​​ក្រុម​កីឡាតេក្វាន់ដូ អាច​នឹង​កាន់តែខ្លាំង ក្រោយ​ទទួល​បានការ​លើក​ទឹក​ចិត្តពី​លោក ហង់ជួន ណារ៉ុន

លោក ហង់ ជួនណារ៉ុន

ការស្រែកអបអរ ពោរពេញ​ដោយ​កម្លាំង​ចិត្ត​របស់​ក្រុមកីឡាករ កីឡាការិនី​តេក្វាន់ដូ (WT) វាហាក់បង្ហាញ​ថា ពួកគេ បាន​នឹង​កំពុង​ប្រឹង​ប្រែង​ព្យាយាម​ ដោយ​ភាពប្រាកដ​ប្រជា ក្នុងការ​ឈាន​ទៅ​សម្រេចគោលដៅ​រួម​របស់​ខេមរសហព័ន្ធ​តេក្វាន់ដូ គឺ​ការ​ដណ្តើម​ឱ្យ​បានមេដាយមាស ក្នុងការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់​ផ្ទះ។

តាមពិត​ទៅ សម្រាប់ការ​ប្រកួត​ស៊ីហ្គេម ៣លើក​ចុង​ក្រោយនេះ ក្រុម​តេក្វាន់ដូ (WT) តែង​តែដណ្តើមបានមេដាយមាស​ចំនួន១ ជូន​ជាតិ​ជា​និច្ច ប៉ុន្តែ​សម្រាប់ការ​ប្រកួតស៊ីហ្គេម ឆ្នាំ​២០២៣ នៅលើ​ទឹក​ដីខ្លួនឯង​នេះ ខេមរសហព័ន្ធ​តេក្វាន់ដូ ត្រូវបានគណៈកម្មាធិការជាតិ CAMSOC ដាក់សម្ទុះ ត្រូវដណ្តើម​មេដាយមាស​ឱ្យ​បានច្រើនជាង​នេះ។

Category Top

ក្រុមតៃក្វាន់ដូ

ជាមួយគ្នា​នេះ លោក​រដ្ឋមន្រ្តី ហង់ជួន ណារ៉ុន ជា​ប្រធាន​ខេមរសហព័ន្ធ​តេក្វាន់​ដូ ​បាន​ជំរុញ និង​លើក​ទឹក​ចិត្ត ឱ្យ​គ្រប់​ផ្នែក​ទាំងអស់ ជាពិសេស​កីឡាករ កីឡាការិនីទាំង​អ្នក​ដណ្តើម​បានជយលាភី និ​ង​អ្នក​មិន​បាន​មេដាយ នៅ​ក្នុង​ការ​ប្រកួត​កីឡាជាតិ លើក​ទី​៣​នេះ ត្រូវ​ខំប្រឹង​ហ្វឹកហាត់​ ពង្រឹង​សមត្ថ​ភាព និងបច្ចេក​ទេសថែម​ទៀត ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ នៃ​ការដណ្តើម​យក​មេដាយមាស​នេះ។

រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន បាន​ថ្លែងនៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡាការ៉ាតេ ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ កាលពី​ព្រឹក​ថ្ងៃអាទិត្យនេះ​ថា៖ «ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឱ្យ​កីឡាករ កីឡាការិនី​​ទាំងអស់ ខិតខំ​ហ្វឹក​ហាត់​បន្ថែម​ទៀត ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ទទួល​យក​មេដាយ​ និង​ទទួល​បានជោគ​ជ័យ​ នៅ​ក្នុងការ​ប្រកួត​​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣»។

ជ័យលាភីតេក្វាន់ដូ

ជាមួយការជំរុញ និង​​លើកទឹក​ចិត្ត​​របស់​លោក​រដ្ឋមន្រ្តី ហង់ជួន ណារ៉ុន នេះ គឺបាន​ធ្វើ​ឱ្យ​​កីឡាករ កីឡាការិនី​តេក្វាន់ដូ (WT) ទាំងអស់ បាននាំ​គ្នា​ស្រែក​អបអរ​តប​ទៅកាន់​លោក ហង់ជួន ណារ៉ុន វិញ ​ប្រកប​ដោយភាព​ជឿជាក់ ដែល​បង្ហាញ​​ថា ពួក​គេ នឹង​អាច​រួម​គ្នា ដើម្បី​សម្រេច​គោលដៅនេះ​បាន។

តាម​របាយការណ៍​របស់​លោក ជ្រិន សុធា អគ្គលេខាធិការ​ខេមរសហព័ន្ធ​តេក្វាន់ដូ បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡាជាតិ​ លើកទី​៣ ឆ្នាំ​២០២២ លើ​ប្រភេទ​កីឡាតេក្វាន់ដូ (WT) នេះ​ មាន​ប្រតិភូ​កីឡា​ តំណាង​ឱ្យ​ក្រសួង​-មន្ទីរ យុវជន និង​រាជធានី​-ខេត្ត ចូល​រួមចំ​នួន​១៤ ស្មើ​នឹង​១៣៣​នាក់ ដោយ​អ្នកទាំង​នេះ បាន​ប្រកួត​ប្រជែង​គ្នា នៅលើ​វិញ្ញាសា​សរុបចំនួន​២០។

ក្រុមកីឡាករ កីឡាការិនី

ជាលទ្ធផលនៃ​ការ​ប្រកួត​​ចំនួន​៤​ថ្ងៃ​នេះ ក្រុម​កីឡាករ កីឡាការិនី​លេង​ឱ្យក្រសួង​មហាផ្ទៃ ដណ្តើម​បានមេដាយ​មាស​ច្រើនជាង​គេ ដើម្បី​ឈរ​នៅចំណាត់ថ្នាក់លេខ​១ គឺ​ពួកគេ​ឈ្នះ​បានមេដាយ​មាស​១០ ប្រាក់​១ សំរឹទ្ធ​១ រីឯ​​ក្រុម​ក្រសួង​ការពារជាតិ បាន​ឈ្នះ​មេដាយមាស​៣ ប្រាក់​៥ និងសំរឹទ្ធ​២ ដោយ​ឈរ​នៅលេខ​២ ហើយ​ក្រុម​អត្តពលិក​មកពី​ខេត្តបាត់ដំបង ឈរ​នៅលេខ​៣ ដោយ​ឈ្នះ​បានមេដាយមាស​២ ប្រាក់​៣ និង​សំរឹទ្ធ​៣។

ចំណែក​ក្រុម​កីឡាករ កីឡាការិនី​របស់​ខេត្តកំពង់ចាម បាន​ឈរ​នៅលេខ​៤ ដោយ​​ឈ្នះ​បាន​មេដាយមាស​២ ប្រាក់១ សំរឹទ្ធ​៤ ហើយតាមពី​ក្រោយ​ដោយ​ ខេត្ត​ព្រៃវែង ដែល​ឈ្នះ​បានមេដាយមាស​២ ប្រាក់​១ សំរឹទ្ធ​២ ខេត្តប៉ៃលិន ឈ្នះ​បានមាស​១ សំរឹទ្ធ​១ ខេត្ត​បន្ទាយមានជ័យ  បាន​មេដាយ​ប្រាក់​៣ សំរឹទ្ធ​៤ ខេត្ត​សៀម​រាប បាន​ប្រាក់​៣​ សំរឹទ្ធ​៣ រាជធានី​ភ្នំពេញ បាន​ប្រាក់​១ សំរឹទ្ធ​៦ ខេត្ត​ត្បូង​ឃ្មុំ និង​ខេត្តកំពត បាន​មេដាយប្រាក់​១ ដូចគ្នា ខេត្តកណ្តាល បាន​មេដាយ​សំរឹទ្ធ​៣ និង​ខេត្ត​រតនគិរី បានមេដាយ​សំរឹទ្ធ​១ ប៉ុន្តែ​ក្រុមអត្តពលិក​មក​ពី​ខេត្ត​មណ្ឌល​គិរី ដណ្តើម​មិន​បានមេដាយ​នោះ​ទេ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម