ក្រុម​កីឡាកាយសម្ព័ន្ធ ទទួលបាន​ប្រាក់រង្វាន់​សរុប​២៣៦លាន​រៀល ពីការ​ឈ្នះ​មេដាយជើងឯក​អាស៊ី

ក្រុមជយលាភីឈ្នះមេដាយជូនជាតិ

រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងអប់រំ យុវជន និងកីឡា បាន​នាំយក​ទឹក​ប្រាក់​រង្វាន់​ចំនួន​២៣៦​លាន​រៀល យក​មកប្រគល់​ជូន​ដល់​ក្រុមកីឡា​កាយសម្ព័ន្ធ​កម្ពុជា ដែល​ពួកគេ ទើប​ដណ្តើម​បាន​មេដាយ​ប្រាក់ និងសំរឹទ្ធ​ជូនជាតិ សម្រាប់ការ​ប្រកួត​​កីឡាកាយ​សម្ព័ន្ធ​អាអេរ៉ូប៊ិក​ជើងឯកអាស៊ី លើកទី៧ (Aerobic Gymnastics Asian Championship 2022) នៅ​ខេត្តប៉ាតាយ៉ា ប្រទេសថៃ កាលពី​ថ្មីៗ​នេះ។

ពិធីប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាលនេះ បានធ្វើឡើងនៅ​ទីស្នាក់ការ​គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា (NOCC) កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ក្រោមវត្តមាន​របស់លោកវ៉ាត់ ចំរើន ជាតំណាង​ឱ្យ​លោក​បណ្ឌិត ថោង ខុន ប្រធាន NOCC និងជា​ប្រធាន​សហព័ន្ធ​កីឡាកាយ​សម្ព័ន្ធ​កម្ពុជា ព្រម​ទាំងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​កីឡាតំណាងឱ្យ​​លោក​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

Category Top

លោក អ៊ុក សិទ្ធិជាតិ

តាមរបាយការណ៍លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បានឱ្យ​ដឹងថា ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជើងឯកអាស៊ី លើកទី៧ កាលពីថ្ងៃទី​៣១ ខែសីហា ដល់​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២២នេះ  សហព័ន្ធ បានបញ្ចូនប្រតិភូកីឡា​កាយសម្ព័ន្ធ​១៨នាក់ចូលរួម ក្រោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោក​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ជាតិ ទៀ បាញ់ ជាប្រធាន CAMSOC និង​លោក​បណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អ​ប់រំ យុវជន និង​កីឡា។

ជាលទ្ធផលនៃ​ការ​ប្រកួត​នោះ ក្រុម​កាយសម្ព័ន្ធ​កម្ពុជាដណ្ដើមបានមេដាយប្រាក់​២ និង​សំរឹទ្ធ​១ លើ​ការ​ប្រកួត​​​៣វិញ្ញាសា​ផ្សេង​គ្នា ដោយ​ក្នុង​នោះ​​មេដាយ​ប្រាក់​ទី១ ដណ្ដើម​បាន​លើ​វិញ្ញាសាគូ ​របស់​កីឡាករ ស្រ៊ាន វួចទ្រី និងកីឡាការិនី ឈួន ស្រីនាត រីឯ​មេដាយប្រាក់ទី២ ដណ្តើម​បាន​លើ​វិញ្ញាសាអាអេរ៉ូប៊ិកជាក្រុម៥នាក់ រួម​មានកីឡាការិនី ឌឹម អ៊នធីតា, សួស ស្រីពៅ, ឈួន សុវណ្ណបញ្ញា, ស៊ីវ ចន្ថា និងកីឡាការិនី ណេម សុខហេង ស្មើនឹងមេដាយប្រាក់ ៥គ្រឿង។

លោក វ៉ាត់ ចំរើន

ចំណែក​មេដាយសំរឹទ្ធ​១ទៀត​ ដណ្ដើមបានលើវិញ្ញាសាទ្រីយ៉ូជាក្រុម (សម្ដែង៣នាក់) ​របស់​កីឡាករ ស្រ៊ាន វួចទ្រី, កីឡាការិនី ច្រឹង ចាន់ត្រា និងកីឡាការិនី ឈួន ស្រីនាត ​ហើយ​តាម​គោលការណ៍សម្រាប់ការប្រកួតក្របខណ្ឌជើងឯកអាស៊ីនេះ រាជរដ្ឋាភិបាល បាន​សម្រេច​ផ្ដល់​ប្រាក់​​រង្វាន់លើកទឹកចិត្ត ដល់ម្ចាស់មេដាយប្រាក់ក្នុង១គ្រឿង ចំនួន​២០លានរៀល និង​​មេដាយ​សំរឹទ្ធ​​១គ្រឿង ចំនួន ១៦លានរៀល។

ចំពោះ​គ្រូបង្វឹក ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត១០០ភាគ​រយ ស្មើនឹង​មេដាយ​ខ្ពស់​បំផុត​​របស់កីឡាករកីឡាការិនី និងគ្រូជំនួយ ទទួលបាន៧០ភាគ​រយ នៃ​មេដាយ​របស់​កីឡាករ កីឡាការិនី ទទួល​បាន​ផងដែរ ដូច្នេះប្រាក់រង្វាន់ ដែល​រាជ​រដ្ឋាភិ​បាល​ផ្តល់​ជូនដល់​ម្ចាស់​ជយលាភី​កីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជើងឯកអាស៊ី លើកទី៧ ខាងលើ មានចំនួនសរុប ២៣៦​លាន​រៀល៕

លោក វ៉ាត់ ចំរើន ចែករង្វាន់ដល់ជយលាភី

លោក វ៉ាត ចំរើន

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម