កុំភ្លេចយប់នេះ នឹងមានរៀបចំដង្ហែក្បួនយ៉ាងធំ ដើម្បីអបអរដល់ «គុនល្បុក្កតោ» បានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ

ព្រឹត្តិការណ៍កីឡាជាតិ

ពិធីដង្ហែដ៏ធំមួយ នឹងត្រូវរៀបចំឡើង នៅក្នុងពិធីបិទការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រលប់ថ្ងៃពុធនេះ ដើម្បីអបអរសាទរដល់ «គុនល្បុក្កតោ» របស់កម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការចុះបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាទីក្រុងរ៉ាបាត ប្រទេសម៉ារុក។

តាមកម្មវិធីបិទការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្បួនដង្ហែអបអរ «គុនល្បុក្កតោ» ចុះបញ្ជីបេតិកភណ្ឌអរូបិនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នឹងត្រូវធ្វើឡើង នៅចន្លោះម៉ោង ៦:៣០ ទៅម៉ោង៧ យប់ថ្ងៃពុធនេះ គឺបន្ទាប់ពីសន្ទរកថាបិទការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

Category Top

កាំជ្រួចក្នុងកីឡាជាតិ
ជាមួយគ្នានេះ ក៏មានការអុជកាំជ្រួច និងមានការបង្ហាញពីទស្សនីយភាពជាច្រើនទៀត ដើម្បីអបអរសាទរ ដល់ «គុនល្បុក្កតោ» ដែលបានចុះក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះ នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូ នៅប្រទេសម៉ារុក កាលពីម្សិលមិញនេះ ផងដែរ ហើយនេះជាមហាជោគជ័យដ៏ធំបំផុត សម្រាប់ប្រទេសកម្ពុជា ដែលបានព្យាយាមអស់រយៈពេលច្រើនឆ្នាំមកហើយ ក្នុងការបំពេញការងារជាតិ ដ៏សំខាន់មួយនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាស្ថាបនិកដ៏សំខាន់ម្នាក់ ដែលបានជួយជ្រោមជ្រែងជួយ ក្នុងដាក់ គុនល្បុក្កតោ ទៅកាន់អង្គការយូណេស្កូនេះ បានថ្លែងថា ក្នុងនាមអតីតកីឡាករជម្រើសជាតិនៃកីឡាអូឡាំពិកម្នាក់ ក៏ដូចជាថ្នាក់ដឹកនាំសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងជាសកម្មជននៃការរៀបចំគុនល្បុក្កតោ និងក៏ជាស្ថាបនិកម្នាក់ លោកសូមអបអរសាទរ និងមានក្ដីសោមនស្សរំភើបរីករាយយ៉ាងខ្លាំង ចំពោះការដាក់បញ្ចូល គុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ នៃអង្គការ UNESCO នៅពេលនេះ។

មហាព្រឹត្តិការណ៍ក្នុងកីឡាជាតិ

អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «យើងបានសម្រេចជាស្ថាពរ ក្នុងការដាក់គុនល្បុក្កតោ ចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃពិភពលោកហើយ ដូច្នេះនេះជាការអបអរសាទរសម្រាប់ការព្យាយាមរបស់កម្ពុជា។ យើងបានព្យាយាម និងខិតខំធ្វើការងារនេះ អស់រយៈជាច្រើនឆ្នាំ ហើយពេលនេះព្រលឹងរបស់ដូនតាយើង បានកក្រើកឡើងវិញហើយ និងបានឈានដល់កម្រិតនៃការដាក់ឱ្យមានការថែរក្សានៅលើពិភពលោក»។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ការចុះបញ្ជី គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ គឺជាជោគជ័យនិងមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមនឹងបាត់បង់។

ការសំដែងគុនល្បុកតោ

ក្រសួងបានបញ្ជាក់ថា ៖ «ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាសក្ខីភាពបង្ហាញច្បាស់ពីការស្រឡាញ់ ការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រ និងសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា និងអ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍ សាលាគុន គ្រូនិងសិស្សគុនល្បុក្កតោ ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមបណ្តារាជធានី-ខេត្តនានា នៅក្នុងកម្ពុជា»។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់សាធារណជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយបន្តចូលរួម ថែរក្សាការពារ និងលើកតម្កើងតម្លៃមរតកវប្បធម៌ជាតិឲ្យសម្រេចបានជោគជ័យ និងល្បីរន្ទឺសុះសាយតទៅមុខជានិរន្តរ៍។ ក្រសួងបានសង្កត់ធ្ងន់ថា ៖ «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។

ចំណែកលោក វ៉ាត់ ចំរើន បានប្រាប់បន្ថែមថា៖ «គុនល្បុក្កតោ ជាសម្បត្តិរបស់បុព្វបុរសខ្មែរ និងរបស់ប្រជាពលរដ្ឋខ្មែរទាំងជាង១៦លាននាក់ និងរបស់ប្រជាជនខ្មែរនៅជំនាន់ក្រោយៗរាប់លានទៀត ត្រូវថែរក្សាកេរ្តិ៍មរតកនេះ ហើយក៏ទុកឱ្យពិភពលោក និងមនុស្សជាតិទាំងអស់ ចូលរួមថែរក្សាថែមទៀត។ ដូច្នេះ ការដាក់បញ្ចូលនេះ មានតម្លៃជាសាកលសម្រាប់កម្ពុជាយើងថែរក្សានូវក្បាច់គុនព្រលឹងជាតិ ឬក៏យើងហៅ ថែរក្សានូវមរតកដូនតាអង្គររបស់យើង»៕
«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម