ក្រុម​ជម្រើសជាតិ​កម្ពុជា បង្ហាញពីផល​លំបាក មុនប្រកួតជាមួយ​​ម្ចាស់​ផ្ទះ ឥណ្ឌូនេស៊ី នៅថ្ងៃនេះ

កម្ពុជាប្រកួតជាមួយហ្វីលីពីន

បើទោះបីជា ក្រុមជម្រើសជាតិកម្ពុជា បាន​យក​ឈ្នះក្រុមជម្រើសជាតិ​ហ្វីលីពីន ដោយ​លទ្ធផល ៣-២ សម្រាប់ការ​ប្រកួត​បើក​ឆាក​ប្រចាំពូល​A នៃ​ពាន​រង្វាន់ AFF Mitsubishi Electric Cup 2022 នៅពហុកីឡដ្ឋានជាតិ​មរតកតេជោ កាលពី​ថ្ងៃអង្គារ ប៉ុន្តែ​កម្ពុជា បានបង្ហាញ​កង្វល់ និង​ផល​លំបាក​មួយចំនួន សម្រាប់ការ​ជួបក្រុម​ម្ចាស់​ផ្ទះ ឥណ្ឌូនេស៊ី នៅថ្ងៃសុក្រ​នេះ។

គ្រូបង្គោល​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Ryu Hirose បានមើលឃើញ​ថា ការ​ជួបក្រុម​ជម្រើសជាតិ​ឥណ្ឌូនេស៊ី នៅ​កីឡដ្ឋាន Gelora Bung Karno នា​រសៀល​ម៉ោង ៤:៣០ ថ្ងៃ​នេះ ជាការ​ប្រកួត​មួយ ដែល​លំបាក ព្រោះ​កម្ពុជា ហាក់មានការ​នឿយ​ហត់​ច្រើន ចំពោះ​កាលវិភាគ​ប្រកួត​ដ៏មមាញឹក​នេះ។

Category Top

កីឡាករកម្ពុជាហ្វឹកហាត់

លោក Ryu Hirose បាននិយាយ ក្នុង​សន្និសីទកាសែត នៅប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «ទោះបីជា​យើង ត្រៀមខ្លួន​បាន​ល្អ សម្រាប់ការប្រកួត ក្នុងអំឡុង​​ប្រមូល​ផ្តុំនៅកម្ពុជា ប៉ុន្តែ​ដូច​ដែល​យើង​បានដឹងហើយ គឺ​យើង​មានកាលវិភាគ​ដ៏​លំបាក​បំផុតមួយ។ យើង​ទើប​តែមក​ដល់ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ម្សិលមិញ (ថ្ងៃពុធ) ថ្ងៃ​នេះហើយ​ហ្វឹក​ហាត់ ហើយ​នៅថ្ងៃស្អែក (ថ្ងៃសុក្រ​នេះ) យើងត្រូវ​ប្រកួត»។

​ផ្ទុយ​ពីនេះ ក្រុម​ម្ចាស់​ផ្ទះ ​ឥណ្ឌនេស៊ី បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ ព្រោះការ​ជួបក្រុម​កម្ពុជា នៅ​ថ្ងៃសុក្រ​នេះ វាជាការ​ប្រកួត​បើក​ឆាក​របស់ពួកគេ ដែល​ក្រុមម្ចាស់​ផ្ទះ​មួយ​នេះ ស្រេក​ឃ្លាន​ជ័យជម្នះ​ខ្លាំងបំផុត ដើម្បី​ប្រជែង​ដណ្តើម​យក​ចំណាត់​ថ្នាក់លេខ​១​ប្រចាំពូល​Aនេះ ដែល​កំពុ​ង​គ្រប់​គ្រង​ដោយ​ក្រុមជម្រើសជាតិ​ថៃ បន្ទាប់ពី​ក្រុមនេះ បាន​លត់​ក្រុម​ប្រ៊ុយណេ ៥-០ កាលពី​ថ្ងៃអង្គារ កន្លងមកនេះ​ដែរ។

ក្រុមកីឡាករកម្ពុជា

ទន្ទឹម​ជាមួយនេះ​លោក Ryu Hirose បាន​មើល​ឃើញ​ថា ឥណ្ឌូនេស៊ី ជា​ក្រុមខ្លាំង​មួយ ដែលមានកីឡាករ​ល្អៗ​ច្រើន ហើយតាមប្រវត្តិជួបគ្នាជា​ច្រើន​លើក​ កន្លងមក កម្ពុជា មិន​ធ្លាប់​ឈ្នះ​ឥណ្ឌូនេស៊ី ម្តង​ណា​ឡើយ។ លោក​បានបញ្ជាក់ថា៖​«ឥណ្ឌូនេស៊ី ជា​ក្រុម​មួយ ដែល​លេង​បានល្អ មាន​កីឡាករលេងនៅ​ក្រៅស្រុក​ល្អៗ​ច្រើន ដូច្នេះ​យើង​នឹង​លេង​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ នៅថ្ងៃស្អែក»៕

លោក ហុង ដា

ការហ្វឹកហាត់របស់កីឡាករកម្ពុជា

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម