ក្រុម​ការ​ពារ​ជើង​​ឯក​បារាំង ជួប​ការ​ខក​ចិត្ត ខណៈ​បញ្ហា​រ​បួស ធ្វើ​ឲ្យ Benzema អវត្តមានក្នុង World Cup

Karim Benzema

ក្តី​សង្ឃឹម​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង ក្នុងការ​ការ​ពារ​ពាន World Cup ប្រកប​ដោយភាព​ជោគ​ជ័យ បាន​ប្រឈម​នឹង​វិបត្តិ​ដ៏ខក​ចិត្តមួយ កាលពីល្ងាច​ថ្ងៃ​សៅរ៍ ស្រប​ពេល​​ពេល​ដែលខ្សែ​ប្រយុទ្ធ Karim Benzema ដែល​ជាម្ចាស់​ពាន Ballon d’Or ត្រូវ​បាន​ប្រកាស​ថា អវត្តមាន​ក្នុង​ប្រទេស​កា​តា ដោយ​សារ​តែ​បញ្ហារ​បួស​ភ្លៅ​ឆ្វេង​។

ខ្សែ​ប្រយុទ្ធ​របស់​​ក្លិប Real Madrid វ័យ​៣៤​ឆ្នាំ​​រូបនេះ មាន​​​បញ្ហា​របួស​ភ្លៅ​ឆ្វេង​របស់​គេ​ជា​ញឹក​ញាប់ នៅឆ្នាំនេះ និង​បាន​ចូល​លេង​ក្នុង​រយៈពេលតិច​ជាង​១​ម៉ោង ក្នុង​ការ​ប្រកួត​៦លើក​ចុងក្រោយ​​របស់ Real នៅមុន​ពេល World Cup​។ កាលពីថ្ងៃ​សៅរ៍ រូប​គេបាន​ចូល​រួម​ក្នុងការ​ហ្វឹកហាត់​ជាលើក​ដំបូង បើ​គិត​ចាប់​​តាំងពី​ក្រុម​ម្ចាស់​ជើង​​ឯក World Cup មួយនេះ បាន​ប្រមូល​ក្រុម​កាលពីសប្តាហ៍មុន នៅមុន​ពេលយុទ្ធនាការ​នេះ​។

Category Top

Benzema

រូប​គេ​ត្រូវ​បង្ខំ​ចិត្ត​ដកខ្លួន​ចេញពី​ការ​ហ្វឹកហាត់ នៅ​ប្រទេស​កាតា ដោយ​សារ​តែ​របួស និង​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​​ទទួល​ការ​ពិនិត្យ​។ សហ​ព័ន្ធ​កីឡា​បាល់ទាត់​បារាំង បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែ​ងការណ៍​មួយ​ថា បញ្ហា​របួសនេះ នឹង​ត្រូវ​តម្រូវ​ឲ្យ​សម្រាក​រយៈពេល​៣​សប្តាហ៍ ដែលមានន័យ​ថា រូប​គេមិនអាច​រឹង​មាំ​ទាន់​ពេល​សម្រាប់​យុទ្ធនា​ការ​នេះ ដែលនឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឡើយ​។​ លោក Didier Deschamps ត្រូវ​បាន​ដក​ស្រង់​សម្តី​ក្នុងពេល​និយាយ​ក្នុង​សេចក្តី​ប្រកាស​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​បារាំង ថា៖ «ខ្ញុំ​ពិត​​ជា​ស្តាយ​ចំពោះ Karim ខណៈ​ដែល World Cup នេះ​គឺ​ជា​គោល​ដៅ​ដ៏ចម្បង​របស់​គេ​»​។

បារាំង នឹង​ត្រូវ​ចាប់​ផ្តើម​ការ​ពារ​ពាន​របស់​ខ្លួន នៅ​ថ្ងៃ​អង្គារ នៅពេលដែលពួកគេ​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អូស្ត្រាលី ក្នុង​ទីក្រុង Al Wakrah​​។ ពួកគេ​ក៏​នឹង​ត្រូវ​ប្រកួត​ជាមួយនឹង​​ក្រុម​ជម្រើស​ជាតិ​ដា​ណឺម៉ាក និង​ទុយនីស៊ី ក្នុងពូល D ផងដែរ ខណៈ​ដែល​ពួក​គេ​សម្លឹង​រក​ការ​ក្លាយ​ជាក្រុម​ដំបូង​គេ បើ​គិត​ចាប់​តាំងពីប្រេស៊ីល ធ្វើ​បានក្នុងឆ្នាំ​១៩៦២ ក្នុងការ​ការ​ពារ​ពាន World Cup យ៉ាង​ជោគ​ជ័យ​៕

ប្រភព​ព័ត៌​មាន៖ AFP

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម