​ប្រជែងយក​ពាន​ជាមួយ​​ក្រុម​វិសាខា ដែ​ល​កំពុង​ឈរ​នៅលេខ​១​នេះ​ស្រាប់ បន្ទាប់ពី​ពួក​គេ បាន​យក​ឈ្នះ​ក្រុម​បឹងកេត ៥-៣ កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ​នោះ ដោយ​ក្រុម​មួយនេះ កំពុងមាន​៤៩ពិន្ទុ ខណៈ​ការ​ប្រកួតនេះ អ្នកចាំទី​របស់​បឹងកេត ត្រូវ​បានបណ្តេញចេញ ដោយការ​ពិន័យកាត​ក្រហម នៅនាទីទី​១៤ ចំណែក​អ្នកចាំទី​របស់​វិសាខា កែវ សុខសិលា ត្រូវបានពិន័យ​កាត​ក្រហមដូចគ្នា នៅនាទីទី​​២២ គឺ​ក្នុង​ពេល វិសាខា នាំមុខ ១-០។

ភ្នំពេញក្រោន

ដោយសារ​ការ​ប្រកួត​លីគកំពូល​កម្ពុជា នៅ​សល់ការ​ប្រកួត​ត្រឹម២​លើក​ទៀត ដូច្នេះ វិសាខា កំពុង​មាន​ភាគ​រយ​ខ្ពស់ជាង​គេ ក្នុងការ​ឈ្នះ​ពាន នៅរដូវ​កាល​នេះ បន្ថែម​ទៅលើការ​ឈ្នះ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០២២ ប៉ុន្តែ​ទាំង​ក្រុម​ភ្នំពេញ​ក្រោន និងស្វាយរៀង សុទ្ធតែ​នៅមាន​ឱកាស​ប្រជែង ដែ​ល​មិនទាន់​អាច​បញ្ជាក់បានច្បាស់នៅ​ឡើយ​ទេ គឺ​មានន័យ​ថា បើ​សិនជា វិសាខា មិនអាច​ដណ្តើម​បានពិន្ទុ​បន្ថែម សម្រាប់ការ​ប្រកួត​២លើក​ចុង​ក្រោយ​នេះ គឺ​ពាន​នេះ អាច​ធ្លាក់ទៅលើ​ក្រុមការពារ​តំណែង​ជើង​ឯក ភ្នំពេញ​ក្រោន ឬ​ក្រុម​ព្រះខ័នរាជស្វាយរៀង ដូចគ្នា៕

ស្វាយរៀង

វិសាខា

ក្រុមបឹងកេត

កីឡាករបឹងកេត

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម