ក្រុមប្រដាល់ឃីក​បុកស៊ីង​កម្ពុជា បានបង្កើត​កំណត់​ត្រា​ថ្មី ចំពោះការ​ឈ្នះ​បានមេដាយមាស ប្រាក់ និងសំរឹទ្ធ ជា​ច្រើន ពីការ​ប្រកួត​ជើងឯក​អាស៊ី

ឃីកបុកស៊ីងកម្ពុជា

ក្រុមកីឡា​ប្រដាល់​ឃីកបុកស៊ីងកម្ពុជា បានរួមគ្នា​ដណ្តើម​បានទាំង​មេដាយមាស ប្រាក់ និងសំរឹទ្ធ ជាច្រើន ពីការប្រកួតប្រដាល់ឃីកបុកស៊ីងជើងឯកអាស៊ី ឆ្នាំ​២០២២ នៅទី​ក្រុងបាងកក ប្រទេស​ថៃ ហើយនេះ​ក៏ជា​កំណត់ត្រា​ថ្មីមួយ សម្រាប់ការ​ចូល​រួមការ​ប្រកួតកម្រិត​អាស៊ី ជាលើក​ដំបូងរបស់ពួកគេ​ផងដែរ។

ជាមួយគ្នា​នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បាន​បង្ហោះសារ​អបអរ ដល់​ក្រុម​កីឡាប្រដាល់​ឃីកបុកស៊ីង សម្រាប់ការ​ឈ្នះ​បានមេដាយ​ជាច្រើន ពីការ​ប្រកួត​ជើងឯក​អាស៊ី នេះ​ផងដែរ ដោយ​ក្នុង​នោះ ក្រុម​ប្រដាល់ឃីកបុកស៊ីងកម្ពុជា ដណ្តើម​បានមេដាយសរុបចំនួន​១២គ្រឿង គឺមេដាយ​មាស២ ប្រាក់៥ និងសំរឹទ្ធ៥ បន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍ប្រដាល់ដ៏ធំប្រចាំតំបន់អាស៊ីនេះ តាំងពីថ្ងៃទី១០ ដល់​ថ្ងៃទី​១៨ ខែធ្នូនេះ។

Category Top

តាម​រយៈការ​ប្រកួតនោះ កីឡាករ សុខ រិទ្ធ ជាអ្នក​ដណ្តើម​បានមេដាយមាស​ទី​១​ឱ្យ​កម្ពុជា បន្ទាប់ពី​រូបគេ​បាន​យកឈ្នះកីឡាករ Muboev Sherali មកពីប្រទេសអ៊ូសបេគីស្ថាន ដោយពិន្ទុ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ចំណែក ឃួន ឡាំងកូស៊ីន បាន​ក្លាយជាកីឡាករទី២ ដែល​ឈ្នះបានមេដាយមាសជូនជាតិ ក្រោយពេល​យកឈ្នះកីឡាករប្រទេសកាហ្សាក់ស្ថាន Duisenov Dulat ដោយពិន្ទុ ក្នុងវិញ្ញាសា Low Kick ប្រភេទទំងន់-៥៧គីឡូក្រាម នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។

ក្រុមកីឡាឃីកបុកស៊ីងកម្ពុជា

ចំពោះ​មេដាយប្រាក់​ទាំង​៥គ្រឿងវិញ គឺ​ដណ្តើម​បានដោយកីឡាករ ឈឿង ល្វៃ, ទិត សោភ័ណ្ឌ (រឿង សោភ័ណ្ឌ) ទូច រ៉ាឆាន់ (បឺត សង្ឃឹម) ប៊ន ពន្លឹក និងកីឡាករ សៃនី សៃណេត។ ចំណែក​មេដាយ​សំរឹទ្ធវិញ មាន​កីឡាការិនី លី លីសាន កីឡាករ វន គឹមចេង, ស៊ន រ៉ាគីម, ម៉េត បូរិន្ទ និងកីឡាករ ភ័ណ្ឌ ចន្ធី (ហៅកូនខ្លា)។

គួរ​បញ្ជាក់ថា សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានបញ្ជួនកីឡាការិនី៣នាក់ និង​កីឡាករ ១៤​នាក់ រួមជាមួយប្រតិភូ គ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស និងក្រុមគ្រូពេទ្យ១១នាក់ ចូលរួមប្រកួតប្រដាល់ឃីកបុកស៊ីងជើងឯកអាស៊ី ២០២២ នៅទីក្រុងបាងកក ប្រទេសថៃនេះ ក្រោម​ការ​ដឹកនាំ​របស់​លោក ហេង សុខឃន ជាប្រធានសហព័ន្ធ ដោយ​ព្រឹត្តិការណ៍នេះ មាន១៨ប្រទេសក្នុងទ្វីបអាស៊ីចូលរួម៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម