ក្រុម​គោព្រៃកម្ពុជា ដាក់គោលដៅ​ រក​គ្រាប់បាល់​ឱ្យបានច្រើន សម្រាប់ការជួប ប្រ៊ុយណេ នៅ​ថ្ងៃ​នេះ

ក្រុមកម្ពុជា

គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា លោក Ryu Hirose បាន​អះអាង​ថា ការ​ជួប​ក្រុមជម្រើសជាតិប្រ៊ុយណេ ក្នុងការ​ប្រកួត​ពាន​រង្វាន់ AFF Mitsubishi Electric Cup 2022 នៅពហុកីឡដ្ឋានជាតិ​មរតកតេជោ នា​រសៀលម៉ោង​៥ ថ្ងៃព្រហស្បតិ៍ គឺ​កម្ពុជា ត្រូវ​រក​គ្រាប់បាល់​ឱ្យបានច្រើន ដើម្បីប្រជែងឈរ​នៅលើ​កំពូល​តារាង ជាមួយ​ក្រុម​ផ្សេងៗ​ទៀត ជាពិសេស​ក្រុម​ថៃ និង​ឥណ្ឌូនេស៊ី ដែលកំពុង​មាន​៦ពិន្ទុស្មើ​គ្នា។

លោក Ryu Hirose បានថ្លែង ក្នុងសន្និសីទកាសែត កាលពី​ម្សិលមិញ​ថា៖ «អ្វីដែលសំខាន់បំផុត សម្រាប់ការ​ប្រកួត​លើកនេះ គឺការ​ទទួលបាន​ពិន្ទុ​ទល់នឹង​ក្រុម​ប្រ៊ុយណេ ម្យ៉ាង​ទៀត យើងនឹង​ព្យាយាម​រក​គ្រាប់បាល់​ឱ្យច្រើន តាម​ដែលអាច​ធ្វើ​ទៅបាន ដើម្បីប្រជែង​ឈរ​នៅលើ​កំពូលតារាង​ជាមួយក្រុម​ផ្សេងៗ​ទៀត ប៉ុន្តែ​យើង​ដឹង​ថា ប្រ៊ុយណេ ជាក្រុម​ដែលខិតខំ​ប្រឹងប្រែង​លេង​ខ្លាំង ដូច្នេះយើង​នឹង​ព្យាយាម​ធ្វើ​ឱ្យបានល្អបំផុត សម្រាប់​ក្រុម​យើង»។

Category Top

ក្រុមកម្ពុជាហ្វឹកហាត់

ការ​ហ៊ានដាក់គោលដៅ​ខ្ពស់បែបនេះ​របស់​ក្រុមម្ចាស់​ផ្ទះកម្ពុជា ក៏​ព្រោះតែប្រ៊ុយណេ បាន​ក្លាយជា​ក្រុមរងគ្រោះ​ប្រចាំពូល​Aនេះ​ទៅ​ហើយ បន្ទាប់ពីពួកគេ​បានចាញ់​ក្រុម​ថៃ ៥-០ ចាញ់ ហ្វីលីពីន ៥-១ និងចាញ់​ក្រុម​ឥណ្ឌូនេស៊ី ៧-០ ដែល​លទ្ធផល​ដ៏អាក្រក់នេះ បានធ្វើ​ឱ្យ ប្រ៊ុយណេ ធ្លាក់​ចេញពីការ​ប្រកួតនេះ ដោយស្វ័យប្រវត្តិ​ហើយ។

ផ្ទុយពីនេះ​ក្រុមកម្ពុជា ដែលបាន​យក​ឈ្នះក្រុមហ្វីលីពីន ៣-២ ក្នុងទឹក​ដីខ្លួនឯង តែ​បានទៅចាញ់​ក្រុម​ម្ចាស់​ផ្ទះ​ ឥណ្ឌូនេស៊ី ២-១ គឺនៅ​មានឱកាស​ប្រជែង​យកកៅអី ឡើងទៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយការរក​គ្រាប់បាល់​ឱ្យ​បានច្រើន ជាជម្រើស​តែមួយគាត់ សម្រាប់​កម្ពុជា ដែល​ពួកគេ​ត្រូវ​ធ្វើឱ្យ​បាន ទើប​នៅមានសង្ឃឹម​ប្រជែងយកឱកាស​ឡើង​ទៅវគ្គបន្ត ពេល​ពួកគេ ត្រូវប្រឈមជាមួយក្រុម​ថៃ ក្នុងការ​ប្រកួតជម្រុះ​ចុងក្រោយ នា​ថ្ងៃទី​២ ខែមករា។

ក្រុមជម្រើសជាតិកម្ពុជា

ជាមួយគ្នា​នេះ លោក Mario Rivera គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​ប្រ៊ុយណេ បាន​និយាយថា៖ «សម្រាប់ការ​ប្រកួតនេះ ជា​ការ​ប្រកួត​ដ៏តានតឹងមួយ សម្រាប់ពួកយើង ព្រោះ​កម្ពុជា ជា​ក្រុមខ្លាំង។ យើងកំពុងបន្តការ​កែលម្អក្រុម​របស់​យើង នៅរាល់គ្រប់​ការ​ប្រកួត ដើម្បី​ឱ្យ​ទទួល​បានលទ្ធផល​ល្អ​បំផុត​ដូចពីមុន ហើយ​វាជាអាទិភាព​ក្នុងក្រុមរបស់​យើង។ យើងនឹង​ព្យាយាម​ឱ្យអស់ពី​សមត្ថ​ភាព ដើម្បី​ទទួល​បាន​អ្វីមួយ សម្រាប់ការ​ប្រកួត​លើក​នេះ»។

ដោយឡែក​ក្រុមឥណ្ឌូនេស៊ី នឹងត្រូវស្វាគមន៍ក្រុម​ជម្រើសជាតិ​ថៃ នៅលើទឹក​ដី​របស់ពួកគេ នា​រសៀល​ថ្ងៃព្រហស្បតិ៍នេះ​ដែរ ហើយនេះជាការ​ប្រកួត​ដ៏​សំខាន់ សម្រាប់​ក្រុមទាំង​២ ក្នុងការ​ប្រជែង​យក​លេខ​១​ប្រចាំពូល​Aនេះ ព្រោះ​២​ប្រកួត​កន្លង​មកនេះ ក្រុមទាំង​២នេះ បានឈ្នះ​ទាំង​២​ប្រកួត និង​មាន​៦ពិន្ទុ​ស្មើ​គ្នា៕

កីឡាករ សៀង ចន្ធា

ក្រុមជម្រើសជាតិប្រ៊ុយណេ

ក្រុមប្រ៊ុយណេ

សន្និសិទសារព័ត៌មាន

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម